spot_img
spot_img
Homeយុទ្ធសាស្ត្រលក់វិធីសាស្រ្តទាំង៤ដើម្បីឲ្យអតិថិជនដើរមករកអ្នកដោយខ្លួនឯង

វិធីសាស្រ្តទាំង៤ដើម្បីឲ្យអតិថិជនដើរមករកអ្នកដោយខ្លួនឯង

-

តើអ្នកគិតថានៅសុខៗអតិថិជននឹងមកទិញផលិតផលពីអ្នកដោយគ្មានមូលហេតុ ឬគ្មានគោលបំណងបែបនេះមែនទេ?

ចម្លើយគឺមិនអាចទៅរួចនោះទេបើសិនជាបែបនោះពិតមែន ប៉ុន្តែវាអាចទៅរួចបានលុះត្រាតែក្រុមហ៊ុនរបស់អ្នកមានអ្វីដែលជាគុណតម្លៃ និងអ្វីដែលពិសេស ដូចជា ផ្នែកសេវាកម្មរហ័ស ផលិតផលមានគុណភាពខ្ពស់ បុគ្គលិកមានភាពរួសរាយ បង្ហាញនូវស្នាមញញឹមប្រិមប្រិយដាក់អតិថិជន ឬមានការធានារាល់ការជាវទិញនូវមុខទំនិញនោះជាដើមទើបធ្វើឲ្យពួកគេបែរចិត្តគំនិតមកចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់អ្នកបាន។ ដោយហេតុថាអតិថិជនភាគច្រើន ក្រៅពីចង់បាននូវផលិតផលដែលមានគុណភាពល្អហើយនោះ ពួកគេក៏នៅចង់បានការមើលថែ ក៏ដូចជាការសាកសួរពីក្រុមហ៊ុនដែរ ព្រោះការធ្វើបែបនេះនឹងធ្វើឲ្យអតិថិជនមានអារម្មណ៍ថាខ្លួនឯងពិតជាសំខាន់ និងមានតម្លៃប្រាកដមែន។ដូច្នេះតើធ្វើបែបណាដើម្បីឲ្យអតិថិជនជ្រើសរើសយកអ្នកជាអាទិភាពក្នុងការទិញផលិតផល?

ខាងក្រោមនេះគឺជាចំណុចទាំង៤ដែលអាចជួយឲ្យអ្នកមានអតិថិជនកាន់តែច្រើន ព្រមទាំងកើនឡើងនូវការលក់ទៀតផង ហើយចំណុចទាំងនេះនឹងធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ចង់តែទៅទិញផលិតផលនៅក្នុងក្រុមហ៊ុនឬហាងអ្នកតែមួយប៉ុណ្ណោះ៖

១. ត្រូវធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពិសេសជាងគេ

តើយើងអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនគេពិតជាពិសេសតាមរយៈអ្វី?ដោយវិធីណា?

យើងដឹងហើយថាស្នាមញញឹមគឺជាគ្រឿងរណ្ដំចិត្តមនុស្សគ្រប់គ្នាឲ្យមានកម្លាំងចិត្ត មានអារម្មណ៍រីករាយ និងអាចប្ដូរទឹកមុខពីក្រម៉ូវមកស្រស់ថ្លាបានយ៉ាងឆាប់រហ័ស ។តួយ៉ាងក្នុងនោះយើងក៏សង្កេតឃើញថា អារម្មណ៍គឺជាញាណមួយដែលមនុស្សតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភ មើលថែនិងថ្នាក់ថ្នមជាងគេបំផុត ព្រោះវាជាញាណដែលឆាប់ពាល់ត្រូវ ឆាប់ប្រតិកម្ម ឆាប់អន់ចិត្ត និងឆាប់សប្បាយចិត្តជាងគេ។ដោយសារតែបែបនេះហើយទើបក្នុងនាមជាអ្នកលក់ដ៏ពូកែ ដ៏ឆ្លាតវៀងវៃម្នាក់ត្រូវតែ ចេះប្រើស្នាមញញឹមដើម្បីលួងលោម ថ្នាក់ថ្នម បម្រើថែទាំ និងផ្គាប់ចិត្តរបស់ពួកគេឲ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើបានតាមរយៈការបង្ហាញនូវសេចក្ដីយល់ចិត្ត ស្នាមញញឹម ព្រមទាំងភាពរួសរាយរាក់ទាក់ដាក់ពួកគេមុនពេលដែលពួកគេឈានជើងចូលហាងអ្នកដំបូង។ហើយការស្វាគមន៍យ៉ាងរស់រវើក និងកក់ក្ដៅបែបនេះនឹងធ្វើឲ្យអតិថិជនចង់មកហាងអ្នកម្ដងហើយម្ដងទៀតដោយគ្មានការស្ទាក់ស្ទើរក្នុងចិត្ត។ដូចនេះ អ្នក(អ្នកលក់)ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនអ្នកមានអារម្មណ៍ថា ពួកគេពិតជាពិសេស និងសំខាន់នៅក្នុងក្រុមហ៊ុនឬហាងរបស់អ្នកពិតមែន ជាពិសេសអ្នកត្រូវតែរក្សា និងបង្ហាញនូវស្នាមញញឹមដ៏ពព្រាយរបស់អ្នកទៅកាន់អតិថិជនឲ្យបានច្រើនៗ។

