spot_img
spot_img
Homeធុរកិច្ចរឿង៣យ៉ាងដែលបានផ្លាស់ប្តូរខ្ញុំនៅពេលធ្វើជាសហគ្រិនម្នាក់

រឿង៣យ៉ាងដែលបានផ្លាស់ប្តូរខ្ញុំនៅពេលធ្វើជាសហគ្រិនម្នាក់

-

ទាំងនេះ​គឺជា​រឿងរ៉ាវ​៣​យ៉ាង​ក្នុង​ការធ្វើជា​សហគ្រិន​ម្នាក់​ដែលបាន​ផ្លាស់ប្តូរ​ខ្ញុំ​កំឡុងពេល​ដំណើរ​ការ​ក្រុមហ៊ុន​របស់ខ្ញុំ​ចាប់តាំងពី​មាន​មនុស្ស​២​នាក់​អង្គុយ​ធ្វើការ​នៅតុ​តែ​មួយ​រហូត​ដល់​មាន​សមាជិកក្រុម​៦០​និង​មាន​អតិថិជន​រាប់រយ​នាក់។

១.ខ្ញុំ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ទុកចិត្ត

ក្នុងនាមជា​សហគ្រិន​ម្នាក់ យើង​តែង​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ចំពោះ​ពិភពលោក។ ​ជាការពិត​តែងតែ​មាន​មនុស្ស​ដែល​ចាំតែ​ទាញ​យក​ផលប្រយោជន៍​ពី​ទំនុកចិត្ត​របស់យើង។ មនុស្ស​ទាំង​អស់​មិនមែន​សុទ្ធតែ​មាន​គំនិត​ល្អ​ចំពោះ​យើង​ឬ​អាជីវកម្ម​របស់យើង​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា​អ្នក​​មិន​អាច​ទុកចិត្ត​មនុស្ស​គ្រប់​គ្នា​ដែរ។ មិនថា​ជា​ដៃគូ​ពាណិជ្ជកម្ម និយោជិក អតិថិជន ឬ​អង្គភាព​ផ្សេង អ្នក​ត្រូវ​រក្សា​តុល្យភាព​​រវាង​​ទំនុកចិត្ត​​ជាមួយ​​នឹង​​ការយល់ពី​​ភាពងាយរងគ្រោះ​​របស់ខ្លួន​​ក្នុង​​លក្ខខណ្ឌ​​ថា​រឿង​នោះ​ប្រែជា​មិនដូច​អ្វី​ដែលបាន​គ្រោងទុក។

អ្នក​ត្រូវ​រក្សា​តុល្យភាព​​រវាង​​ទំនុកចិត្ត​​ជាមួយ​​នឹង​​ការយល់ពី​​ភាពងាយរងគ្រោះ​​របស់ខ្លួន​​ក្នុង​​លក្ខខណ្ឌ​​ថា​រឿង​នោះ​ប្រែជា​មិនដូច​អ្វី​ដែលបាន​គ្រោងទុក។

២.ខ្ញុំ​លះបង់​ការចង់បាន​អ្វី​ដែល​ហួសប្រមាណ

នៅពេលដែល​ទើប​តែ​បើក​អាជីវកម្ម​ដំបូង ខ្ញុំ​មិនអាច​ទ្រាំ​ជាមួយ​ការរង់ចាំ​ផ្លាស់ប្តូរ​ការិយាល័យ​ថ្មី ជួលបុគ្គលិក​ថ្មី ឬ​ទទួលបាន​អតិថិជន​បន្ទាប់​ទៀត​បានទេ។ ខ្ញុំ​ចង់បាន​ចំណូល​ កិត្តនាម​ តុ​ធ្វើការ​​បន្ថែម​ទៀត គ្រប់យ៉ាង​គឺ​ត្រូវការ​ថែម​ទាំងអស់។ វា​គឺជា​ការ​លោភលន់។ ប៉ុន្តែ​នៅពេល​ដែល​ក្រុមហ៊ុន​អ្នក​រីកចម្រើន អ្នកក៏​ត្រូវ​ថែរក្សា​ឥទ្ធិពល​និង​ទំនួលខុសត្រូវ​​របស់អ្នក​ដូចគ្នា។ ហេតុនេះហើយ​នៅពេលដែល​អ្នក​ចង់បាន​ជ្រុលពេក វា​ធ្វើឲ្យ​អ្នក​មិនមាន​ពេលសោះ​សូម្បីតែ​​ពេលវេលា​ឲ្យ​គ្រួសារ ញ៉ាំអាហារ​ថ្ងៃត្រង់ ឬ​ពេលគេង។ បន្ទាប់មក​ពេលដែល​ខ្ញុំ​ធ្វើជា​សហគ្រិន​ទើប​ខ្ញុំដឹងថា អ្វីៗ​គឺ​មិនអាច​ធ្វើដោយ​បង្ខំបានទេ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេល ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​មូលដ្ឋានគ្រឹះ ឬ​កម្រិត​ដែល​អ្នក​កំពុងតែ​ស្ថិតនៅ​គឺ​រឹងមាំ​ហើយ មុននឹង​អ្នកសម្រេចចិត្ត​ថា​ចាប់អ្វី​បន្ត​ទៀត។

