មនុស្សភាគច្រើន សុទ្ធតែចង់ធ្វើអ្វីមួយបានសម្រេចទៅតាមក្ដីប្រាថ្នា ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺ ចង់ធ្វើអ្វីមួយបានតែមួយភ្លេត និងឆាប់បោះបង់ចោល ជាពិសេសអាចនាំខ្លួនឯងឱ្យវង្វេងនឹងគោលដៅខ្លួនឯង។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយពោរពេញដោយមហិ្ឆចតា ដោយមិនងាយបោះបង់ រហូតអាចសម្រេចជោគជ័យតាមផែនការ ចូរអ្នកធ្វើឱ្យខ្លួនឯងមានរឿង 8 យ៉ាងនៅក្នុងខ្លួន។
1. មានបុព្វហេតុជីវិត
កើតមួយជាតិ មានតែជីវិតមួយ ដូច្នេះដើម្បីរស់នៅក្នុងភាពរីកចម្រើន ភាពសប្បាយរីករាយ គឺអ្នកត្រូវតែមានបុព្វហេតុមួយដែលជាកម្លាំងជំរុញអ្នកឱ្យធ្វើសកម្មភាពថ្មីៗ សកម្មភាពរីកចម្រើន និងចង់បន្តរស់នៅជាប្រចាំ។
បុព្វហេតុនោះ អាចជា៖ ឪពុកម្ដាយ (ព្រោះតែលោកទាំងពីរ ទើបអ្នកចង់សងគុណ ហើយចង់ឱ្យគាត់ឃើញពីភាពជោគជ័យរបស់អ្នក) និងមានផ្សេងទៀត ដែលជាគន្លឹះមួយដែលជាកម្លាំងចិត្តដ៏មិនអាចកាត់ថ្លៃបាន មិនថាជាអ្វីក៏ដោយឱ្យតែអ្នកគិតថាសំខាន់ក្នុងជីវិត ហើយសម្រេចចិត្តថា នឹងខិតខំប្រឹងប្រែងឱ្យខ្លាំងនិងមិនងាយហត់នឿយដើម្បីសម្រេចជោគជ័យ។
“គ្មានបុព្វហេតុជីវិត អ្នកនឹងធ្វើអ្វីតាមតែចិត្តចង់តាមពេលវេលា តាមអារម្មណ៍ប៉ុណ្ណោះ និងងាយឱ្យអ្នកដទៃអូសទាញបាន”
2. មានគោលដៅច្បាស់លាស់
សួរខ្លួនឯងមើលថា
– តើអ្វីជាគោលដៅជីវិតដែលអ្នកចង់ឱ្យខ្លួនឯងក្លាយជា?
– តើអ្វីជាបេសកកម្មជីវិតដែលអ្នកត្រូវធ្វើ?
– តើអ្វីជាទស្សនវិស័យជីវិតរបស់អ្នក?
– តើអ្វីដែលអ្នកស្រលាញ់ជាងគេ?
– តើអ្នកត្រូវដឹកនាំជីវិតខ្លួនបែបណា?
– តើអ្នកត្រូវរៀបចំផែនការជីវិតបែបណា ទើបអាចសម្រេចគោលដៅបាន?