Smile, Sun, Sunflower, Mockup, Heart

២. ផ្ដល់ពត៌មានឲ្យបានល្អិតល្អន់ពីផលិតផល

ប្រសិនបើអ្នកគឺជាអតិថិជនថ្មីដែលទើបតែចូលទិញទំនិញនៅក្នុងហាងឬក្រុមហ៊ុននោះជាលើកដំបូង ហើយអ្នកពុំសូវជាស្គាល់ពីផលិតផលនោះបានច្បាស់លាស់ មិនដឹងថាត្រូវជ្រើសរើសផលិតផលណាដែលត្រូវចិត្តអ្នកនោះទេ នោះអ្នកប្រាកដជាសួរបញ្ជាក់ពីពត៌មាននៃផលិតផលនោះពីអ្នកលក់ជាមិនខាន ហើយអ្នកក៏សង្ឃឹមថាពួកគេនឹងណែនាំពីផលិតផលល្អៗនិងផ្ដល់ពត៌មានបានជាក់លាក់ដល់អ្នកដើម្បីជ្រើសរើស។ ប៉ុន្តែចុះបើសិនជាករណីដែលអ្នកលក់មិនសូវជាស្គាល់ពីគុណភាព ឬពត៌មានលម្អិតនៃផលិតផលនោះច្បាស់លាស់ផង តើអ្នកនៅចង់ទិញទំនិញពីកន្លែងនោះទៀតដែរឬទេ?ឬករណីដែលអ្នកលក់មិនចេះបង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជន មិនសូវចេះសួរនាំ មិនយកចិត្តទុកដាក់ជាមួយនឹងវត្តមានរបស់អ្នក មានអារម្មណ៍ធុញនិងធ្វើព្រងើយកន្តើយដាក់អ្នក តើអ្នកអាចមកទិញទំនិញនៅទីកន្លែងនេះម្ដងទៀតបានដែរឬអត់?ប្រាកដណាស់អ្នកនឹងមិនមកទិញទៀតនោះទេ។

ដូចនេះក្នុងនាមជាអ្នកលក់អស្ចារ្យម្នាក់ អ្នកត្រូវតែផ្ដល់នូវពត៌មានឲ្យបានលម្អិត និយាយបកស្រាយឲ្យបានក្បោះក្បាយពាក់ព័ន្ធនឹងផលិតផលនោះទៅកាន់ពួកគេឲ្យបានយល់ជាក់ច្បាស់ទើបប្រសើរ(តែមិនត្រូវនិយាយច្រើនហួសពេកនោះទេ វាអាចធ្វើឲ្យអតិថិជនឆាប់ធុញនឹងអ្នក)។

