spot_img
spot_img
Homeទូទៅយុទ្ធសាស្រ្តទីផ្សារ​ បោកប្រាស់តាមអនឡាញ

យុទ្ធសាស្រ្តទីផ្សារ​ បោកប្រាស់តាមអនឡាញ

-

អ្នកលក់តាមអនឡាញមួយចំនួន ភាគច្រើនបានប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារ ដើម្បីអូសទាញមនុស្សមករកស៊ីជាមួយគ្នា ក្នុងគោលបំណងបោកបញ្ឆោតយកប្រាក់ចំណេញតែម្នាក់ឯង។

ការធ្វើយុទ្ធសាស្រ្តទីផ្សារ ការប្រមូលឱ្យមនុស្សមានមុខរបររកស៊ី និងការធ្វើឱ្យមនុស្សមានទំនុកចិត្តជារឿងល្អបំផុតសម្រាប់សហគ្រិន ប៉ុន្តែអ្នករកស៊ីមួយចំនួន ហេតុតែចង់មានបានលឿន ក៏បានប្រើប្រាស់យុទ្ធសាស្រ្តទាំងនោះ មកឆបោកអ្នកដទៃ និងយកប្រយោជន៍ធំតែម្នាក់ឯង ដែលជាហេតុធ្វើឱ្យអ្នកផ្សេងធ្លាក់រណ្ដៅជ្រៅក្នុងគ្រោះហានិភ័យទាំងមិនដឹងខ្លួន។

ករណីអ្នកលក់តាមអនឡាញ ប្រើយុទ្ធសាស្រ្តឆបោកយកប្រាក់ចំណេញ និងបោកទំនុកចិត្តអ្នកដទៃនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានមួយចំនួន ប៉ុន្តែនៅមួយចំនួនទៀត ដែលពេលខ្លះយើងមិនបានដឹងឬគ្មានភស្ដុតាំងគ្រប់គ្រាន់ដើម្បីប្ដឹងឬចាប់ខ្លួន ដូច្នេះត្រង់ចំណុចនេះ ចំពោះអ្នកចង់រកស៊ី ចង់សហការរកស៊ី ឬចង់ដើរតាមនរណា ត្រូវតែគិតពិចារណា និងស្គាល់ពីប្រវត្តិពិតប្រាកដរបស់បុគ្គលនោះឱ្យបានច្បាស់ជាមុនសិន។

ខាងក្រោមនេះ ជាយុទ្ធសាស្រ្តទីផ្សារបោកប្រាស់ដ៏ពេញនិយមបំផុតរបស់អ្នករកស៊ីតាមអនឡាញមួយចំនួន ដែលអ្នកត្រូវយល់ដឹង និងឈ្វេងយល់បន្ថែម ដើម្បីការពារខ្លួនកុំឱ្យលង់ជ្រៅតាមពួកគេ៖

1. អួតបង្ហាញថា ខ្លួនជា កំពូលអ្នកមាន

បុគ្គលទាំងនោះ ភាគច្រើនចូលចិត្តអួតបង្ហាញដល់មហាជនតាមបណ្ដាញសង្គម ដោយបង្ហាញថា ខ្លួនគឺជាកំពូលអ្នកមាន តាមរយៈបង្ហាញពីផ្ទះវីឡាច្រើនកន្លែង ឡានទំនើបជាច្រើនគ្រឿង មានពាក់គ្រឿងអលង្ការថ្លៃៗ និងបង្ហាញពីភាពឡូយឆាយរបស់ខ្លួន។ ប៉ុន្តែជាក់ស្ដែង សុទ្ធតែជារបស់ក្លែងក្លាយ ឬគ្រាន់តែជួលរបស់គេប៉ុណ្ណោះ ដូច្នេះហើយ មុននឹងជឿជាក់ថា អ្វីដែលបុគ្គលនោះបង្ហាញគឺជាការពិត និងជាកម្មសិទ្ធិពិតប្រាកដរបស់គាត់មែន សូមស៊ើបឱ្យបានច្បាស់ជាមុនសិន ដោយកុំជឿជាក់ទាំងស្រុង លើការអួតបង្ហាញតាមបណ្ដាញសង្គមតែមួយមុខ។

