នៅពេលចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរអាជីពការងារថ្មីដែលកាន់តែល្អនៅកន្លែងក្រុមហ៊ុនផ្សេងៗ ជាធម្មតាក្រុមហ៊ុនទាមទារឱ្យមានប្រវត្តិរូបសង្ខេប មុននឹងឈានដល់វគ្គសម្ភាសន៍ការងារជាមួយអ្នកជ្រើសរើសបុគ្គលិក។ ហេតុដូចនេះ ប្រវត្តិរូបសង្ខេបជាផ្នែកមួយដ៏សំខាន់ក្នុងការស្វែងរកការងារ ឬអាចនិយាយបានថា ជាផ្នែកដែលជួយជំរុញឱ្យអ្នកទទួលបានឱកាសការងារស្របតាមក្ដីបំណងប្រាថ្នា។
បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថា ចំណេះជំនាញបទពិសោធន៍ការងាររបស់អ្នកតែងតែមានការផ្លាស់ប្ដូរ ឬរីកចម្រើនទៅមុខជានិច្ច ដូច្នេះប្រសិនបើអ្នកចង់ដាក់ពាក្យធ្វើការងារនៅកន្លែងណាមួយលើអាជីពការងារដែលអ្នកស្រលាញ់ ចូរកុំយកប្រវត្តិរូបសង្ខេបដែលអ្នកធ្លាប់សរសេរពីមុនទៅដាក់ពាក្យម្ដងទៀត ដោយគ្មានការកែប្រែអ្វីសោះ។ ចូរធ្វើបច្ចុប្បន្នភាព ឬសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកឡើងវិញជានិច្ចរាល់ពេលអ្នកផ្លាស់ប្ដូរការងារ ឬចង់ធ្វើឱ្យអាជីពការងាររបស់អ្នកកាន់តែល្អស្របតាមការចង់បាននៅកន្លែងថ្មី។
តើគួរសរសេរឡើងវិញ ឬកែប្រែប្រវត្តិរូបសង្ខេបរបស់អ្នកបែបណាទើបល្អ? ខ្លឹមសារខាងក្រោមនេះនឹងជួយបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដល់អ្នក។
របៀបសរសេរកែលម្អប្រវត្តិរូបសង្ខេបឡើងវិញ
ការសរសេររៀបរាប់អំពីព័ត៌មានផ្ទាល់ខ្លួន សំដៅលើការសរសេរពិពណ៌នាបែបខ្លីៗថា តើអ្នកជានរណា? ព្រមទាំងបង្ហាញពីហេតុផលសំខាន់ៗរបស់អ្នកក្នុងការផ្លាស់ប្តូរអាជីពការងារថ្មី គោលដៅថ្មី របៀបដែលបទពិសោធន៍ដែលអ្នកធ្លាប់មានពីមុនអាចផ្លាស់ប្ដូរអ្នកចូលទៅក្នុងឧស្សាហកម្មថ្មី និងមូលហេតុដែលអ្នកធ្វើបានល្អបំផុតសម្រាប់ការងារដែលអ្នកកំពុងដាក់ពាក្យនោះ។
ជំហានបន្ទាប់ អ្នកត្រូវសរសេររំលេចបង្ហាញពីបទពិសោធន៍របស់អ្នកដែលធ្លាប់មានកន្លងមក តាមរយៈការសរសេរបង្ហាញពីជំនាញដែលអ្នកបានធ្វើនៅពេលអ្នកធ្វើការនៅក្រុមហ៊ុនពីមុន។ នៅចំណុចនេះ អ្នកក៏ត្រូវដឹងថា អ្នកជ្រើសរើសបុគ្គលិកទាំងអស់ ពួកគេតែងតែសម្លឹងឃើញ ឬចាប់អារម្មណ៍ខ្លាំងលើចំណេះជំនាញបទពិសោធន៍ និងទេពកោសល្យរបស់អ្នក តាមរយៈការផ្ដោតមើលលើការសរសេរនូវចំណុចសំខាន់ៗដែលអ្នកបានសរសេរពីអ្វីដែលបានអនុវត្តន៍ជាក់ស្ដែង។ ឧទាហរណ៍ អ្នកមានជំនាញទំនាក់ទំនងដ៏ល្អ ជាអ្នកសហការជាមួយក្រុមការងារដ៏ខ្លាំង និងមានភាពវៃឆ្លាតផ្នែកអារម្មណ៍ជាដើម។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកក៏អាចសរសេរពិព៌ណ៌នាបន្ថែមពីប្រវត្តិការងារដែលពាក់ព័ន្ធរបស់អ្នកផងដែរ ប៉ុន្តែចៀសវាសសរសេរបញ្ចូលនូវការងារណាដែលអ្នកធ្លាប់ធ្វើ ប៉ុន្តែវាមិនមានភាពពាក់ព័ន្ធឬមានភាពសំខាន់លើមុខតំណែងឬជំនាញដែលអ្នកកំពុងដាក់ពាក្យធ្វើការនោះ។
ជាចុងក្រោយ អ្នកត្រូវសរសេរបង្ហាញពីការអប់រំរបស់អ្នក ដូចជាព័ត៌មានលម្អិតអំពីវិញ្ញាបនប័ត្រ ឬវគ្គសិក្សាដែលអាចពាក់ព័ន្ធ ទោះបីជាអ្នកមិនទាន់បានបញ្ចប់វាក៏ដោយ។