ចូរឆ្លើយចំណួរទាំងនេះ បន្ទាប់មកចាប់ផ្ដើមកំណត់គោលដៅខ្លួនឯង? កាលណាអ្នកច្បាស់នឹងគោលដៅខ្លួនឯង អ្នកនឹងមានចិត្តចង់ និងមានវិធីសាស្រ្តជាច្រើនបន្តបន្ទាប់ដែលត្រូវធ្វើសកម្មភាព។ ប៉ុន្តែបើគ្មានគោលដៅច្បាស់លាស់ទេ អារម្មណ៍ចង់ធ្វើសកម្មភាពអ្វីមួយនឹងកើតឡើងតែមួយឆាវប៉ុណ្ណោះ ហើយក៏បោះបង់។
3. មានជំនាញរឹងជាគោលមួយ
ជំនាញរឹង ជាជំនាញមួយដែលមនុស្សគ្រប់គ្នាត្រូវតែមាន ហើយត្រូវតែចេះច្បាស់ និងស្ទាត់ជំនាញ។ ប៉ុន្តែបើអ្នកគ្មានជំនាញណាមួយជាគោលនៅក្នុងជីវិតទេ អ្នកច្បាស់ជាចង់ធ្វើអ្វីតាមតែការអូសទាញពីមនុស្សជុំវិញ និងមជ្ឈដ្ឋានជុំវិញតែប៉ុណ្ណោះ។ ឧទាហរណ៍៖ បើអ្នកស្រលាញ់ជំនាញធ្វើទីផ្សារ ហើយអ្នកមានទេពកុសល្យខាងនេះទៀត ដូច្នេះត្រូវតែបណ្ដុះខ្លួនឯងឱ្យក្លាយជា អ្នកជំនាញធ្វើទីផ្សារ។
4. អភិវឌ្ឍន៍ចំណេះជំនាញជាប្រចាំថ្ងៃ
កាលណាអ្នកបន្តអភិវឌ្ឍន៍វាជាប្រចាំ អ្នកនឹងរីកចម្រើន អ្នកនឹងរីករាយ អ្នកនឹងរកផ្លូវដើរបានលឿនទាន់សម័យកាល ហើយអ្នកនឹងសប្បាយចិត្តនឹងជីវិតរស់នៅប្រចាំថ្ងៃ ជាហេតុធ្វើឱ្យអ្នកមានកម្លាំងចិត្តកាន់តែខ្លាំងដើម្បីសម្រេចនូវកិច្ចការណាមួយរបស់អ្នក។
5. បន្តរកវិធីសាស្រ្តអនុវត្តន៍
មនុស្សរីកចម្រើន និងមនុស្សជោគជ័យលើគ្រប់វិស័យ សុទ្ធតែមានវិធីសាស្រ្តអនុវត្តន៍ខុសៗគ្នា ឬអាចមានដូចគ្នាតិចតួច ដូច្នេះបើអ្នកចង់រីកចម្រើន និងជោគជ័យអ្វីមួយ អ្នកត្រូវតែរៀនសូត្រពីបុគ្គលខ្លាំង បន្ទាប់មកផ្គុំវិធីសាស្រ្តគេជាមួយនឹងស្ថានភាពអ្នកជាក់ស្ដែង ថាតើនៅពេលអនុវត្តន៍វិធីសាស្រ្តនោះ បានជោគជ័យទេ? ប៉ុន្តែបើមិនជោគជ័យ ឬអនុវត្តទៅជោគជ័យបានតែដំបូងក្រោយមកប្រែជាគ្មានប្រសិទ្ធិភាព ចូរអ្នកបន្តរកវិធីសាស្រ្តផ្សេងទៀត។
ប្រព័ន្ធបច្ចេកវិទ្យាល្អប៉ុណ្ណា ក៏នៅតែមានការ Update ឡើងវិញ និងកែលម្អទម្រង់ថ្មីឱ្យកាន់តែងាយស្រួលជាងមុន ដូចនឹងមនុស្សដែរ ត្រូវមានការ Update ឬបន្តរកវិធីសាស្រ្តអនុវត្តន៍រហូត ដើម្បីភាពរីកចម្រើន។
6. រៀបចំខ្លួនឱ្យដូចជាមនុស្សដែលយើងចង់ក្លាយជា
