Alibaba ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 ដោយមនុស្ស 18 នាក់ ដឹកនាំដោយលោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសមកពីទីក្រុង Hangzhou នៃប្រទេសចិន។ ហើយក្រុមហ៊ុននេះ មានទស្សនវិស័យ “ចង់ក្លាយជាក្រុមហ៊ុនដ៏ល្អដែលនឹងមានរយៈពេល 102 ឆ្នាំ” ព្រមទាំងមានបេសកកម្ម “ចង់ឱ្យមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មគ្រប់ទីកន្លែង” ។
នៅក្នុង Alibaba Group មានបុត្រសម្ព័ន្ធ ដូចជា Taobao marketplace, Tmall, Freshippo, AliExpress, Lazada, Alibaba.com, 1688.com, ele.me, YOUKU, DingTalk, Alimama, Alibaba Cloud និង Cainiao Network ។
បើយោងតាមគេហទំព័រ Forbes បានឱ្យដឹងថា គិតត្រឹមថ្ងៃទី 13 ខែឧសភា ឆ្នាំ2021 មូលធនទីផ្សារ (Market CAP) នៃក្រុមហ៊ុន Alibaba មានចំនួន 657.5ពាន់លានដុល្លារ និងចំនួនទឹកប្រាក់នៃការលក់ 93.8ពាន់លានដុល្លារ។ លើសពីនេះ បើគិតពីថ្ងៃទី17 ខែសីហា ឆ្នាំ2021 ចំនួនអ្នកប្រើប្រាស់ប្រចាំឆ្នាំលើការទិញទំនិញរបស់ខ្លួននៅក្នុងប្រទេសចិនបានកើនឡើងរហូតដល់ 828 លាននាក់ នេះបើយោងតាមគេហទំព័រ Statista ។
តើក្រុមហ៊ុននេះ ប្រើយុទ្ធសាស្រ្តទីផ្សារអ្វី ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនមានភាពល្បីល្បាញខ្លាំងម្ល៉េះ?
ខាងក្រោមនេះ គឺជាចម្លើយ៖
1. កំណត់ទីផ្សារគោលដៅ
ក្រុមហ៊ុន Alibaba បានកំណត់គោលដៅទីផ្សារចំនួនពីរ៖
ទី1. ទីផ្សារសកល ដែលមានមូលដ្ឋានជាភាសាអង់គ្លេស ដោយបម្រើដល់អ្នកនាំចេញនិងអ្នកនាំចូលអន្តរជាតិ
ទី2. ទីផ្សារប្រទេសចិន ដែលមានគោលបំណងផ្តោតលើអ្នកផ្គត់ផ្គង់និងអ្នកទិញដែលកំពុងជួញដូរក្នុងស្រុកនៅក្នុងប្រទេសចិន
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមកទល់ពេលនេះ ប្រទេសចិនបានក្លាយជាទីផ្សារអ៊ីនធឺណិតធំជាងគេលើពិភពលោក ជាមួយនឹងទំហំទីផ្សារសហរដ្ឋអាមេរិកទ្វេដង ដោយមានអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន 560 លាននាក់ និងចំណាយពេល 20 ម៉ោងក្នុងមួយសប្តាហ៍តាមអ៊ីនធឺណិត។ លើសពីនេះ ប្រទេសចិនកំពុងរំលងការលក់រាយតាមបែបប្រពៃណី ដោយងាកមកចាប់អារម្មណ៍នឹងការលក់រាយតាមអេឡិចត្រូនិកវិញ។
បន្ថែមពីនេះ Alibaba ក៏បានកំណត់គោលដៅលើសហគ្រាសឯកជនខ្នាតតូច មធ្យម និងអ្នកជំនួញបុគ្គលដែលមានសក្ដានុពលខ្លាំងក្នុងការទទួលបានជោគជ័យក្នុងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ បន្ទាប់មក Alibaba ក៏បានបង្កើតគេហទំព័រដែលមានភាសាផ្សេងៗគ្នា និងកែប្រែការរចនា និងប្លង់របស់វា ដោយធ្វើយ៉ាងណាឱ្យសក្តិសមនឹងវប្បធម៌ក្នុងស្រុកនៅក្រៅប្រទេស ដើម្បីទទួលបានចំណែកទីផ្សារកាន់តែច្រើន។ ការធ្វើបែបនេះ ជាផ្នែកមួយដ៏សំខាន់ដែលអាចទទួលបានភាពជោគជ័យជាសកលរបស់ក្រុមហ៊ុន Alibaba។
