ដើម្បីធ្វើឲ្យការជ្រើសរើសបេក្ខភាពដែលមានសមត្ថភាពក្នុងការលក់ អ្នកគប្បីដឹងពីអ្វីដែលអ្នកកំពុងស្វែងរក បង្កើតហ្គេមក្នុងពេលសម្ភាសន៍ និងពិនិត្យការសម្រេចចិត្តឲ្យបានហ្មត់ចត់។ លើសពីនេះ ក្នុងកំឡុងពេលសម្ភាសន៍ អ្នកអាចសួរសំណួរខ្លះដើម្បីឲ្យដឹងច្បាស់ពីបទពិសោធន៍និងជំនាញរបស់អ្នកមកដាក់ពាក្យនីមួយៗតាមរយៈ៖
- ចោទជាសំណួរទៅលើការកំណត់គោលដៅនៃការលក់របស់ពួកគេ៖ បុគ្គលិកឆ្នើមនឹងមានគោលដៅយ៉ាងច្បាស់ចំពោះការលក់ដើម្បីអាចវាស់ស្ទង់ពីការធ្វើការនិងភាពជោគជ័យដែលជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងរបស់ពួកគេ។
- សាកសួរពីអារម្មណ៍របស់ពួកគេក្នុងករណីអ្នកទិញបដិសេធឬរងការរិះគន់ផ្សេងៗ៖ ដើម្បីអាចដឹងថាតើពួកគេមានអារម្មណ៍អន់ចិត្តឬអត់ ជាពិសេសកម្រិតនៃការរកដោះស្រាយ ភាពអត់ធ្មត់ និងការគ្រប់គ្រងស្ថានការណ៍នៅពេលមានរឿងបែបនោះកើតឡើង។ សំណួរក្រៅពីនេះមានដូចជាតើពួកគេទទួលបានមេរៀនអ្វីពីបទពិសោធន៍នេះដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងលើកក្រោយទៀត។
- សួរពីវិធីសាស្រ្តនៃការរក្សាទំនាក់ទំនងជាមួយអតិថិជនចាស់ៗ៖ ថាតើពួកគេគួរធ្វើបែបណាដើម្បីឲ្យគេអាចគ្រប់គ្រងទិន្នន័យនិងព័ត៌មាននៃអតិថិជនចាស់ៗបាននិងនៅតែអាចរក្សាការប្រាស្រ័យទាក់ទងល្អជាមួយពួកគេ។ ម្យ៉ាងទៀតគឺការមានមធ្យោបាយនៃការរក្សាចំណូលរបស់ក្រុមហ៊ុនឲ្យមានលំនឹងក៏ជាចំណុចសំខាន់ដែរក្នុងការជ្រើសរើសបុគ្គលិក។
- សួរពីគន្លឹះ៖ ដែលបេក្ខជនមានក្នុងការបង្កើតនិងស្វែងរកវិធីថ្មីៗសម្រាប់ឱកាសនៃការលក់។
- ការស្វែងយល់ពីបេក្ខជនទៅលើការកសាងទំនុកចិត្ត៖ សម្រាប់អតិថិជនរួមមានការដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជន ការដឹកជញ្ជូនទំនិញទាន់ពេលវេលាជាដើមព្រោះថាបុគ្គលិកផ្នែកលក់ដែលមានគម្រោងនិងការរៀបចំល្អមានជំនឿចិត្តខ្ពស់ក្នុងការកសាងទំនុកចិត្តសម្រាប់អតិថិជន។
- ជ្រើសរើសបុគ្គលិកណាដែលមានជំនឿចិត្ត៖ ក្នុងការលក់និងមានទំនួលខុសត្រូវក្នុងការងារក៏ដូចជាទៅលើអតិថិជន។
ទាំងអស់នេះជាអ្វីដែលអ្នកសម្ភាសន៍មិនគួរមើលរំលងនៅពេលសម្ភាសន៍ព្រោះវាអាចឲ្យអ្នកដឹងពីសក្តានុពលរបស់បេក្ខជនក្នុងការបំពេញការងារឲ្យបានល្អក្នុងអាជីវកម្មអ្នក។