នៅពេលដែលអ្នកមានជំនាញមួយជាគោល មានបុព្វហេតុជីវិត មានគោលដៅច្បាស់ នោះអ្នកក៏អាចដឹងថា ខ្លួនឯងចង់ក្លាយជាមនុស្សបែបណា ដូច្នេះចូររៀនតុបតែង ក៏ដូចជារៀបរឹកឱ្យដូចទៅនឹងអ្វីដែលអ្នកចង់ឃើញខ្លួនឯងនាពេលខាងមុខ។
ធ្វើបែបនេះ ក៏ជាការដាស់តឿនអ្នករាល់ថ្ងៃផងដែរថា អ្នកចង់ក្លាយជាអ្វី? ហើយមនុស្សគ្រប់គ្នាក៏មើលមកអ្នក ជាមនុស្សដែលអ្នកចង់ក្លាយជា ចាប់តាំងពីអ្នកចេះរៀបចំអ្វីគ្រប់យ៉ាងជាបណ្ដើរៗ ពីពេលនេះទៅ។
7. បណ្ដុះខ្លួនឯងឱ្យខ្លាំងខាងអនុវត្តន៍ជាជាងបានតែនិយាយ
មនុស្សបច្ចុប្បន្ន ចូលចិត្តនិយាយច្រើនជាងធ្វើ ប៉ុន្តែអ្នកសាកសង្កេត ឬស្រាវជ្រាវពីបុគ្គលដែលជោគជ័យក្នុងពិភពលោក ក៏ដូចជាអ្នករីកចម្រើនពិតប្រាកដ សួរថា ពួកគាត់ពូកែនិយាយច្រើនជាង ឬពូកែធ្វើសកម្មភាពឱ្យមានលទ្ធផលជាង?
ចំណុចនេះ ខ្ញុំឱ្យអ្នករៀនសង្កេតខ្លួនឯង បន្ទាប់មក អ្នកអាចគិតពិចារណាតាមការគួរ។
8. រកជំនួយពីមនុស្ស5ប្រភេទ
ក្រៅពីអ្នកមាន ទាំង7 ចំណុចខាងលើ អ្នកក៏មិនអាចខ្វះនូវចំណុចទី8 បានដែរ។ មនុស្ស 5ប្រភេទដែល គួរតែជាជំនួយដ៏ល្អចំពោះអ្នក រួមមាន៖
ទី1. គ្រូបង្វឹក៖ ជាអ្នកដែលតែងតែបង្វឹកនូវចំណេះជំនាញដល់អ្នក។
ទី2. អ្នកជួយណែនាំផ្លូវ៖ ជាអ្នកដែលតែងតែជួយត្រួសត្រាយផ្លូវអ្នក កុំឱ្យមានការដើរ ខុសពីអ្វីដែលអ្នកបានកំណត់ ក៏ដូចជាដើរឆ្ងាយពីទេពកុសល្យពិតប្រាកដរបស់អ្នក។
ទី3. មិត្តភក្ដិល្អ៖ ជាមិត្តដែលស្មោះត្រង់ ចែករំលែកគ្នា ជួយគ្នា និងយល់ពីគ្នាទៅវិញទៅមក។
ទី4. អ្នកលើកទឹកចិត្ត៖ ជាអ្នកដែលតែងតែផ្ដល់ជាកម្លាំងចិត្ត លើកតម្លើង នៅក្បែរគ្រប់ស្ថានភាពដែលអ្នកធ្លាក់ទឹកចិត្ត។
ទី5. មនុស្សដែលអ្នកជួយគេបន្ត៖ អ្នកខ្លួនឯងក៏ត្រូវជួយនរណាម្នាក់ឬច្រើនផងដែរ មិនថាការជួយលើកទឹកចិត្ត ការជួយបង្ហាញផ្លូវ ការចែករំលែក និងបង្រៀន។
បើអ្នកចង់ដឹងថា ធ្វើតាមចំណុចទាំង8 ខាងលើនេះហើយ អាចលុបបំបាត់នូវអារម្មណ៍ដែលចង់ធ្វើអ្វីមួយបានតែមួយឆាវនឹងបានឬមិនបាន អ្នកដែលបានអានដល់ចប់ អាចចាប់ផ្ដើមសាកល្បងធ្វើវាបាន ថាមានប្រសិទ្ធភាព ឬក៏គ្មាន។