spot_img
spot_img
Homeទូទៅទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ

ទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ

-

ក្នុង​នាមជាមនុស្ស​ម្នាក់​ មិនថា​នៅក្នុងសង្គម​ នៅក្នុង​ស្ថាប័នណាមួយ ឬនៅក្នុងក្រុមណាមួយនោះទេ ទាំងអស់គ្នាមិនគួរប្រកាន់គោលជំហរ​មិនរវីរល់ ឬមិន​ជួយយកអាសារគ្នា​ឡើយ។ យើងគួរតែមានគោលជំហរ​ចេះជួយគ្នា និង​ចេះជួយ​យកអាសារ​អ្នកដទៃ ហើយយើងគួរមានគោលជំហរមួយថា ​ទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ។

មានរឿងនិទានមួយ​បានដំណាលថា កសិករ​ម្នាក់បានដាក់អង្គុបចាប់កណ្តុរ​នៅក្បែរជម្រុកស្រូវ។ សត្វកណ្តុរឃើញ​ដូចនេះ​ក៏ប្រាប់ទៅមេមាន់។​ នៅពេលដែលឮដូចនេះ មេមាន់ក៏ស្រែកថា៖ “​រឿងនឹងវាគ្មានទាក់ទងអីនឹងយើងទេ រឿងនេះគឺជារឿងរបស់ឯងទេតើ! អញ្ចឹងប្រយ័ត្នខ្លួនឯងឱ្យល្អទៅ!” និយាយចប់ មេមាន់ក៏ដើរចេញទៅបាត់!

បន្ទាប់មក​កូនកណ្តុរនោះក៏រត់ទៅប្រាប់លោកបងជ្រូក។ ហើយលោកជ្រូកកន្ធាត់នោះក៏ឆ្លើយតបថា៖ “​រឿងរបស់ឯងទេ មិនចាំបាច់មកប្រាប់យើងទេ ប្រយ័ត្ន​ខ្លួនឯង​ឱ្យល្អទៅអាវ៉ា!” ស្រែករួចក៏ដើរ​ចេញទៅបាត់!

មិនទាន់អស់ចិត្ត កូនកណ្តុរ​ក៏បន្ត​រត់ទៅប្រាប់សត្វគោទៀត​​ តែត្រូវបាន​សត្វគោនោះតបដោយចំអកថា៖ “តាំងពីកើតមក ឯងធ្លាប់ឃើញ​អង្គុបចាប់កណ្តុរ​អាច​សម្លាប់​គោណាមួយ​បានដែរឬទេ? ជូនពរឱ្យឯងសំណាងល្អចុះ!” និយាយចប់ គោនោះក៏ដើរ​យ៉ាងក្អេងក្អាងចេញទៅបាត់ទៅ។

ក្រោយមក មានថ្ងៃមួយ អង្គុបចាប់កណ្តុរ​នោះ​ក៏ចាប់បាន​ពស់មានពិស​មួយក្បាល។ នៅពេលយប់ ប្រពន្ធកសិករដែលដាក់អង្គុបនោះដើរចូលទៅយកស្រូវនៅក្បែរនោះ ដោយមិនប្រយ័ត្ន និងមិនចាប់ភ្លឹកថាមានពស់ ក៏ត្រូវបានពស់នោះចិក ហើយត្រូវបានបញ្ចូន​ទៅមន្ទីរពេទ្យព្យាបាល។

ដោយឃើញ​ប្រពន្ធ​ត្រូវពស់ចិក និងមានសុខភាពខ្សោយ កសិករនោះក៏បានកាប់មាន់ដើម្បីធ្វើស៊ុបប៉ូវសុខភាព​ប្រពន្ធរបស់ខ្លួន។​

បន្ទាប់​ពីចេញ​ពីមន្ទីរពេទ្យវិញ ញាតិ​មិត្តបងប្អូន​ក៏បានមកសួរសុខទុក្ខ ហើយដើម្បី​ទទួលភ្ញៀវ កសិករ​នោះក៏សម្រេចចិត្ត​កាប់ជ្រូក​របស់ខ្លួន​ដើម្បី​ធ្វើជាអាហារទទួលភ្ញៀវ។

រីឯសត្វគោ​ក៏មិនរួចខ្លួនដែរ ព្រោះដោយសារតែ​ចំណាយលុយអស់ច្រើនក្នុងការព្យាបាលប្រពន្ធ កសិករនោះក៏សម្រេចចិត្ត​លក់គោ​មួយ​ក្បាលនោះទៅកសិដ្ឋានកាប់គោយកសាច់ដើម្បីយកប្រាក់មកដោះទាល់ជីវភាព។

បន្ទាប់ពីបានអានរឿងនេះហើយ អ្នកយល់យ៉ាងណា? ក្នុងសង្គម ក្នុងស្ថាប័នក្រុមហ៊ុន ក្នុងក្រុម សុទ្ធតែអាច​មានរឿងស្រដៀងគ្នានេះកើតឡើង ហើយ​មនុស្ស​មិនតិចទេដែលព្យាយាម​មិនខ្វល់ខ្វាយ​ពីអ្នកដទៃ​ទោះបីជាគេអាចជួយបានក៏ដោយ ដោយប្រកាន់យកគោលជំហរ​សក់អ្នកណាក្បាលអ្នកហ្នឹង។ តែចូរចាំថា រឿង​ដែលអ្នកមិនរវីរវល់ពេលនេះ អាចជះឥទ្ធិពលអវិជ្ជមាន​ដល់អ្នកនៅពេលណាមួយ ប្រៀបដូចជា​ការ​ដួលរលំនៃគ្រាប់ដូមីណូដែលដំរៀបជួរគ្នាអញ្ចឹង។

ក្នុង​នាមជាមនុស្ស​ម្នាក់​ មិនថា​នៅក្នុងសង្គម​ នៅក្នុង​ស្ថាប័នណាមួយ ឬនៅក្នុងក្រុមណាមួយនោះទេ ទាំងអស់គ្នាមិនគួរប្រកាន់គោលជំហរ​មិនរវីរល់ ឬមិន​ជួយយកអាសារគ្នា​ឡើយ។ យើងគួរតែមានគោលជំហរ​ចេះជួយគ្នា និង​ចេះជួយ​យកអាសារ​អ្នកដទៃ ហើយយើងគួរមានគោលជំហរមួយថា ​ទាល់តែ​អាចជួយ​អ្នកដទៃ​ឱ្យជោគជ័យ ទើបយើងជោគជ័យពិតប្រាកដ។

រឿងនិទានដកស្រង់ចេញពី៖ 青春正能量

 

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