តម្លៃគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តទីផ្សារដែលទាមទារឱ្យមានដាក់តម្លៃឲ្យបានត្រឹមត្រូវដើម្បីចាប់យកចំណែកទីផ្សារ។ ម្យ៉ាងវិញទៀតអ្នកមិនមែនដាក់តម្លៃតាមតែការគិតរបស់អ្នកឡើយ។ ពេលខ្លះនៅពេលដែលអ្នកដាក់តម្លៃទាបពេកឬខ្ពស់ពេក វាអាចប៉ះពាល់ដល់ការលក់របស់អ្នកបានយ៉ាងងាយ។ ក្នុងការដាក់តម្លៃយើងត្រូវពឹងផ្អែកលើផ្នែកផ្សេងៗដែលទាក់ទងក្នុងការដាក់តម្លៃដែលត្រូវបានប្រើប្រាស់ផងដែរដូចជាទីផ្សារគោលដៅ កម្រិតនៃប្រាក់ចំណេញ និងយុទ្ធសាស្រ្តក្នុងការធ្វើឲ្យក្រុមហ៊ុនរីកលូតលាស់ជាដើម។ យ៉ាងណាមិញការដាក់តម្លៃខ្ពស់អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង៖
#ទី១ គ្មានឬមិនសូវសម្បូរទំនិញដទៃទៀតអាចជំនួសបាន
យុទ្ធសាស្រ្តក្នុងការដាក់តម្លៃខ្ពស់គឺត្រូវបានប្រើប្រាស់ក្នុងការដាក់តម្លៃផលិតផលរបស់យើងឲ្យខ្ពស់ជាងផលិតផលដែលស្រដៀងនឹងយើង។ វាត្រូវបានគេប្រើប្រាស់នៅតំបន់មួយចំនួនដែលប្រជាជនមានចំណូលខ្ពស់ឬចំណូលមធ្យមហើយពួកគាត់ស្ម័គ្រចិត្តនឹងទិញទំនិញនោះព្រោះពួកគាត់អាចនឹងគិតថាទំនិញនោះសមនឹងតម្លៃថ្លៃដោយសារតែគ្មានទំនិញផ្សេងទៀតជំនួសបានឡើយ។ ប៉ុន្តែការដាក់តម្លៃថ្លៃជួនកាលក៏អាចជួបឧបសគ្គក្នុងការវាយលុកចូលទីផ្សារផងដែរ។
#ទី២ បង្ហាញពីគុណភាព
ការដាក់តម្លៃខ្ពស់ត្រូវបានប្រើប្រាស់ក្នុងបង្កើនអត្តសញ្ញាណម៉ាកសញ្ញានៅលើទីផ្សារ។ តម្លៃថ្លៃជាទូទៅបង្ហាញពីសញ្ញានៃគុណភាពខ្ពស់នៃផលិតផលនោះដោយក្រុមហ៊ុនភាគច្រើនប្រើប្រាស់យុទ្ធសាស្រ្តនេះក្នុងការបញ្ជាក់និងធានាពីផលិតផលដែលមានគុណភាពខ្ពស់។ ឧទាហរណ៍ក្រុមហ៊ុន Apple បានវាយលុកទីផ្សារយ៉ាងខ្លាំងខាងផ្នែកបច្ចេកវិទ្យាហើយក្រុមហ៊ុននេះប្រើប្រាស់យុទ្ធសាស្រ្តក្នុងការដាក់តម្លៃខ្ពស់ព្រោះពួកគេចង់ឲ្យអតិថិជនជឿជាក់លើផលិតផលរបស់ពួកគេថាពិតជាមានគុណភាពខ្ពស់។
#ទី៣ ច្រោះយកក្រុមអតិថិជនគោលដៅ
ម៉ាកសញ្ញាមួយចំនួនដាក់តម្លៃទំនិញខ្ពស់ដើម្បីចម្រាញ់យកក្រុមអតិថិជនដែលគេចង់បាន (ក្រុមអតិថិជនចំណូលខ្ពស់)។ ការដាក់តម្លៃខ្ពស់ដូច្នេះ គឺជាយុទ្ធសាស្ត្រចិត្តសាស្ត្រមួយដើម្បីឱ្យអតិថិជនម្នាក់ៗតែងប្រាថ្នាចង់បានផលិតផលនោះ ដោយសារតែវាមានតម្លៃខ្ពស់ ភាពល្អឯក ហើយធ្វើឱ្យអតិថិជនមានមោទនភាពនៅពេលដែលពួកគេអាចប្រើប្រាស់និងមានលទ្ធភាពទិញបាន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាផលិតផលឬម៉ាកសញ្ញាដែលអតិថិជនគ្រប់ស្រទាប់ចង់បាន មិនថាខ្ពស់ ទាប ឬមធ្យមនោះទេ។ ប៉ុន្តែដើម្បីអាចឈានទៅដល់ចំណុចនេះបាន គឺទាមទារឱ្យមានការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារជាច្រើន ជាពិសេសគឺត្រូវមានខ្ទង់ចំណាយសម្រាប់ការធ្វើទីផ្សារខ្ពស់ និងព្រមទាំងត្រូវឆ្លងកាត់ការលំបាកជាច្រើនផងដែរដើម្បីអាចទទួលបានភាពជោគជ័យ។
#ទី៤ ផលិតផលប្លែកពីគេ
ជាធម្មតាផលិតផលប្លែកពីគេមានឱកាសច្រើនក្នុងការដាក់តម្លៃខ្ពស់ព្រោះថាគ្មានទំនិញណាអាចប្រកួតប្រជែងនឹងទំនិញនោះបានឡើយ។ ហេតុដូចនេះហើយបានជាផលិតផលឱសថគឺជាផលិតផលមួយដែលត្រូវតែមានប៉ាតង់ហើយវាក៏មានតម្លៃថ្លៃទៀតផង។ ម្យ៉ាងទៀតផលិតផលបច្ចេកវិទ្យាក៏មានតម្លៃថ្លៃផងដែរដោយសារតែទំនិញគឺខុសប្លែកពីគេនិងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការបង្កើតឡើងមក។
ដូចនេះរាល់ទំនិញដែលបង្កើតឡើងដោយពិបាក ប្រើប្រាស់វត្ថុធាតុដើមថ្លៃ និងមានគុណភាពខ្ពស់តែងតែមានតម្លៃថ្លៃជាងទំនិញឯទៀតនៅលើទីផ្សារ។