រឿងដែលយើងគ្រប់គ្នាមិនចង់ឲ្យកើតឡើងសោះ ឥឡូវនេះបានកើតឡើងហើយត្រឹមតែរយៈពេលមួយថ្ងៃបន្ទាប់ពីសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ ( Lock Down ) ផ្លូវនិងវិថីជាច្រើនត្រូវបានបិទដោយមិនឲ្យមានការធ្វើចរាចរណ៍ដូចមុន ដែលជាហេតុធ្វើឲ្យទីក្រុងទាំងមូលស្ទើរតែប្រែទៅជាស្ងាត់ច្រងំ ។ ស្ថានភាពដែលយើងធ្លាប់តែឃើញកើតមានឡើងនៅបរទេសតែឥឡូវនេះគឺបានកើតឡើងចំពោះប្រទេសរបស់យើងហើយ ។ ថ្ងៃចូលឆ្នាំខ្មែរធ្លាប់តែជាថ្ងៃដែលអ៊ូរអរ មានមនុស្សម្នាកុះករជួបជុំ ដើរលេងកម្សាន្តសប្បាយជាមួយនឹងការរៀបចំកម្មវិធីយ៉ាងអធិកអាធម តែឥឡូវប្រែជាការបិទទីក្រុងសម្បីតែចេញពីផ្ទះក៏សឹងតែមិនបាន ។
ក្នុងស្ថានភាពបែបនេះខ្ញុំជឿថាមានមនុស្សមិនតិចទេដែលកំពុងតែបារម្ភ កំពុងតែខ្វល់ខ្វាយអំពីសុខភាព ជីវភាព សេដ្ឋកិច្ច ។ ព្រឹត្តិការណ៍នៃការបិទទីក្រុងលើកនេះអាចនឹងជាព្រឹត្តិការណ៍ដែលអាចឲ្យយើងចាំជាប់នៅក្នុងចិត្តហើយក៏ជាមេរៀននៃជិវិតក៏ដូចជាបទពិសោធន៍ដែលគួរឲ្យចងចាំផងដែរ ។
តើការបិទខ្ទប់ ( Lock Down ) លើកនេះបានផ្តល់នូវបទពិសោធន៍និងមេរៀនអ្វីខ្លះដល់យើង ?
១ . បច្ចេកវិទ្យាគឺជាផ្នែកមួយដ៏សំខាន់នៃជីវិត
ជាច្រើនឆ្នាំមកនេះ នៅពេលដែលយើងលឺថានៅបរទេសគេអាចធ្វើការពីគ្រប់ទីកន្លែងដោយមិនចាំបាច់ទៅដល់ office ក៏ធ្វើបានដែរ យើងហាក់មានគំនិតថាមិនអាចទៅរួចទេយ៉ាងណាក៏ទាល់តែទៅកន្លែងធ្វើការតែម្តងបានធ្វើការកើត ។ ជាលទ្ធផលរឿងដែលយើងគិតថាមិនអាចទៅរួចបានប្រែជាទៅរួចហើយ ។ ក្រោយពីការព្រឹត្តិការណ៍នេះក្រុមហ៊ុននិងអាជីវកម្មជាច្រើនបានផ្លាស់ប្តូរវិធីសាស្ត្រនៃការធ្វើការដោយតម្រូវឲ្យបុគ្គលិកធ្វើការនៅផ្ទះវិញដោយពឹងផ្អែកស្ទើរតែទាំងស្រុងលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាចម្បង ។
បច្ចេកវិទ្យាបានក្លាយទៅជាមធ្យាបាយនៃការទំនាក់ទំនងដែលចាំបាច់បំផុតមួយដែលមិនអាចខ្វះបានសម្រាប់ ការធ្វើការងារ ការសិក្សា ការទិញទំនិញ និយាយរួមស្ទើរតែគ្រប់ផ្នែកនៃការរស់នៅ ។ យើងចាប់ផ្តើមបន្សុំាខ្លួនជាមួយនឹងការប្រើប្រាស់ video call , virtual meeting , ការប្រើប្រាស់នូវ tool ឬ software មួយចំនួនទៀតសម្រាប់ការបំពេញការងារ ការសិក្សា ដែលកំពុងតែវិវិត្តន៍ទៅជាឌីជីថលនិយកម្ម ( Digitalization ) ។
២ . ការផ្លាស់ប្តូរនិងការសម្របខ្លួនគឺជារឿងដែលចាំបាច់
នៅក្នុងស្ថានភាពភ្លាមបែបនេះ ខ្ញុំជឿថាអ្នកអាចមានអារម្មណ៍ថាពិបាក មិនដឹងថាត្រូវបែកចែកពេលវេលាបែបណា ឬ ក៏ប្រហែលជាមានអារម្មណ៍ថាប្រសិទ្ធភាពការងារហាក់ដូចជាធ្លាក់ចុះមិនទាន់អាចបែងចែកពេលវេលាបានត្រឹមត្រូវ ។ អញ្ជឹងមែនអត់ ? វាអាចនឹងក្លាយជាបញ្ហាកាន់តែធំសម្រាប់អ្នកប្រសិនបើអ្នកនៅតែបន្តបណ្តោយទៅតាមស្ថានការណ៍បែបនេះ មួយថ្ងៃទៅពីរថ្ងៃអាចថាមិនអី ប៉ុន្តែបើបណ្តោយកាន់តែយូរ ។ អ្វីដែលអ្នកគួរតែធ្វើនៅពេលនេះគឺចាប់ផ្តើមរៀបចំនូវផែនការសកម្មភាព ( action plan) ឬ To Do List សម្រាប់ខ្លួនឯងក្នុងដើម្បីឲ្យអ្នកអាចគ្រប់គ្រងនូវការងារនិងវេលារបស់អ្នកបានត្រឹមត្រូវ ។ ការមានផែនការច្បាស់លាស់អាចជួយឲ្យអ្នកអាចគ្រប់គ្រងនូវប្រសិទ្ធិភាពការងារបានល្អប្រសើរជាមុនក៏ដូចជាមានវិន័យលើខ្លួនឯងជាងមុន ។