2. យុទ្ធសាស្រ្តផ្សព្វផ្សាយតាមរយៈភាពល្បីល្បាញរបស់លោក Jack Ma ផ្ទាល់
លោក Jack Ma ជាស្ថាបនិកម្នាក់ដែលមានភាពល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈការចែករំលែកនូវបទពិសោធន៍បរាជ័យផ្ទាល់ខ្លួន ជាភាសាអង់គ្លេសដែលមានភាពទាក់ទាញបំផុត នៅលើកិច្ចសម្ភាសន៍នៅលើបណ្ដាញអ្នកព័ត៌មានល្បីៗជាច្រើន និងចំណេះដឹងមួយចំនួនទៀតដែលជាផ្នែកមួយនៃការជួយលើកកម្លាំងចិត្តមនុស្សជាច្រើនផងដែរ។ ហេតុផលនេះហើយ ទើបមនុស្សជាច្រើនបានស្គាល់ពីក្រុមហ៊ុន Alibaba កាន់តែច្រើនតាមរយៈប្រជាប្រិយភាពរបស់គាត់។
3. ប្រើយុទ្ធសាស្រ្តប្រម៉ូសិន ដើម្បីទាក់ទាញអតិថិជន
ក្រុមហ៊ុន Alibaba បានឱ្យមនុស្សចូលប្រើប្រាស់ក្នុងវេទិកាទីផ្សារអនឡាញរបស់ខ្លួនដោយឥតគិតថ្លៃ ដើម្បីដាក់លក់ទំនិញនានានៅក្នុង Alibaba.com។ ហើយ Alibaba ក៏បានផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួនតាមរយៈយុទ្ធសាស្រ្តប្រម៉ូសិនតាមអ៊ីនធឺណិត ដូចជាទំនាក់ទំនងសាធារណៈ ធ្វើទីផ្សារដោយផ្ទាល់ និងការបញ្ចុះតម្លៃសម្រាប់ទំនិញមួយចំនួនក្នុងអំឡុងពេលថ្ងៃបុណ្យធំៗផងដែរ។
លើសពីនេះ ក៏មានការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយ និងការឧបត្ថម្ភលើព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញឱ្យមនុស្សមានការយល់ដឹងបន្ថែមអំពី Alibaba ។
4. ពង្រីកទីផ្សារឱ្យកាន់តែធំ
Alibaba បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយរដ្ឋាភិបាលចិន ដែលរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសចិនលើច្រកនៃសេដ្ឋកិច្ច។ ហេតុដូចនេះ Alibaba ក៏ទទួលបានឱកាសមួយ គឺត្រូវបានរដ្ឋាភិបាលជ្រើសរើសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនប្រាំ ដើម្បីបញ្ចូលសេវាធនាគារតាមអ៊ីនធឺណិត ហើយធនាគារនេះជារបស់រដ្ឋាភិបាលផ្ទាល់តែម្ដង។
លើសពីនេះ Alibaba ក៏បានកាន់កាប់ Yahoo នៅក្នុងប្រទេសចិនផងដែរ ដូច្នេះ Yahoo គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Alibaba ។ ក្រុមហ៊ុនទាំងពីរបានធ្វើការរួមគ្នាក្នុងភាពជាដៃគូផ្តាច់មុខដើម្បីពង្រីកម៉ាកយីហោ Yahoo នៅក្នុងប្រទេសចិន។
នៅក្នុងឆ្នាំ 1999 Alibaba បានបើកដំណើរ 1688.com (www.1688.com) ដែលជាទីផ្សារលក់ដុំក្នុងស្រុកដែលរួមបញ្ចូលគ្នាឈានមុខគេរបស់ប្រទេសចិនក្នុងឆ្នាំ 2020 ដោយវាផ្តល់សេវាកម្មទិញទំនិញ និងប្រតិបត្តិការតាមអ៊ីនធឺណិត ដោយភ្ជាប់ក្រុមហ៊ុនផលិត និងអ្នកលក់ដុំទៅកាន់អ្នកទិញនៅក្នុងប្រទេសចិន ដែលជាធម្មតាធ្វើពាណិជ្ជកម្មលើសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រ សម្ភារៈវេចខ្ចប់ សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិមជាដើម។
