spot_img
spot_img
Homeធុរកិច្ចមិនសូវមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ? វិធីទាំងនេះអាចជួយអ្នកបាន!

មិនសូវមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ? វិធីទាំងនេះអាចជួយអ្នកបាន!

-

មិនថា​នៅ​កន្លែងណាក៏​ដូចកន្លែងណាដែរ​មនុស្ស​មិន​អាចចៀស​ផុតពីការឈ្លោះទាស់ទែងគ្នាឬ​ការមិនសូវចុះ​សម្រុងគ្នាទេជា​ពិសេស​គឺ​នៅ​កន្លែងធ្វើការផ្ទាល់តែម្តង។ ​បើទោះបីជា​កន្លែងនោះមានវិន័យតឹងរ៉ឹងយ៉ាងណាក៏គេមិន​ងាយ​នឹងបញ្ចៀសបញ្ហា​ទាំងនេះ​បានដែរ។ ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​មាន​បញ្ហាជាមួយនឹងគេទេ​អ្នក​ត្រូវ​រក​វិធី​ផ្សេងៗ​ដែល​អ្នក​គិតថា​ស័ក្តិ​សមក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​មិត្ត​រួមការងារ​របស់អ្នក​ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនង​របស់អ្នក​កាន់តែ​ប្រសើរ។​ កាលណា​អ្នក​មានទំនាក់ទំនងល្អ​ជាមួយ​មិត្តរួមការងារ​នោះកន្លែង​ការងារ​របស់អ្នក​នឹង​ក្លាយជា​កន្លែងដែល​គួរ​ឲ្យ​ចង់ទៅហើយ​​​ការងារ​របស់អ្នកក៏​ក្លាយ​ជា​ការងារ​ដែលគួរឲ្យ​ចង់ធ្វើ​។ ម្យ៉ាងទៀត​បើ​កាលណា​អ្នកបានប្រាស្រ័យទាក់ទង​គ្នា​បានល្អ​វានាំឲ្យ​​មានការកាត់​បន្ថយ​នូវ​ការយល់​ឃើញខុស​រវាងគ្នានិង​​គ្នា​​ហើយ​​ផលិតភាព​ការងារ​របស់អ្នកក៏​កើនឡើង​តាមហ្នឹង​​ដែរ។ គន្លឹះ​សំខាន់ៗ​ខាង​ក្រោមនឹងជួយឲ្យ​អ្នកគិត​បាន​ថា​អ្នកគួរយក​វិធី​ណា​ខ្លះទៅ​ប្រើការ​ដើម្បី​ទុក​ជា​ប្រយោជន៍ដល់​ការទំនាក់​ទំនង​អន្តរ​បុគ្គល៖

១. ស្តាប់

ការ​ស្តាប់អ្នក​ដទៃ​និយាយជា​ការ​បង្ហាញ​នូវ​ការគោរព​និងការ​យកចិត្តទុក​ដាក់​របស់អ្នកទៅលើគេ។ ប៉ុន្តែ​ការ​ស្ដាប់​ដើម្បីតែ​ស្តាប់មួយ​មុខ​គឺមិនទាន់គ្រប់គ្រាន់ឡើយ​អ្នកត្រូវបង្ហា្​ញ​ពីចំណាប់អារម្មណ៍​របស់អ្នកលើ​ពាក្យ​សម្តី​ដែលគេ​កំពុងតែ​និយាយផង។ ជាពិសេស​អ្នកគួរចៀសវាង​ការស្ងាប ការចុចទូរស័ព្ទលេង​ ឬការស្ដាប់​ចម្រៀងនិង​មើលអ្វី​ផ្សេង​នៅពេល​ដែលគេ​កំពុង​តែ​និយាយ​ជាមួយអ្នក។ នៅពេល​ដែល​អ្នក​ចង់​និយាយ​ឬបញ្ចេញ​យោបល់ដែរ អ្នកត្រូវស្ដាប់​គេ​និយាយ​ឲ្យ​ចប់សិន​​សឹម​កាត់​សម្តីរបស់គេ។ មួយវិញទៀត​អ្នកត្រូវ​ស្ដាប់​យ៉ាង​ជិតស្និទ្ធ បន្ទន់កាយ​ឲ្យ​បានជិតគេ ព្រមទាំង​មើល​ឲ្យ​ចំ​ភ្នែក​របស់គេ​ផងដែរ។

