spot_img
spot_img
Homeទូទៅរបៀបដែលបុគ្គលិកអាចផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន

របៀបដែលបុគ្គលិកអាចផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន

-

បុគ្គលិកភាគច្រើនចង់ក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងក្រុមហ៊ុន ប៉ុន្តែដើម្បីធ្វើបែបនេះបាន លុះត្រាតែពួកគេមានការផ្លាស់ប្ដូរខ្លួនឯងឱ្យមានផ្នត់គំនិតរីកចម្រើន មានភាពបត់បែនខ្លាំង និងមានសមត្ថភាពខ្លាំងពូកែជាងមុន។

ហេតុដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីរបៀបក្នុងការផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងក្រុមហ៊ុន ដើម្បីធ្វើឱ្យអ្នកខ្លួនឯងកាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរជាងមុន។

ប្រសិនបើអ្នកកំពុងធ្វើការឱ្យក្រុមហ៊ុនណាមួយ ហើយអ្នកកំពុងចង់ធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើនជាងមុន ដូច្នេះអ្នកអាចអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម៖

1. ធ្វើឱ្យខ្លួនឯងមានភាពច្បាស់លាស់

អ្នកត្រូវតែបណ្ដុះខ្លួនឯងឱ្យមានឆន្ទៈច្បាស់លាស់ និងមានទស្សនវិស័យវែងឆ្ងាយដែលមានភាពជាក់លាក់ បន្ទាប់មកអ្នកក៏ត្រូវធ្វើឱ្យខ្លួនឯងមានឥទ្ធិពលទៅកាន់មនុស្សជុំវិញ ដោយមនុស្សគ្រប់គ្នាដែលជាមិត្តរួមការងាររបស់អ្នកជឿជាក់លើសមត្ថភាពរបស់អ្នក ហើយភាគច្រើននៅពេលអ្នកនិយាយអ្វីក៏ពួកគេទុកចិត្តនិងដើរតាមអ្នកដែរ។

នៅពេលដែលអ្នកអាចធ្វើឱ្យខ្លួនឯងមានភាពច្បាស់លាស់ហើយ ភាពផ្លាស់ប្ដូរ និងភាពរីកចម្រើនជាបន្តបន្ទាប់នឹងកើតមានសម្រាប់អ្នក។ លើសពីនេះ អ្នកក៏ត្រូវធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតថា អ្នកជាបុគ្គលមួយរូបដែលសំខាន់ក្នុងការចូលរួមចំណែកក្នុងការជួយក្រុមហ៊ុនឱ្យមានភាពរឹងមាំ និងភាពរីកចម្រើនទៅបានខ្លាំងនាពេលអនាគតផងដែរ។

2. ការកសាងជំនាញតាមលំដាប់លំដោយ

នៅពេលអ្នកធ្វើការនៅក្នុងក្រុមហ៊ុន តែងតែមានទាំងកិច្ចការងារដែលមានទំនួលខុសត្រូវតិចតួច ហើយក៏មានកិច្ចការងារខ្លះដែលទាមទារឱ្យអ្នកមានទំនួលខុសត្រូវខ្ពស់ ហើយសូម្បីតែបញ្ហាក៏ដូចគ្នា មានទាំងបញ្ហាតូច និងបញ្ហាធំដែលអាចកើតមានឡើងចំពោះអ្នកនិងចំពោះក្រុមហ៊ុនទាំងមូល។ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានសមត្ថភាពខ្លាំង អ្នកត្រូវតែមានផ្នត់គំនិតថា ទោះបីជាការងារនោះជាប្រភេទអ្វីក៏ដោយ មិនថាជាការងារតូចឬការងារធំនោះទេ អ្នកត្រូវតែបំពេញការងារតាមសម្រួល ដោយធ្វើតាមលំដាប់លំដោយនៃអាទិភាពការងារនីមួយៗ។

ចូរពង្រឹងសមត្ថភាពខ្លួនឯង ឱ្យចេះបែងចែកការងារ និងអាចគ្រប់គ្រងការបំពេញការងារឱ្យបានល្អតាមលំដាប់លំដោយ ព្រមទាំងពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជាជំនាញរបស់អ្នកឱ្យមានភាពខ្លាំងទៅតាមពេលវេលា និងតាមការកំណត់ចង់បានរបស់អ្នក ពីព្រោះអ្វីៗសុទ្ធតែត្រូវការពេលវេលា និងភាពតស៊ូព្យាយាមរបស់អ្នក ដូច្នេះមិនអាចចង់បានអ្វី ឬចង់សម្រេចអ្វីបានលឿនៗដោយគ្មានលំដាប់លំដោយនោះទេ។

3. ផ្តោតអារម្មណ៍ និងប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព

ការផ្ដោតអារម្មណ៍ និងការបេ្តជ្ញាចិត្តជារឿងដ៏ចាំបាច់ដែលអ្នកត្រូវតែមាន ពីព្រោះវាជាផ្នែកមួយជួយឱ្យអ្នកមានផលិតភាពការងារខ្ពស់ ព្រមទាំងធ្វើឱ្យអ្នករីកចម្រើននៅក្នុងការងារ តួនាទីរបស់អ្នកបានឆាប់រហ័ស។

ចូរធ្វើឱ្យខ្លួនឯងមានភាពផ្ដោតអារម្មណ៍ ដើម្បីសម្រេចលើកិច្ចការងារណាមួយជាចម្បង ដោយកុំធ្វើឱ្យខ្លួនឯងមានភាពបែកអារម្មណ៍ក្នុងការធ្វើអ្វីមួយដោយសារកត្តារារាំងផ្សេងទៀត។ បន្ទាប់មក ត្រូវតែមានការប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យខ្លួនឯងមិនងាយបោះបង់។ ការធ្វើបែបនេះ នោះអ្នកនឹងធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើន និងធ្វើការមានផលិតភាពខ្ពស់ជាងមុនៗដោយមិនដឹងខ្លួន។

4. ជួយជ្រោមជ្រែងអ្នកជុំវិញ

ការជួយជ្រោមជ្រែងដល់អ្នកជុំវិញឱ្យមានភាពប្រសើរឡើង និងរីកចម្រើនជាងមុន ជារឿងមួយដែលអ្នកមិនអាចមើលរំលងបានឡើយ ពីព្រោះនៅពេលអ្នកបានជួយអ្នកជុំវិញឱ្យមានសមត្ថភាពខ្លាំង នោះអ្នកក៏កាន់តែរីចកម្រើនខ្លាំងជាងមុនទ្វេដងដែរ ហើយនៅពេលអ្នកមានចំណុចខ្វះខាតអ្វី នោះអ្នកជុំវិញនឹងជួយកែតម្រូវនិងជួយអ្នកត្រឡប់មកវិញ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