៣. ត្រូវឲ្យអតិថិជនជាអ្នកសម្រេចចិត្តដោយខ្លួនឯង

អ្នកទិញមិនចូលចិត្តឲ្យអ្នកលក់មកសម្រេចចិត្តជំនួសខ្លួននោះទេ ហេតុអ្វីបានជាដូច្នឹង? ព្រោះជាក់ស្ដែងយើងឃើញថាអ្នកលក់មួយចំនួនបន្ទាប់ពីនិយាយរៀបរាប់ពីទំនិញរបស់ខ្លួនហើយ ពួកគេតែងព្យាយាមសម្រេចចិត្តជំនួសអតិថិជនតែម្ដង ដោយមិនទាន់សួរឲ្យច្បាស់ថាអតិថិជននេះពិតជាត្រូវការ ពិតជាចង់ទិញទំនិញនោះពិតមែនឬក៏អត់នោះទេ ព្រោះអ្នកលក់នោះតែងគិតថាខ្លួនស្គាល់ពីចិត្តអតិថិជនច្បាស់ថាចង់បានអ្វីជាដើម។តួយ៉ាងអ្នកអាចសាកស្រម៉ៃលោហ៍មើល៍ថា ពេលដែលអ្នកទៅហាងលក់សម្លៀកបំពាក់ ហើយអ្នកចង់ទិញអាវយឺតឬអាវក្រៅមកពាក់ តែអ្នកលក់បែរជាណែនាំអ្នកនិងជម្រុញឲ្យទិញខោអាវដែលអ្នកមិនពេញចិត្ត មិនចង់បាន មិនស៊ីមេទ្រីជាមួយអ្នក ព្រមទាំងប្រាប់អ្នកថាសម្លៀកបំពាក់បែបនេះល្អមានគេនិយមពាក់ច្រើនឬគេទិញច្រើនអីបែបហ្នឹង ហើយពួកគេព្យាយាមនិយាយព្យាយាមសម្រេចចិត្តឲ្យអ្នក  ដោយមិនទុកឱកាសឲ្យអ្នកនិយាយបកស្រាយឬសម្រេចចិត្តដោយខ្លួនឯងទាល់តែសោះ។តើក្នុងករណីនេះអ្នកមានអារម្មណ៍យ៉ាងណា?តើអ្នកចង់មកហាងនេះម្ដងទៀតដែរឬទេ?

ដូចនេះដើម្បីឲ្យហាងឬក្រុមហ៊ុនរបស់អ្នកមានអតិថិជនកាន់តែច្រើនអ្នកគប្បីទុកឱកាសឲ្យអតិថិជនជាអ្នកសម្រេចចិត្ត និងវិនិច្ឆ័យគិតគូរដោយខ្លួនឯង ជាជាងព្យាយាមនិយាយជម្រុញនិងបង្ខំឲ្យពួកគេទិញនូវផលិតផលនោះ។

៤. ផ្ដល់នូវសេវាកម្មមួយដែលរហ័សទាន់ចិត្ត

          គ្រប់អតិថិជនទាំងអស់តែងតែចង់បាននូវផលិតផលដែលខ្លួនបានទិញឬកម្ម៉ង់នោះឲ្យឆាប់មកដល់ភ្លាមៗ ដោយសារតែពួកគេចង់ដឹងពីគុណភាព ចង់ឃើញផលិតផល និងចង់ប្រើវា ជាពិសេស ពួកគេមិនចូលចិត្តការទន្ទឹងរង់ចាំយូរនោះឡើយ។ ដូចនេះដើម្បីឲ្យអតិថិជនមានអារម្មណ៍សប្បាយចិត្ត ហើយពេញចិត្តនឹងអ្នក អ្នកត្រូវតែផ្ដល់ទំនិញទាំងនោះឲ្យបានឆាប់រហ័ស ទាន់ពេលកំណត់តាមដែលអាចធ្វើបាន។

Food Delivery, Labour Day, Food

ជារួមមកចំណុចទាំង៤ខាងលើនេះគឺសុទ្ធសឹងតែជាតិចនិកដែលអាចជួយឲ្យអតិថិជនកាន់តែមានភាពជឿជាក់ និងមានទំនុកចិត្តមកលើក្រុមហ៊ុនអ្នក ជាពិសេសវាអាចជួយឲ្យការលក់របស់អ្នកកាន់តែរីកលូតលាស់ឡើងៗផងដែរ។ហើយចំណុចទាំងនេះដែរគឺជាមូលហេតុថាហេតុអ្វីបានជាពួកគេនៅតែបន្តការទិញផលិតផលរបស់អ្នក។

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