2. ចែករង្វាន់

បុគ្គលទាំងនោះ ភាគច្រើនចូលចិត្តថតបង្ហាញ ឬLive វីដេអូ​ អំពីសកម្មភាពចែករង្វាន់ជាលុយ ជាមាស យ៉ាងច្រើនដល់អតិថិជនជាដើម។ ប៉ុន្តែធាតុពិត វាគ្រាន់តែជាយុទ្ធសាស្រ្តមួយដើម្បីបញ្ឆោតចិត្តអ្នកទស្សនាប៉ុណ្ណោះ ពីព្រោះអ្វីដែលពួកគេបានថតបង្ហាញ និងចែកឱ្យនោះ ភាគច្រើនជាក្រុមការងារ បងប្អូន និងគ្នារបស់ពួកគេប៉ុណ្ណោះ។

3. ជួលតារាល្បីៗ

ដើម្បីកាន់តែយកទំនុកចិត្ត និងជំនឿពីមហាជន បុគ្គលទាំងនោះ តែងតែបង្កើតនូវកម្មវិធីដ៏អស្ចារ្យ និងមានជួលតារាល្បីៗ ដោយធ្វើយ៉ាងណាមើលទៅហាយសូ និងមានភាពទាក់ទាញបំផុត។

4. បង្ហាញមហាជន ថាខ្លួនជា មនុស្សសច្ចធម៌

បុគ្គលទាំងនោះ ចូលចិត្តថតបង្ហាញ ឬLive វីដេអូ បង្ហាញពីសកម្មភាពនានា ដើម្បីបញ្ជាក់ដល់មហាជនថា គាត់ជាមនុស្សចូលចិត្តធ្វើបុណ្យ ជាមនុស្សចូលចិត្តជួយអ្នកក្រលំបាក និងធ្វើសប្បុរសធម៌ផ្សេងៗ។ សកម្មភាពទាំងនោះ បានធ្វើឱ្យមនុស្សស្រលាញ់ចូលចិត្ត ជឿជាក់ និងគាំទ្រកាន់តែច្រើន។

5. បង្ហាញថា បានបង្រៀនកូនចៅក្លាយជាអ្នកមាន

បុគ្គលទាំងនោះ បានបង្ហាញថា តំណាងចែកចាយ មិត្តភក្តិ បងប្អូន និងអ្នកជាដៃគូរកស៊ីជាមួយគាត់ សុទ្ធតែក្លាយជាអ្នកមាន និងមានលុយ មានឡានអស់ហើយជាដើម។

6. ពូកែវោហាចាក់ទឹកមិនលិច

បុគ្គលទាំងនោះ ចូលចិត្តនិយាយច្រើន ដោយវោហាស័ព្ទគួរឱ្យទាក់ទាញ ទុកចិត្ត និងចាក់ទឹកមិនលិចឡើយ។ តាមរយៈវោហារបស់ពួកគេ ក៏ជាយុទ្ធសាស្រ្តមួយ ដើម្បីនិយាយឱ្យមនុស្សកាន់តែលង់ កាន់តែជឿ និងធ្វើតាមជាដើម។

សរុបជារួមមក យុទ្ធសាស្រ្តទាំង 6 ជាយុទ្ធសាស្រ្តល្អ ប្រសិនបើប្រើក្នុងផ្លូវល្អ ដោយលក់អ្វីជាការពិត មានគុណភាពខ្ពស់ ជួយមនុស្សដោយចិត្តស្មោះ និងជួយមនុស្សឱ្យរកស៊ីមានបានទាំងអស់គ្នា។ ប៉ុន្តែ អ្នករកស៊ីមួយចំនួន ភាគច្រើនចង់មានលឿនតែម្នាក់ឯង ដូច្នេះប្រើយុទ្ធសាស្រ្តនេះ ដើម្បីប្រមូលផលចំណេញធំតែម្នាក់ឯង ដោយមិនសូវខ្វល់ពីមនុស្សជុំវិញឡើយ។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