spot_img
spot_img
Homeធុរកិច្ចមេរៀនដ៏វិសេសមួយសម្រាប់ម្ចាស់អាជីវកម្ម ៖ ករណីក្រុមហ៊ុនអាកាសចរUnited Airline ធ្វើឱ្យបាក់ហ្គីតាអតិថិជន

មេរៀនដ៏វិសេសមួយសម្រាប់ម្ចាស់អាជីវកម្ម ៖ ករណីក្រុមហ៊ុនអាកាសចរUnited Airline ធ្វើឱ្យបាក់ហ្គីតាអតិថិជន

-

អ្នកគ្រប់គ្នាប្រាកដជាស៊ាំនឹងឃ្លាមួយ ដែលគេតែងតែលើកឡើង “អតិថិជនគឺជាស្តេច!” ហើយម្ចាស់អាជីវកម្មនីមួយៗតែងតែដាស់តឿននិងក្រើនរំឮកបុគ្គលិករបស់ខ្លួនឱ្យផ្គាប់ចិត្តអតិថិជនដើម្បី ឱ្យអាជីវកម្មអាចរីកចម្រើនទៅមុខបានយូរអង្វែង។ ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបដែលមនុស្សម្នាក់ៗអាចមើលឃើញនិងចែករំលែកព័ត៌មានបានយ៉ាងលឿននិងឆាប់រហ័សនេះ បានញ៉ាំងឱ្យម្ចាស់អាជីវកម្មត្រូវទទួលសំពាធមួយ គឺត្រូវប្រុងប្រយ័ត្ន និងធ្វើការបម្រើអតិថិជនឱ្យបានល្អដើម្បីឱ្យអតិថិជនរបស់ខ្លួនពេញចិត្ត។ បើពុំនោះទេ ព័ត៌មានអាក្រក់នឹងអាចចែករំលែកបានយ៉ាងលឿន ដែលពិបាកនឹងទប់ស្កាត់ ហើយអាចធ្វើឱ្យអាជីវកម្មមួយ ខាតបង់ និងក្ស័យធនបានយ៉ាងលឿន។ មិនថាតែនៅប្រទេសជឿនលឿនទេ សូម្បីតែនៅប្រទេសកម្ពុជាយើង មានករណីជាច្រើនដែលអតិថិជនបានចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមទៅលើហាង ឬអាជីវកម្មណាដែលធ្វើឱ្យពួកគេមិនពេញចិត្ត។

ថ្ងៃនេះ គេហទំព័រគំនិតសូមលើកយកករណីមួយដែលកើតឡើងនៅសហរដ្ឋអាមេរិចកាលពីឆ្នាំ២០០៨ ដែលកើតឡើងរវាងក្រុមហ៊ុនអាកាសចរUnited Airlineរបស់សហរដ្ឋអារមេរិចនិងលោកឌេវដែលជាអ្នកលេងហ្គីតា។ ករណីនេះនេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរមួយនេះខាតបង់លុយអស់រាប់រយលានដុល្លាដោយសារតែភាពមិនទទួលខុសត្រូវរបស់ខ្លួន។ រឿងនេះផ្តើមឡើងដោយក្រុមអ្នកចម្រៀងមួយក្រុមដែលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរUnited Airline។ មុននឹងយន្តហោះចេញដំណើរពីព្រលានយន្តហោះ ក្រុមអ្នកចម្រៀងនោះ (ដែលក្នុងនោះមានលោកឌេវ)បានឃើញក្រុមការងារជញ្ចូនឥវ៉ាន់ដាក់យន្តហោះធ្វើការគ្រវាត់គ្រវែងដោយមិនមានការថ្នមអ្វីបន្តិចសោះទៅលើឥវ៉ាន់របស់អ្នកដំណើរ ហើយក្នុងនោះក៏មានឧបករណ៍ភ្លេងរបស់ពួកគេផងដែរ។ ភ្លាមនោះ ពួកគេក៏បានធ្វើការរាយការណ៍ពីភាពមិនពេញចិត្តទៅបុគ្គលិកនៅក្នុងយន្តហោះពីករណីនេះ ប៉ុន្តែម្នាក់ៗតែងរុញទៅអ្នកនេះអ្នកនោះដោយគ្មានអ្នកណាចេញមុខទទួលខុសត្រូវឡើយ ហើយប្រាប់ឱ្យពួកគេដោះស្រាយនៅពេលដែលទៅដល់គោលដៅហោះហើរវិញ។