២. និយាយពីជិវិត​ផ្ទាល់ខ្លួន

​អ្នកអាច​ជជែក​ពីជីវិត​ផ្ទាល់ខ្លួនជាមួយមិត្ត​រួមការ​ងារ​ ជួយឲ្យយោបល់គេ និង​ជួយ​ដោះស្រាយ​បញ្ហាឲ្យគេ។ យ៉ាងណាមិញ​ការនិយាយ​ក៏គួរតែមានការ​ប្រុងប្រយ័ត្នដែរ។​ បើទោះបីជា​ការ​និយាយពីជីវិត​ផ្ទាល់​ខ្លួន​នាំឲ្យអ្នកនិង​មិត្ត​របស់អ្នកមានការទុកចិត្ត​គ្នា​និងបើក​ចំហរពីគ្នាទៅវិញទៅមក​តែអ្នកមិនគួរលូកលាន់​ក្នុងរឿងផ្ទាល់​ខ្លួន​របស់គេជ្រុលពេកទេជាពិសេស​មិនត្រូវយករឿងរបស់មិត្ត​ទៅបើក​កកាយប្រាប់​អ្នកផ្សេង​និងតាមបណ្តា​ញ​សង្គមឡើយ។​ ម្យ៉ាងទៀត​អ្នកគួរចៀសវាង​ការនិយាយភូតភរ​កុហក ការបង្កាច់​បង្ខូច និងសម្តីដែល​ងាយវាយប្រហារ​ដល់ភាគីម្ខាងទៀត។ ​វានឹង​កាន់តែ​ប្រសើរបើអ្នក​ចេះ​បង្កើត​ភាពសំណើច​រួមគ្នា​ជាមួយ​មិត្ត​ដើម្បីបង្កើត​ភាពស្និទ្ធស្នាល។

៣. ផ្តល់​មតិ​រិះគន់បែបស្ថាបនា

ដូចដែលបានឃើញ​ខាងលើថា​ការ​និយាយ​ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ជាមួយ​មិត្តរួមការងារ។ យ៉ាងណាមិញនៅពេល​ដែល​អ្នក​ចង់ផ្តល់​ជាមតិកែ​តម្រូវដល់​មិត្ត​របស់អ្នក​ អ្នក​ត្រូវប្រាកដថា​អ្នក​បានដក​យក​អារម្មណ៍​ផ្ទាល់ខ្លួនដែល​មិនល្អ​ចេញ​ រួចហើយ​និយាយតាម​សម្រួល​ជាមួយគេ និង​និយាយ​តាម​ការពិតប្រកប​ដោយ​សន្តិវិធី​បំផុត។ ​អ្នក​ត្រូវចាំ​ថាគ្មាន​នរណា​ម្នាក់ចង់​ស្ដាប់​ចំណុច​​អាក្រក់​របស់​ខ្លួន​ឡើយ​តែ​គេ​នឹង​ព្រមស្ដាប់​ចំណុចទាំងឡាយ​ដែល​ជួយ​កែ​តម្រូវគេ​ឲ្យកាន់តែ​ប្រសើរ។ លើសពីនេះ​ទៅទៀត​អ្នក​ត្រូវប្រាកដ​ថា​អ្នក​បានរ៉ាយរ៉ាប់​ល្អិតល្អន់​ពីចំណុច​ដែលអ្នក​ចង់ឲ្យគេ​កែតម្រូវបន្ថែមហើយ​គេពិត​ជា​បានយល់​ពីបំណប្រាកដ​របស់អ្នក​។ មុននឹង​ផ្តល់​មតិកែ​តម្រូវ​ឬសុំមតិកែ​តម្រូវ​អ្នក​ត្រូវសុំការអនុគ្រោះពីភាគី​ម្ខាងទៀត​ជាមុនសិនបើអ្នក​បាននិយាយធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​របស់គេ​ដោយ​ប្រការណាមួយ។

