ការចាប់ផ្ដើមអាជីវកម្ម តែងតែត្រូវការដើមទុន និងមានលំហូសាច់ប្រាក់ល្អ ហើយដើម្បីទទួលបានដើមទុនឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្ដែង គឺមានច្រើនប្រភព។ ប៉ុន្តែប្រសិនបើអ្នកមានគោលបំណងចង់សរសេរលិខិតស្នើសុំដើមទុនបន្ថែមពីវិនិយោគិនម្នាក់ ឬច្រើននាក់ ដូច្នេះត្រូវតែចេះពីរបៀបសរសេរធ្វើយ៉ាងណាឱ្យពួកគេមានការពេញចិត្ត ក៏ដូចជាហ៊ានផ្ដល់ដើមទុនដល់អ្នក។
បើយោងតាមគេហទំព័រ Forbes បានបង្ហាញពីគន្លឹះ 5 យ៉ាងដើម្បីជាគំនិតបន្ថែមក្នុងការធ្វើយ៉ាងណាឱ្យការសរសេរសំណើររបស់អ្នកមានភាពល្អ និងពោរពេញដោយភាពទាក់ទាញការវិនិយោគ។
1. ធ្វើឱ្យដូចជាអ្នកមានវិជ្ជាជីវៈខ្ពស់ (Be Professional)
ការដែលធ្វើឱ្យដូចជាអ្នកមានវិជ្ជាជីវៈខ្ពស់ មានសារៈសំខាន់ណាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកវិនិយោគិន ហើយអ្នកក៏ត្រូវតែចងចាំដែលថា ការធ្វើឱ្យខ្លួនមានវិជ្ជាជីវៈ វាមិនត្រឹមតែគិតលើរូបរាង និងការជ្រើសរើសពាក្យពេចន៍ក្នុងការនិយាយឬសរសេរនោះទេ ប៉ុន្តែវាមានជាច្រើនទៀតដែលអ្នកត្រូវគិតពិចារណាបន្ថែម ដូចជា៖
- ការដាក់វណ្ណយុត្តិ ដើម្បីធ្វើឱ្យងាយស្រួលមើលនិងអាន (punctuation)
- វេយ្យាករណ៍
- រៀបចំរបៀបសរសេរ ការដាក់រូបភាពឱ្យបានល្អ (formatting)
- ក្បាលចំណងជើងដំបូង (Headers)
- ការចុះហត្ថលេខា
- ភាពច្បាស់លាស់នៃឯកសារ
- ការលើកដាក់សម្លេង (Tone)
- ការសង្ខេប
ហេតុនេះបើអ្នកពិតជាមានគម្រោងចាប់ផ្ដើមសរសេរសំណើរស្នើសុំដើមទុន ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានបំពេញអ្វីៗគ្រប់យ៉ាងជាឌីជីថលជំនួសដោយការសរសេរដៃ។ លើសពីនេះ ទម្រង់ដែលបានវាយបញ្ចូលត្រូវតែមានលក្ខណៈវិជ្ជាជីវៈល្អប្រសើរ ដោយអាចធ្វើឱ្យអ្នកដទៃអាចមើលយល់បានច្រើន ចៀសវាងសរសេរយល់តែម្នាក់ឯង។ បន្ថែមពីនេះ អ្នកក៏អាចបញ្ចូលនូវក្បាលសំបុត្រសម្រាប់អាជីវកម្មរបស់អ្នក ធ្វើជាលិខិតគម្របណាមួយដែលអ្នកបានដាក់ស្នើជាមួយនឹងសំណើរ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមានគម្រោងក្នុងការបញ្ជូនលិខិតសំណើរនោះតាមមធ្យោបាយអ៊ីនធឺណែត ឬផ្ទាល់ អ្នកក៏ត្រូវពិនិត្យឡើងវិញ ដើម្បីការពារកុំឱ្យមានកំហុសណាមួយកើតឡើងអចេតនាឱ្យសោះ។
2. ធ្វើការស្រាវជ្រាវរបស់អ្នក
ប្រសិនបើអ្នកចង់ទទួលបានការវិនិយោគដ៏ល្អ គឺទាមទារឱ្យអ្នកធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកវិនិយោគិនណាដែលអ្នកជួយដល់អ្នក ព្រមទាំងអាចជំរុញដំណើរអាជីវកម្មរបស់អ្នកកាន់តែល្អ។ លើសពីនេះ ក៏ត្រូវសិក្សាអំពីវិនិយោគិនដែលអ្នកចង់ស្នើសុំដើមទុនផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំសំណើរនោះសមស្របនឹងអ្វីដែលពួកគេចូលចិត្ត និងរីករាយក្នុងការវិនិយោគមកកាន់អ្នក។
