បញ្ហាហិរញ្ញវត្ថុជាបញ្ហាមួយដែលតែងតែមានភាពរញ៉េរញ៉ៃនិងធ្វើឲ្យមានការឈឺក្បាលខ្លាំងជាពិសេសគឺសម្រាប់ម្ចាស់អាជីវកម្មថ្មី។ ប៉ុន្តែមិនមែនមានន័យថាអ្នកនឹងគ្មានវិធីដោះស្រាយក្នុងការទុកដាក់វាឡើយ។ គន្លឹះមួយចំនួនខាងក្រោមនឹងអាចជួយដោះស្រាយភាពតានតឹងពីបញ្ហាស្មុគស្មាញដែលទាក់ទងនឹងហិរញ្ញវត្ថុដល់អ្នក ៖
រក្សាទុកវិក្ក័យបត្រនៅកន្លែងតែមួយ
ភាពរញ៉េរញ៉ៃគឺកើតចេញពីការទុកដាក់ដោយគ្មានសណ្តាប់ធ្នាប់។ អ្នកត្រូវបង្កើតទម្លាប់មួយឲ្យខ្លួនឯងដោយតែងតែយកវិក្ក័យបត្រនៅកន្លែងណាដែលងាយរកនិងនៅជិតដៃរបស់អ្នកដើម្បីបង្ការការភ្លេចឬបាត់បង់។ អ្នកអាចរើសយកកន្លែងផ្សេងៗដូចជា ថតតុ ប្រអប់ និងនៅក្នុងសំណុំឯកសារជាដើម។ អ្នកត្រូវប្រាកដថាកន្លែងដែលអ្នកទុកគឺទូលាយ ងាយស្រួលរក ហើយអ្នកបានរៀបទុកដាក់តាមលំដាប់ត្រឹមត្រូវហើយ។
ទូទាត់វិក្ក័យបត្រតាមកាលវិភាគ
អ្នកត្រូវដាក់កាលវិភាគមួយឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ថាពេលណាអ្នកនឹងសម្រេចថាទូទាត់លុយកាក់របស់អ្នក។ អ្នកអាចប្រើប្រាស់កាលវិភាគប្រចាំខែដើម្បីមានភាពងាយស្រួល។ ជាពិសេសអ្នកមិនត្រូវភ្លេចការទូទាត់ឲ្យបានត្រឹមត្រូវតាមពេលដែលបានកំណត់ហើយ។
បង្កើតការការពារជាមួយនឹងឥណទានវិបារូបរ៍
យោងតាមព័ត៌មានពីធនាគារស្ថាបនានៃប្រទេសកកម្ពុជារបស់យើង “ឥណទានវិបារូបរ៍ជាជម្រើសល្អបំផុតសម្រាប់លោកអ្នកដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ដើម្បីប្រើប្រាស់ក្នុងរយៈពេលខ្លីណាមួយ។ ប្រភេទឥណទាននេះអាចជួយឲ្យលោកអ្នកចាត់ចែងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងការចំណាយលើសទុនបង្វិលដែលមិនបានមើលឃើញទុកមុន។ ឥណទានមានភាពបត់បែនសមស្របតាមសេចក្តីត្រូវការរបស់លោកអ្នក។ អត្រាការប្រាក់គិតទៅលើទំហំទឹកប្រាក់ដែលបានប្រើប្រាស់តែប៉ុណ្ណោះ។”
សម្អាតឯកសាររបស់អ្នក
អ្នកត្រូវទុកដាក់ឯកសាររបស់អ្នកទៅតាមសំណុំឯកសារនីមួយៗដាច់ដោយឡែកពីគ្នាសម្រាប់ការទូទាត់ថ្លៃចំណូលចំណាយផ្សេងៗ។ អ្នកត្រូវពិនិត្យសើរើរាល់ឯកសារនៅចុងឆ្នាំនីមួយៗ។ អ្នកអាចបោះចោលរាល់វិក្ក័យប័ត្រនិងបង្កាន់ដៃណាដែលគ្មានប្រសិទ្ធភាពតទៅទៀតសម្រាប់ការធ្វើសវនកម្ម។
ដាក់គណនីផ្ទាល់ខ្លួននិងអាជីវកម្មឲ្យនៅដាច់ដោយឡែក
ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញពេលវេលាព្រោះវានឹងមិនឡូកឡំជាមួយប្រាក់ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកអាចបង្កើត Credit account មួយសម្រាប់អាជីវកម្មរបស់អ្នកដោយដាក់រាល់ការចំណាយនៅក្នុងនោះ។
រៀបចំពន្ធរបស់អ្នក
រាល់ឯកសារ របាយការណ៍ និងរបាយការណ៍សមតុល្យប្រចាំខែនីមួយត្រូវរៀបតាមលំដាប់ត្រឹមត្រូវ។ អ្នកត្រូវរៀបចំវាឲ្យបានល្អតាំងពីថ្ងៃដំបូងនៃការមានអាជីវកម្មបើមិនដូច្នោះទេអ្នកប្រហែលជាមានការងារជាច្រើនដែលត្រូវធ្វើហើយ។
ធ្វើការពិនិត្យឲ្យបានម៉ត់ចត់ឡើងវិញរៀងរាល់ឆ្នាំ
អ្នកត្រូវមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់នៅចុងឆ្នាំនីមួយៗ។ ការងារនេះមិនពិបាកទេបើអ្នកបានធ្វើការបានយ៉ាងល្អតាំងពីថ្ងៃដំបូងមក។ ក្នុងនោះអ្នកអាចពិនិត្យថាតើថវិការបស់អ្នកចេញនិងចូលតាមរបៀបណា និងអ្វីដែលជាចំណូលនិងចំណាយដ៏ធំបំផុតរបស់អ្នកជាដើម។