ពាក្យថាយូរពេកនៅទីនេះមិនមែនមានន័យថាអ្នកធ្វើការយូរឆ្នាំហើយទាំងស្រុងនោះទេ។ អ្នកអាចធ្វើការនៅកន្លែងនេះច្រើនឆ្នាំហើយឬត្រឹមតែប៉ុន្មានឆ្នាំប៉ុន្តែអ្នកមានអារម្មណ៍ថាការងារដែលអ្នកកំពុងធ្វើគឺមិនមានឧបសគ្គគួរឲ្យជម្នះទៀតសោះ។ វាពិតជាពិបាកណាស់ក្នុងការធ្វើពុតជាពេញចិត្តចំពោះអ្វីដែលអ្នកកំពុងធ្វើ។ បន្ទាប់មកអ្នកក៏ជឿជាក់ថាអ្នកត្រូវតែផ្លាស់ប្តូរ។ ខាងក្រោមនេះជាសញ្ញាទាំង១០យ៉ាងដែលជាជំនួយដល់អ្នកថាអ្នកគួរតែផ្លាស់ប្តូរការងាររបស់អ្នកឬអត់៖
#សញ្ញាទី១ ៖ នៅពេលដែលអ្នកមើលគម្រោងទៅ១២ខែបន្ទាប់របស់អ្នក អ្នកមិនឃើញការងារណាមួយដែលអ្នកមិនចេះឬមិនធ្លាប់ធ្វើនោះទេ។
#សញ្ញាទី២ ៖ ពេលដែលអ្នកពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់អ្នកអំពីការចង់រៀនបន្ថែមឬជំហានដែលអ្នកគិតថាក្រុមហ៊ុននឹងអាចអភិវឌ្ឍទៅមុខទៀតបានតែគាត់បែរជាបដិសេធន៍ទៅវិញ។ គាត់ប្រាប់មកកាន់អ្នកវិញថាអ្នកចេះគ្រប់គ្រាន់ហើយឬក្រុមហ៊ុនរបស់អ្នកកំពុងតែនឹងនរហើយមិនត្រូវការការវិវត្តបន្ថែមទៀតឡើយ។ អ្នកមិនគួរទទួលយកឡើយព្រោះអ្នកអាចនៅមានឱកាសដែលរីកចម្រើនទៅមុខទៀតបាន។
#សញ្ញាទី៣ ៖ មនុស្សនៅជុំវិញអ្នកគិតថាអ្នកនៅទីនេះយូរហើយ អ្នកពិតជាចេះកិច្ចការគ្រប់យ៉ាង។ ហេតុនេះហើយគេមិនបានផ្តល់ឱកាសឲ្យអ្នកអ្វីឡើយ។
#សញ្ញាទី៤ ៖ អ្នកដឹងពីទម្រង់ការគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុន។ ឧទាហរណ៍ពេលមានកិច្ចប្រជុំម្តងៗអ្នកដឹងថាគេធ្វើពេលណានិងទីកន្លែងណាស្រាប់ហើយ។ អ្នកមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ត្រូវដឹងទៀតឡើយ។
#សញ្ញាទី៥ ៖ សូម្បីតែពេលចុងក្រោយដែលអ្នកបានសម្រេចជោគជ័យលើកិច្ចការអស្ចារ្យណាមួយឬបានរៀនសូត្រពីអ្វីថ្មីនិងគួរឲ្យចាប់អារម្មណ៍ក៏អ្នកមិនចាំដែរព្រោះថាអ្នកធ្វើតែកិច្ចការដដែលៗរៀងរាល់ថ្ងៃ។
#សញ្ញាទី៦ ៖ គ្មានកន្លែងនៅក្នុងក្រុមហ៊ុនរបស់អ្នកដែលអ្នកអាចទៅទៀតឡើយ។ អ្នកត្រូវបានអ្នកគ្រប់គ្រងរបស់អ្នកឃាំងទុកនៅតែតុធ្វើការរបស់អ្នកដោយមិនអាចទទួលបានការឡើងដំណែងឬប្រាក់បៀវត្សរ៍បន្ថែមឡើយ។
#សញ្ញាទី៧ ៖ នៅពេលដែលអ្នកក្រឡេកមើលទៅជុំវិញខ្លួនរបស់អ្នក ពួកគេមិនខ្វល់នឹងការអភិវឌ្ឍន៍បន្ថែមទេ។ ពួកគេគិតតែអង្គុយនៅនឹងតុធ្វើការដដែលៗរាល់ថ្ងៃ។
#សញ្ញាទី៨ ៖ ពេលដែលអ្នកមើលទៅក្រុមនៃអ្នកដឹកនាំរបស់អ្នកវិញ អ្នកមិនឃើញមាននរណាម្នាក់ដែលអ្នកគួរតែរៀនសូត្រតាមទៀតនោះទេ។
#សញ្ញាទី៩ ៖ អ្នកមិនចង់ទៅធ្វើការទៀតទេ។ អ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងទៅធ្វើការងារជាពិសេសនៅយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទ។
#សញ្ញាទី១០ ៖ អ្នកមានអារម្មណ៍ថាតប់ប្រមល់ឬអស់កម្លាំងលើសពីធម្មតាជាមួយនឹងការងារមិនថាវាទើបតែដើមសប្តាហ៍ក៏ដោយព្រោះថាអ្នកមិនមានកម្លាំងជម្រុញចិត្តឲ្យពុះពារតទៅមុខទៀត។
មានមនុស្សជាច្រើនដែលជួបប្រទះសញ្ញាដូចខាងលើ។ ប្រសិនបើអ្នកគិតថាចង់ផ្លាស់ប្តូរការងារហើយ អ្នកគួរតែរៀបចំយុទ្ធសាស្ត្រផ្លាស់ប្តូរការងាររបស់អ្នកទៅរកការងារដទៃទៀតដែលជាចំណង់ចំណូលចិត្តរបស់អ្នកពិតប្រាកដនិងជាការងារដែលអ្នកពូកែផងដែរ។ វាមិនចាំបាច់ត្រូវតែដូចការងារដែលអ្នកកំពុងធ្វើបច្ចុប្បន្ននោះទេ។
ប្រភព៖ www.forbes.com