៣. ខ្ញុំ​ចាប់ផ្តើម​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​ខ្ញុំ​ធ្វើ​វា

​តើ​អ្នក​ធ្លាប់​ឮ​ពី​បុគ្គល​ដែល​ជោគ​ជ័យ​ មាន​ជីវិត​អស្ចារ្យ ហ៊ឺហារ មាន​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​បាន​បោះ​បង់​ចោល​អ្វី​គ្រប់​យ៉ាង​ហើយ​ទៅ​រស់​នៅ​ជីវិត​សាមញ្ញ​ជាមួយ​នឹង​ធម្មជាតិ​ដែរទេ? ខ្ញុំ​ចាប់​ផ្តើម​យល់​ពី​ស្ថានភាព​បែប​នោះ។

ការ​ធ្វើ​ជា​សហគ្រិន​ម្នាក់និង​ទទួលបាន​ជោគជ័យ​​គឺ​ជារឿង​ដែល​ពិបាក​និង​នឿយហត់ណាស់។ កត្តា​ដែល​ធ្លាប់​តែ​ផ្តល់​ជា​ថាមពល​ឲ្យ​អ្នក​ខិតខំ​ប្រែ​ទៅ​ជា​បន្ទុកទៅវិញ។ ពេល​ដែល​អ្វីៗ​គ្រប់យ៉ាង​ក្លាយ​ជាបន្ទុក​នោះ​អ្នក​នឹង​សួរ​ក​ខ្លួន​ឯង​ថា​ហេតុ​អ្វី​ក៏​អ្នក​ធ្វើវា។ ​

៤.ខ្ញុំ​ជឿជាក់​ថា​អ្នក​ត្រូវការ​មាន​គោលបំណង​មួយ​ច្បាស់លាស់

បើ​អ្នក​មិនបាន​ធ្វើការ​កត់ចំណាំ​ទេ នោះ​នឹង​មាន​ហានិភ័យ​មួយ​ដែល​បំផ្លាញ​អ្នក​នៅពេល​ដែល​អ្នក​ធ្វើជា​សហគ្រិន​ម្នាក់។ បន្ទាប់ពី​ខ្ញុំ​បានដេញ​តាមរឿង​ដែលខុស ធ្វើ​ការងារខុស និង​ទុកចិត្ត​មនុស្ស​ខុស វា​ធ្វើឲ្យ​ខ្ញុំជឿជាក់​ថា​ខ្ញុំ​បាន​ផ្តោតអារម្មណ៍​ជាមួយ​រឿង​ដែលខុស។ ជំនួស​ឲ្យ​ភាព​សោកស្ដាយ ខ្ញុំ​ក៏​បានសួ​រខ្លួនឯង​នូវ​សំណួរ​មួយចំនួន​ដែល​មិនធ្លាប់បាន​សួរ​កាល​ពីមុន។ ខ្ញុំ​ចាប់ផ្តើម​វាស់ស្ទង់​ពី​អ្វី​ដែល​ជា​កម្លាំងជម្រុញ​ចិ​ត្តខ្ញុំ​ និង​អ្វី​ដែល​ខ្ញុំ​ចង់សម្រេច​ពិតប្រាកដ។ ជាការពិតណាស់​អ្នក​ត្រូវ​ស្វែងរក​ថា​អ្វី​ជា​គោលបំណង​ផ្ទាល់ខ្លួន​របស់អ្នក​យ៉ាងជ្រាលជ្រៅ​បំផុត ហើយ​ព្យាយាម​ដេញតាម និង​ធ្វើវា​ឲ្យ​អស់​ពី​លទ្ធភាព។

ប្រភព៖ www.entrepreneur.com

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