ពេលមកដល់គោលដៅ ដោយសារតែការហត់នឿយពេកនិងយប់ជ្រៅផងនោះ ពួកក្រុមភ្លេងនិងចម្រៀងនោះក៏មិនបានធ្វើការត្រួតពិនិត្យឧបករណ៍ភ្លេងរបស់ពួកគេទេឬធ្វើការតវ៉ាឡើយដោយធ្វើដំណើរឆ្ពោះទៅសណ្ឋាគារដើម្បីសម្រាក។ ថ្ងៃបន្ទាប់ នៅពេលដែលគេបើកវ៉ាលីហ្គីតាពិនិត្យទើបឃើញថា ហ្គីតារបស់គេគឺត្រូវខូច និងបាក់បែកទៅហើយដោយសារតែការមិនប្រុងប្រយ័ត្នរបស់ក្រុមការងារនៃក្រុមហ៊ុនUnited Airline។ បន្ទាប់ពីបានដឹង គាត់ក៏បានធ្វើការរាយការណ៍ទៅក្រុមហ៊ុនដើម្បីស្វែងរកសំណងដែលក្រុមហ៊ុនអាកាសចរធ្វើឱ្យខូច ដែលហ្គីតានោះមានតម្លៃ3500ដុល្លា។ គាត់ព្យាយាមទាក់ទងពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀតដើម្បីធ្វើការពន្យល់ទៅលើករណីដែលបានកើតឡើង ហើយក្នុងចំណោមនោះ ក៏មានបុគ្គលិកខ្លះទទួលស្គាល់កំហុសរបស់ក្រុមហ៊ុន ប៉ុន្តែរាល់ការទំនាក់ទំនងម្តងៗគឺត្រូវរង់ចាំរយៈពេលយ៉ាងយូរដើម្បីទទួលបានការឆ្លើយតប ហើយការឆ្លើយតបទៀតនោះគឺសុទ្ធតែអវិជ្ជមាន ដោយក្រុមហ៊ុនអាកាចរUnited Airline បានបដិសេធការទទួលខុសត្រូវ ហើយទម្លាក់កំហុសទៅលើអតិថិជនផ្ទាល់ ឬអ្នកនេះអ្នកនោះ។ ការព្យាយាមទាមទារសំណងគឺត្រូវចំណាយពេលអស់៩ខែ តែមិនមានការឆ្លើយតបជាវិជ្ជមានអ្វីឡើយ សូម្បីតែលោកឌេវដែលសារចុងក្រោយរបស់គាត់ផ្ញើរទៅកាន់ក្រុមហ៊ុនថាត្រូវការសំណងតែ1200ដុល្លាប៉ុណ្ណោះដែលជាតម្លៃជួសជុល ហើយទឹកប្រាក់នោះអាចប្តូរទៅជាសំបុត្រយន្តហោះវិញក៏ដោយក៏នៅតែមិនមានការឆ្លើយតបវិជ្ជមានឬការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុន។ រហូតដល់គាត់បាននិយាយថាបើមិនមានសំណង គាត់នឹងនិពន្ធចម្រៀង និងថតMVស្តីពីបទពិសោធជូរចត់ដែលគាត់ជួបប្រទះជាមួយនឹងក្រុមហ៊ុនអាកាសចរក៏ដោយក៏នៅតែមិនមានការឆ្លើយតបអ្វីពីក្រុមហ៊ុន។

ដោយសារតែហេតុនេះហើយគាត់ក៏បាននិពន្ធបទចម្រៀងបីបទ និងថតជាMV ហើយបានចែករំលែកនៅលើប្រព័ន្ធអ៊ិនធីណិតដោយរំពឹងថានឹងមានអ្នកស្តាប់ និងមើលជាច្រើន។ ក្រោយពីបានបង្ហោះនៅលើYoutube ថ្ងៃទី06 ខែ 07 បទចម្រៀងគាត់ក្លាយទៅជាបទចម្រៀងពេញនិយមដែលមានអ្នកស្តាប់ និងទស្សនា១៥០០០០ដងក្នុងថ្ងៃទិ១ និងកន្លះលានបីថ្ងៃបន្ទាប់ ហើយជាងមួយខែក្រោយមកគឺ៥លានដង រហូតធ្វើឱ្យសាព័ត៌មានធំៗដូជា CNN Walls Street Journal និងសារព័ត៌មានធំៗជាច្រើនទៀតធ្វើការផ្សាយពីករណីនេះ។ ក្រោយពីព័ត៌មាននេះល្បីសុះសាយ តម្លៃប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរUnited Airlineធ្លាក់ចុះ១០% ដែលជាលទ្ធផលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់អស់ប្រមាណ180លានដុល្លា។

នេះជាមេរៀនដ៏ជូរចត់មួយដែលម្ចាស់អាជីវម្ម ឬប្រធានក្រុមហ៊ុនត្រូវប្រុងប្រយ័ត្នចៀសវាងស្ថានភាពស្រដៀងគ្នានេះកើតឡើងម្តងទៀតលើស្ថាប័នរបស់ខ្លួន។ កំហុស ភាពមិនទទួលខុសត្រូវ ឬការធ្វេសប្រហែសមួយអាចធ្វើឱ្យអ្នកខាតបង់ឬក្ស័យធនមួយរំពេច។ នៅក្នុងសម័យកាលទំនើបនេះ មិនថាព័ត៌មានល្អឬអាក្រក់គឺត្រូវបានចែកចាយយ៉ាងលឿន ដែលមិនអាចទប់ស្កាត់បានឡើយ ហើយវាក៏ជាសម័យកាលដែលអតិថិជនមានសិទ្ធអាទិភាពជាងពេលណាៗទាំងអស់ដោយសារតែភាពងាយស្រួលដែលបច្ចេកវិទ្យាបានផ្តល់ឱ្យ។ ចូរប្រុងប្រយ័ត្ននៅរៀងរាល់ពេលដែលធ្វើការដោះស្រាយជាមួយអតិថិជន ព្រោះថា “អតិថិជនគឺជាស្តេច!”។ នៅពេលដែលអតិថិជនពេញចិត្ត ពួកគាត់នឹងនិយាយល្អពីអ្នក ហើយបើគាត់មិនពេញចិត្តទេនោះ លទ្ធផលគឺពិបាកនឹងស្មានទុក៕

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