៣ . ពេលវេលាគឺពិតជាមានតម្លៃខ្លាំងណាស់
ការបិទខ្ទប់ ( Lock Down ) បានធ្វើឲ្យជីវិតនិងសកម្មភាពប្រចាំថ្ងៃមានការផ្លាស់ប្តូរជាច្រើន ។ កាលពីមុនប្រហែលជាមួយៗថ្ងៃអ្នកមានការងារច្រើនដែលត្រូវបំពេញ មានកិច្ចប្រជុំជាច្រើនដែលត្រូវចូលរួម មានកាតព្វកិច្ចខាងក្រៅជាច្រើនដែលត្រូវបំពេញ ដែលភាគច្រើនគឺយើងពុំសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ ឬ កូនៗជាទីស្រលាញ់ដែលធ្វើឲ្យមានអារម្មណ៍ថាមានគម្លាត ពុំសូវមានភាពស្និតស្នាល ។ ពេលវេលាបែបនេះគឺអាចជាពេលវេលាដ៏មានតម្លៃដែលអ្នកមានពេលនូវផ្ទះជួបជុំ ជាមួយគ្រួសារចំណាយពេលកសាងទំនាក់ទំនងនិងបង្កើននូវភាពកក់ក្តៅជាមួយគ្នាឡើងវិញ ។ ដូច្នេះហើយជាជាងការដែលគិតថាការបិទទីក្រុងនេះគឺរឿងអវិជ្ជមាន។ អ្នកអាចគិតថាវាជាពេលវេលាដ៏មានតម្លៃហើយប្រើប្រាស់ពេលវេលានេះឲ្យបានល្អវិញ ។ ម្យ៉ាងវិញទៀតវាក៏ជាពេលវេលាដែលយើងអាចនៅស្ងប់ស្ងាត់ម្នាក់ឯង យើងមានពេលវេលាដើម្បីចំនាយជាមួយខ្លួនឯងបានច្រើនជាងមុន ស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុនផងដែរ ។
៤. ការថែរក្សាសុខភាពគឺជារឿងចម្បងដែលមិនគួរមើលរំលង
ខ្ញុំជឿថាមនុស្សភាគច្រើនអាចនឹងមិនមើលរំលងនូវការថែរក្សាសុខភាព ដោយសារតែការងាររវល់ពេក ការងារខ្លះក៏បន្ទាន់ដែលទាមទារឲ្យធ្វើភ្លាមៗ រហូតដល់ពេលខ្លះក៏ភ្លេចបាយ ភ្លេចទឹកអស់គិតថាមិនអីៗ ។ ហើយបើនិយាយពីការធ្វើលំហាត់ប្រាណទៀតគឺថារឹតតែមិនសូវបានធ្វើជាប្រចាំហើយ ។ ដែលសកម្មភាពទាំងអស់នេះសុទ្ធសឹងតែបង្កនូវផលប៉ះពាល់ដល់សុខភាព ។ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ស្ថានការណ៍នេះហើយយើងហាក់ដូចជាយកចិត្តទុកដាក់ជាមួយសុខភាពខ្លួនឯងជាមុន ។ ហើយលេសដែលថា “ ខ្ញុំគ្មានពេលទេ” ក៏លែងមានហើយ ។ យើងមានពេលច្រើនជាងមុនសម្រាប់មើលថែសុខភាពខ្លួនឯង មានពេលមើលថែនិងស្រលាញ់ខ្លួនឯងច្រើនជាងមុន ។
ជារួមមកអ្វីក៏ដោយគឺតែងតែមាននូវផ្នែកអវិជ្ជមាននិងវិជ្ជមានរបស់វា ។ ដូចកាក់មួយអញ្ជឹងគឺវាមានផ្ទៃទាំងសងខាង ដែលពេលខ្លះយើងហាក់ដូចជាមើលបានតែមួយចំហៀងតែយើងមិនបានមើលឲ្យបានទាំងសងខាងទេ ។ ពេលខ្លះយើងហាក់ដូចជាផ្តោតលើអ្វីដែលអវិជ្ជមានខ្លាំងពេកដែលធ្វើឲ្យយើងមិនអាចរីកចម្រើននិងអភិវឌ្ឍន៍ខ្លួនឯងបាន ។ ដូច្នេះហើយជាជាងការដែលអនុញ្ញាតឲ្យគំនិតអវិជ្ជមានគ្រប់ដណ្តប់នូវជិវិតរបស់យើង ជាជាងការចង់គ្រប់គ្រងនូវអ្វីដែលយើងមិនផ្លាស់ប្តូរបាន យើងគួរតែព្យាយាមគិតពីដំណោះស្រាយនិងអ្វីដែលយើងអាចធ្វើបានសម្រាប់ខ្លួនឯងវិញ ។