នៅពេលណាដែលមនុស្សទូទាំងពិភពលោកសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរភ្លាមៗនៃជីវិតដែលបណ្ដាលមកពីជម្ងឺរាតត្បាតនេះ នោះមានន័យថាក្រុមហ៊ុនទាំងអស់ក៏ត្រូវធ្វើការផ្លាស់ប្ដូរផងដែរ។នៅក្នុងវិបត្តិ តែងតែមានបញ្ហា និងមានគ្រោះថ្នាក់ដោយជៀសមិនផុត ប៉ុន្តែមិនមែនវាមិនមានដំណោះស្រាយ ឬ ក៏គ្មានឱកាសក្នុងការកសាងឲ្យកាន់តែល្អនោះទេ ឲ្យតែអ្នកចេះចាប់យកឱកាស នោះអ្នកនឹងទទួលបាននូវគុណប្រយោជន៍ជាច្រើនពីវា។ប្រសិនបើក្រុមហ៊ុនអាចឃើញឱកាសនៅក្នុងវិបិត្តនេះបាន ពួកគេអាចលេចចេញនូវភាពរឹងមាំ ការច្នៃប្រឌិត និង មានអតិថិជនចូលរួមយ៉ាងស្មោះត្រង់។ ខាងក្រោមនេះគឺជាវិធី៤យ៉ាងដែលអ្នកអាចស្វែងរកឱកាសបានខណៈពេលដែលមានវិបត្តិកើតឡើង៖
១. ព្រួយបារម្ភពីអតិថិជនរបស់អ្នក
អ្នកត្រូវថែរក្សាអតិថិជនរបស់អ្នកឲ្យបានខ្ជាប់ខ្ជួនក្នុងពេលមានវិបត្តិ ដោយដាក់នូវតម្រូវការរបស់ពួកគេជាអាទិភាព ព្រោះពួកគេជាអ្នកកំណត់វាសនានៃការរីកលូតលាស់របស់ស្ថាប័ន និង ក្រុមហ៊ុនរបស់អ្នក។ យ៉ាងណាមិញចូរយកអារម្មណ៍របស់អ្នកទៅដាក់នៅក្នុងអារម្មណ៍របស់អតិថិជនអ្នក៖ តើពួកគេត្រូវការអ្វីខ្លះដើម្បីឲ្យមានអារម្មណ៍ថាសុខសុវត្ថិភាព ងាយស្រួល និង អាចការពារបាន? ដូចនេះអ្នកគួរតែរកដំណោះស្រាយឲ្យបានឆាប់រហ័សដើម្បីជួយពួកគេឲ្យរួចផុតពីបញ្ហាទាំងនេះ ។ ពេលណាដែលអ្នកអាចសម្រេចនូវការរំពឹងទុករបស់ពួកគេបាន អ្នកនឹងអាចទទួលបាននូវអតិថិជនដែលស្មោះត្រង់នឹងអ្នក ទោះបីជាកាលៈទេសៈណាក៏ដោយ។
២. បំពេញតាមតម្រូវការអតិថិជន
ការផ្លាស់ប្ដូរតម្រូវការរបស់អតិថិជនក្នុងពេលមានវិបត្តិ និង ការចាប់យកឱកាសរបស់ក្រុមហ៊ុនគឺត្រូវតែកំណត់ និង ត្រូវបំពេញរាល់សេចក្ដីត្រូវការទាំងនោះទៅដល់ពួកគេ។ តួយ៉ាងការបំពេញតម្រូវការអតិថិជនរបស់អ្នកកំឡុងពេលដែលមានវិបត្តិ វាមិនត្រឹមតែជួយពង្រឹងនូវការតភ្ជាប់ទំនាក់ទំនងរវាងអ្នក និង ពួកគេតែប៉ុណ្ណោះ តែវាអាចធ្វើឲ្យអ្នករកឃើញនូវបន្ទាត់អាជីវកម្មថ្មីទាំងមូលបាន។
៣. ចូលរួម និង ភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគមន៍របស់អ្នក
ក្នុងពេលដែលអ្នកត្រូវប្រឈមមុខជាមួយនឹងវិបត្តិ សូមអ្នកគិតអំពីរបៀបដែលអាជីវកម្មរបស់អ្នកអាចធ្វើបានយ៉ាងសាកសមបំផុត ដើម្បីផ្ដល់ជូនទៅកាន់សហគមន៍វិញ។ អ្នកគួរតែទាក់ទងទៅកាន់អតិថិជនរបស់អ្នក ហើយស្នើសុំឲ្យពួកគេចូលរួមជាមួយអ្នកដោយផ្ដល់ឲ្យពួកគេនូវវិធីងាយៗ និង ជាក់ស្ដែងដើម្បីចាត់វិធានការណ៍។ ហើយវាមិនត្រឹមតែធ្វើឲ្យអាជីវកម្មរបស់អ្នកផ្លាស់ប្ដូរទៅជាវិជ្ជមានប៉ុណ្ណោះទេ តែអ្នកអាចផ្ដល់អំណាចដល់អតិថិជនរបស់អ្នក ឲ្យធ្វើដូចគ្នាបានទៀតផង។
៤. ទទួលយកនូវដំណោះស្រាយ និង ការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព ដោយមិនចាំបាច់លះបង់នូវបទពិសោធន៍
ចាត់វិធានការណ៍សកម្មដើម្បីស្វែងយល់ពីចំណុចព្រួយបារម្ភរបស់អតិថិជន និង ចាប់ដៃគូជាមួយពួកគេដើម្បីស្វែងរកវិធីផ្សេងក្នុងការដោះស្រាយបញ្ហារបស់ពួកគេដោយមិនបានលះបង់នូវគុណភាព។យើងដឹងហើយថា ពេលដែលមានវិបត្តិគឺវាមិនមែនជារឿងធម្មតាសំរាប់មនុស្សរាល់គ្នានោះទេ ប៉ុន្តែវាគឺជាពេលវេលាមួយដែលអ្នកត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ ត្រូវតែសកម្ម និង ត្រូវតែចេះលកលៃ។
ថ្ងៃមួយវិបត្តិដែលអ្នកកំពុងតែជួប វានឹងរលត់បាត់ទៅវិញ ប៉ុន្តែទំនាក់ទំនងល្អដែលអ្នកបានសាងជាមួយនឹងសហគមន៍ និង អតិថិជនរបស់អ្នកវានឹងនៅឋិតឋេរយូរអង្វែង ដែលមិនអាចសាបរលាបទៅវិញបាន។ដូចនេះ ចូរអ្នកផ្ដោតទៅលើការ ព្រួយបារម្ភ ការចូលរួម និង ការដោះស្រាយ ព្រោះអ្នកនឹងអាចយល់ឃើញ និង អាចចាប់បាននូវឱកាសល្អៗនៅក្នុងស្ថានភាពលំបាកបាន។