នៅក្នុងឆ្នាំ 2003 បានបើកដំណើរ ទីផ្សារ Taobao (www.taobao.com) ក្នុងគោលបំណងផ្តល់ជូនអ្នកប្រើប្រាស់ទាំងពីទីក្រុងធំ និងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ ជាមួយនឹងបទពិសោធន៍ទិញទំនិញផ្ទាល់ខ្លួនដែលទាក់ទាញ និងធ្វើឱ្យប្រសើរដោយការវិភាគទិន្នន័យធំ និងបច្ចេកវិទ្យា។
នៅក្នុងឆ្នាំ 2008 បានបើកដំណើរការ Tmall (www.tmall.com) ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ និងបទពិសោធន៍ទិញទំនិញពិសេសៗ។ ហើយក៏ជាវេទិកាសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន និងក្រៅប្រទេសក្នុងការទិញផលិតផលទាំងក្នុងស្រុកនិងម៉ាកអន្តរជាតិ ព្រមទាំងផលិតផលដែលមិនមាននៅក្នុងហាងលក់រាយបែបប្រពៃណី។
នៅក្នុងឆ្នាំ 2009 បានបើកដំណើរការ Alibaba Cloud (www.alibabacloud.com) ដែលវាជាឆ្អឹងខ្នងបច្ចេកវិទ្យាឌីជីថល និងបញ្ញារបស់ Alibaba Group ដោយវាផ្តល់នូវលក្ខណៈពេញលេញនៃសេវាកម្មពពកដល់អតិថិជនទូទាំងពិភពលោក រួមទាំងកុំព្យូទ័រយឺត មូលដ្ឋានទិន្នន័យ ការផ្ទុក បណ្តាញនិម្មិត កុំព្យូទ័រខ្នាតធំ សុវត្ថិភាព ការគ្រប់គ្រង កម្មវិធីការវិភាគទិន្នន័យធំ និងសេវាកម្មវេទិកា machine learning។
នៅក្នុងឆ្នាំ 2010 បានបើកដំណើរការ AliExpress (www.aliexpress.com) ដែលជាទីផ្សារសកលដោយផ្តោតលើអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ហើយអាចឱ្យពួកគេទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត និងអ្នកចែកចាយនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក។
នៅក្នុងឆ្នាំ 2012 បានបើកដំណើរការ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេ និងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភ្ជាប់អ្នកប្រើប្រាស់ក្នុងស្រុកជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងម៉ាកយីហោក្នុងតំបន់ និងជុំវីញពិភពលោក។
នៅក្នុងឆ្នាំ 2016 បានបើកដំណើរការ Freshippo ដែលជាខ្សែសង្វាក់លក់រាយក្នុងការដំណើរការដោយខ្លួនឯងរបស់ Alibaba Group និងរួមបញ្ចូលសមត្ថភាពលក់រាយតាមអ៊ីនធឺណិត និងក្រៅបណ្តាញ ហើយប្រើប្រាស់មុខហាងរបស់ខ្លួនជាឃ្លាំងដើម្បីបំពេញការបញ្ជាទិញតាមអ៊ីនធឺណិត។
នៅក្នុងឆ្នាំ 2018 Alibaba Group បានទិញ Ele.me (ដែលមានន័យថា “តើអ្នកឃ្លានទេ?” ជាភាសាចិន) ហើយវាជាសេវាកម្មក្នុងស្រុកឈានមុខគេ និងជាវេទិកាចែកចាយតាមតម្រូវការនៅក្នុងប្រទេសចិន។
បន្ថែមពីនេះ Alibaba Group ក៏បានបង្កើត DingTalk ដែលវាជាកន្លែងធ្វើការសហការបែបឌីជីថល និងវេទិកាអភិវឌ្ឍន៍កម្មវិធី ដែលផ្តល់នូវវិធីថ្មីៗក្នុងការងារ ការចែករំលែក និងការសហការសម្រាប់សហគ្រាស និងរួមទាំងសាលារៀន និងស្ថាប័នអប់រំផងដែរ។ សហគ្រាស និងអ្នកប្រើប្រាស់រាប់លាននាក់ប្រើប្រាស់ DingTalk ដើម្បីបន្តទំនាក់ទំនង និងធ្វើការពីចម្ងាយជាមួយគ្នា។