​អ្នក​ត្រូវចាំ​ថាគ្មាន​នរណា​ម្នាក់ចង់​ស្ដាប់​ចំណុច​​អាក្រក់​របស់​ខ្លួន​ឡើយ​តែ​គេ​នឹង​ព្រមស្ដាប់​ចំណុចទាំងឡាយ​ដែល​ជួយ​កែ​តម្រូវគេ​ឲ្យកាន់តែ​ប្រសើរ

៤. ទំនុកចិត្ត

មិន​ថា​ជាទំនាក់ទំនង​ប្រភេទណាទេទំនុកចិត្ត​ពិតជាមិនអាចខ្វះបាន​ឡើយ។ ម្យ៉ាងវិញទៀត​វានឹងងាយ​បែកបាក់​បំផុត​ដោយសារតែ​ការកុហកនិង​បាត់បង់ភាពស្មោះត្រង់​ចំពោះគ្នា។ ដើម្បី​ទទួល​បានទំនុក​ចិត្ត​អ្នក​ត្រូវ​ប្រាស្រ័យទាក់ទង​ឲ្យ​បាន​ច្បាស់ៗ និងប្រុងប្រយ័ត្ន។ ជា​ពិសេស​បើ​អ្នក​បានសន្យាអ្វីមួយហើយ​អ្នកត្រូវធ្វើឲ្យ​បានព្រោះថា​ការនិយាយ​ពាក្យ​សុំទោស​ច្រើនដងពេក​នឹងធ្វើឲ្យគេ​បាត់បង់ភាពជឿជាក់​ចំពោះរូបអ្នក​មិនខាន។

៥. ប្រើប្រាស់ការទំនាក់ទំនង​ផ្សេងៗដែលមានប្រសិទ្ធភាព

មនុស្សផ្សេងៗគ្នា​នោះទំនាក់ទំនងក៏ខុសគ្នាដែរ។ អ្នកខ្លះ​ចូលចិត្តនិយាយផ្ទាល់​ ខ្លះចូល​ចិត្តប្រើប្រាស់​បណ្តាញ​សង្គម ខ្លះ​និយាយទូរស័ព្ទ ខ្លះទៀត​តាមការផ្ញើសារ ឬ​តាមការទៅសួរសុខទុក្ខផ្ទាល់​ជាដើម។ អ្នក​ត្រូវសង្កេតពី​ចំណង់ចំណូលចិត្ត​នៃការប្រាស្រ័យទាក់ទងរបស់គេឲ្យបានច្បាស់​ដើម្បីឲ្យទុន​ក្នុងការទាក់ទងទៅមានប្រសិទ្ធភាព។ ជាពិសេស​បើកាលណា​អ្នកចង់​ជជែក​ជាមួយគេ​អ្នក​ត្រូវគោរពពេលវេលា​របស់គេ​ដែរថា​ពេលណា​គេ​ជាប់​រវល់ឬទំនេរ​អាច​និយាយ​ជាមួយអ្នកបាន។

៦. ជួយខ្លួនឯងសិនមុនសុំជំនួយពីគេ

បើអ្នកជួបប្រទះ​បញ្ហា​អ្នកមិន​ត្រូវសួរគេភ្លាមៗទេ​អ្នកត្រូវប្រឹង​ប្រែង​ដោះស្រាយដោយខ្លួន​ឯងឲ្យ​អស់លទ្ធភាពសិនបើទោះ​ជាបានតែ​បន្តិចបន្តួចក្តី។ បើសិននោះ​គឺជា​រឿងដែលងាយ​ស្រួលតែ​អ្នកគិតតែ​ពីសួរគេ​វានឹង​ក្លាយ​ទៅជាទង្វើ​ដែលគួរឲ្យធុញណាស់សម្រាប់អ្នក​ដែលអ្នកសួរ។

សរុបមកទំនាក់ទំនង​ល្អជាមួយ​មិត្តរួមការងារអ្នកគឺ​មិនពិបាកឡើយ​បើទោះបីជា​អ្នក​ជាមនុស្ស​ដែល​មិន​សូវចេះនិយាយ​ស្តីក៏ដោយ​ក៏អ្នក​អាចមានឱកាស​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​មិត្ត​របស់អ្នក​បានដែរ។

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