spot_img
spot_img
Homeទូទៅរបៀបសហការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត

របៀបសហការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត

-

នៅកន្លែងធ្វើការ ច្បាស់ណាស់នឹងមានបុគ្គលិកមិនសូវចុះសម្រុងជាមួយគ្នា ហើយពេលខ្លះអាចមិនចុះសម្រុងជាមួយនឹងប្រធានផ្នែក និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលពួកគេមិនពេញចិត្តនឹងគ្នា។ ដូច្នេះតើត្រូវធ្វើដូចម្ដេចដើម្បីអាចសហការធ្វើការជាមួយគ្នាបានជាមួយនឹងមនុស្សដែលអ្នកមិនចូលចិត្ត ឬពិបាកចុះសម្រុង?

បើយោងតាមគេហទំព័ររបស់ Harvard Business Review បានបង្ហាញអំពីយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួន ដើម្បីអាចជួយអ្នកឱ្យធ្វើការសហការជាមួយគ្នាកាន់តែប្រសើរឡើងជាមួយមនុស្សដែលអ្នកមិនចូលចិត្តឬពិបាកចុះសម្រុង។

ហើយយុទ្ធសាស្រ្តទាំងនោះ រួមមាន៖

1. គិតអំពីមូលហេតុនៃភាពតានតឹង និងរបៀបដែលអ្នកកំពុងឆ្លើយតបចំពោះវា

ជំហានដំបូង អ្នកត្រូវតែហ៊ានទទួលយកនិងធ្វើការឆ្លុះបញ្ចាំង បន្ទាប់មកត្រូវរំលឹកខ្លួនអ្នកថា អ្នកមិនអាចចុះសម្រុងឬពេញចិត្តចំពោះមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែរាល់អន្តរកម្មជាមួយនឹងអ្នកដទៃគឺវាមានគុណតម្លៃខ្លាំងណាស់ ដោយអ្នកអាចរៀនពីមនុស្សស្ទើរតែទាំងអស់ដែលអ្នកបានជួប ឬកំពុងធ្វើការជាមួយនឹងអ្នក។

លើសពីនេះ អ្នកក៏ត្រូវពិនិត្យមើលដោយស្មោះត្រង់នូវអ្វីដែលបណ្តាលឱ្យអ្នកមានភាពតានតឹង និងតួនាទីដែលអ្នកកំពុងដើរតួក្នុងការបង្កើតវា ហើយស្វែងរកឫសគល់ដែលធ្វើឱ្យអ្នកគ្មានអារម្មណ៍ និងមិនចូលចិត្តសហការជាមួយបុគ្គលណាម្នាក់ បន្ទាប់មកអ្នកត្រូវរៀនទទួលយកវា និងរៀនមើលអំពីកំហុសឬសកម្មភាពរបស់ខ្លួនឯងផង។

2. ព្យាយាមឈ្វេងយល់ពីទស្សនៈរបស់អ្នកដទៃ

អ្នកត្រូវតែចំណាយពេលគិតដោយចេតនាអំពីទស្សនៈរបស់អ្នកដទៃ ជាពិសេសប្រសិនបើបុគ្គលនោះមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់អ្នក។

សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​នេះ​ប្រព្រឹត្ត​បែប​នេះ? តើអ្វីអាចជំរុញទឹកចិត្តពួកគេ? តើពួកគេមើលមកខ្ញុំឃើញបែបណា? តើពួកគេអាចចង់បាន និងត្រូវការអ្វីខ្លះពីខ្ញុំ?

3. ធ្វើជាអ្នកដោះស្រាយបញ្ហា ជាជាងការរិះគន់ ឬប្រជែងអ្នកដទៃ

ការដែលអាចធ្វើការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង អ្នកត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតពីការចង់ប្រកួតប្រជែង ទៅជាការសហការគ្នាវិញ។ លើសពីនេះ ត្រូវតែចូលរួមសកម្មភាពធ្វើការជាមួយពួកគេផ្ទាល់ និងត្រូវរៀនបើកចំហចិត្តក្នុងការធ្វើការជាមួយពួកគេ។ ហើយអ្នកក៏អាចសួរមកខ្លួនឯងថា តើ​អ្នក​គិត​អ្វី? តើ​អ្នក​មាន​គំនិត​សម្រាប់​របៀប​ដែល​យើង​អាច​ធ្វើ​ការ​បាន​ល្អ​ជាមួយ​គ្នា​ទេ? បន្ទាប់មកធ្វើសកម្មភាពណាដែលអ្នកគិតថាល្អ និងអាចសហការជាមួយពួកគេដើម្បីសម្រេចនូវគោលដៅការងារ។

4. សួរសំណួរបន្ថែម

នៅក្នុងកិច្ចសហការគ្នា អ្នកត្រូវតែសួរសំណួរឱ្យបានច្រើន បន្ទាប់មករៀនស្ដាប់ពីមតិយោបល់របស់អ្នកដទៃ និងបើមានអ្វីកែអាចចូលរួមផ្ដល់ជាមតិយោបល់កែលម្អ ជាជាងនិយាយរិះគន់បន្ថែម ឬការនិយាយខ្វែងគំនិតគ្នានឹងគ្នា។ លើសពីនេះ អ្នកក៏អាចស្នើសុំឱ្យមានជំនួយពីពួកគេ ដើម្បីអាចចាប់ផ្ដើមបង្កើតទំនាក់ទំនងរវាងអ្នកនិងពួកគេឱ្យកាន់តែល្អ ទោះបីជាការចាប់ផ្ដើមដំបូងរៀងពិបាកបន្ដិចក៏ដោយ។

5. យល់អំពីបុគ្គលិកលក្ខណៈរបស់អ្នកដទៃ

មនុស្សម្នាក់ៗតែងតែមានបុគ្គលិកលក្ខណៈផ្សេងៗគ្នា សូម្បីតែចំណង់ចំណូលចិត្ត ស្ទាយផ្ទាល់ខ្លួន និងអត្តចរិតជាដើម ដូច្នេះអ្នកត្រូវតែរៀនយល់អំពីពួកគេឱ្យបានច្រើន ដើម្បីចៀសវាងធ្វើឱ្យអ្នកកាន់តែមានភាពតានតឹងខ្លាំងនៅពេលធ្វើការសហការជាមួយពួកគេ ហើយពួកគេធ្វើសកម្មភាពណាមួយដែលអ្នកមិនពេញចិត្តជាដើម។ បន្ទាប់មក អ្នកត្រូវរៀនសម្របខ្លួន និងចេះយោគយល់គ្នាទៅវិញទៅមក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