ចូរស្វែងរកអ្នកវិនិយោគដ៏មានសក្តានុពល ដែលអាចអនុញ្ញាតឱ្យអ្នកកំណត់ថាតើការស្នើសុំមូលនិធិអាជីវកម្មរបស់អ្នក គឺអាចទៅរួច និងល្អ មុនពេលអ្នកចាប់ផ្ដើមសរសេរសំណើរនោះ។
3. ផ្ដល់ជូននូវឯកសារហិរញ្ញវត្ថុជាក់លាក់
ជាទូទៅ នៅពេលដែលអ្នកចង់ស្នើសុំអ្វីមួយពីនរណាម្នាក់ ច្បាស់ណាស់ម្នាក់នោះក៏ចង់ទទួលបានគុណប្រយោជន៍ត្រឡប់មកវិញដែរ។ ដូចគ្នានេះដែរ ចំពោះការស្នើសុំដើមទុនពីវិនិយោគិន ក៏អ្នកត្រូវតែមានអ្វីជាអំណះអំណាង ដើម្បិធ្វើយ៉ាងណាឱ្យវិនិយោគិនគិតថា ការផ្ដល់ដើមទុននោះជារឿងត្រឹមត្រូវ ជារឿងដែលផ្ដល់ផលចំណេញ និងរីករាយក្នុងការផ្ដល់ឱ្យ ដូច្នេះអ្នកត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុអាជីវកម្មមួយចំនួនដូចខាងក្រោម៖
- របាយការណ៍ប្រាក់ចំណូល (Income statement)
- របាយការណ៍លំហូរសាច់ប្រាក់ (Cash flow statement)
- តារាងតុល្យការ (Balance sheet)
- សេចក្តីថ្លែងការណ៍នៃប្រាក់ចំណូលដែលបានរក្សាទុក (Statement of retained earnings)
លើសពីនេះ អ្នកក៏អាចសិក្សាបន្ថែមទៀតថា តើវិនិយោគិនដែលអ្នកនឹងស្នើសុំដើមទុននោះ ពួកគេនឹងត្រូវការព័ត៌មានអ្វីបន្ថែមទៀតពាក់ព័ន្ធនឹងហិរញ្ញវត្ថុ? បន្ទាប់មកត្រូវត្រៀមលក្ខណៈក្នុងការរៀបចំឱ្យបានរួចរាល់ដើម្បីបង្ហាញជូនពួកគេ។
4. ផ្តល់ព័ត៌មានលម្អិត
ការផ្តល់ព័ត៌មានលម្អិតឱ្យបានច្រើនតាមតែអាចធ្វើទៅបាន វាមានសារៈសំខាន់ណាស់ក្នុងការស្នើសុំដើមទុនពីអ្នកវិនិយោគ។ ដូច្នេះដើម្បីផ្ដល់ព័ត៌មានឱ្យបានល្អ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖
- ព័ត៌មានអាជីវកម្ម (ឧ. ទីតាំង កាលបរិច្ឆេទបើក គោលដៅអាជីវកម្ម ផលិតផលឬសេវាកម្ម។ល។
- ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន
- ចំនួនទឹកប្រាក់ដែលនឹងស្នើសុំ
- ពន្យល់ពីមូលហេតុដែលអ្នកត្រូវការចំនួនទឹកប្រាក់ដែលអ្នកកំពុងស្នើសុំ
- បង្ហាញពីរបៀបដែលអ្នកនឹងប្រើប្រាស់ដើមទុនដែលស្នើសុំនោះ
- ពន្យល់អំពីផែនការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត (ឧ. បើទទួលបានផលចំណេញ អ្នកនឹងធ្វើបែបណាបន្ត ឬបែងចែកភាគលាភខ្លះឱ្យអ្នកវិនិយោគ ឬធ្វើឱ្យបានល្អលើការវិនិយោគនោះជាដើម…)
5. សន្មត់លើអ្វីដែលនឹងអាចកើតមាន
ជាធម្មតា គម្រោង ក៏ដូចជាការរំពឹងទុក វាតែងតែអាចខុសពីស្ថានភាពពិតជាក់ស្ដែង ដូច្នេះអ្នកក៏ត្រូវមានការត្រៀមទុកមុនផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យការស្នើសុំរបស់អ្នកទទួលបានភាពជោគជ័យ ដោយមានការពេញចិត្តទាំងសងខាង។ ឧទាហរណ៍៖ ប្រសិនបើវិនិយោគិនយល់ព្រមតាមសំណើផ្តល់ជូនដើមទុនតាមការស្នើសុំរបស់អ្នក ប៉ុន្តែគាត់មានលក្ខខ័ណ្ឌដោយចង់បានការគ្រប់គ្រង 50% តើអ្នកសុខចិត្តទទួលយកការផ្តល់ជូននោះទេ? ហើយអ្នកនឹងមានអ្វីដើម្បីឆ្លើយតប?