spot_img
spot_img
Homeទូទៅសញ្ញាបម្រាមទាំង៥ដែលអាជីវកម្មនឹងបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក

សញ្ញាបម្រាមទាំង៥ដែលអាជីវកម្មនឹងបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក

-

ដំណើរការ​អាជីវកម្ម​របស់អ្នក​ប្រសើរ​គឺជា​រឿង​មួយ​ដែលល្អជាពិសេស​នៅពេល​ដែល​អ្នក​មាន​ចំណូល​ផ្ទាល់ខ្លួននិង​​អាច​​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ ។ ប៉ុន្តែ​ភាគច្រើន ម្ចាស់​អាជីវកម្ម​តែងតែត្រូវ​បំពេញ​​ការ​ងារ​រហូត​ដល់​ភ្លេច​ពេលវេលា​ផ្ទាល់ខ្លួន​​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​ឬ​ជាមួយ​ដៃគូ​ស្នេហា​ជាដើម​។ ហេតុ​ដូចនេះ​ហើយ បើសិនជា​អ្នក​នៅតែ​រវល់​នឹង​អាជីវកម្ម​របស់​អ្នក​ខ្លាំង​ពេក​​​នោះ​ទំនាក់​ទំនង​ស្នេហា​របស់អ្នក​នឹង​ត្រូវ​បែកបាក់​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​បម្រាម​ទាំង​៥​ដែល​កំពុង​បំផ្លាញ​ស្នេហា​របស់អ្នក​៖

១. គ្មាន​ពេលវេលា​សម្រាប់​គ្នា​

ការ​មិនចេះ​បែងចែក​ពេលវេលា​ខ្លះ​សម្រាប់​ដៃគូ​ស្នេហា​របស់អ្នក​គឺជា​រឿង​​មួយ​ដែល​គ្រប់គ្នា​តែងតែ​ប្រឈម​មុខ​នឹង​ការ​​ទាស់ទែង​គ្នា។ នៅពេល​ដែល​អ្នក​គិតតែ​រវល់​​នឹង​​កិច្ចការ​អាជីវកម្ម​របស់អ្នក​គ្រប់ពេល​ពេក​ហើយ​សូម្បីតែ​ពេល​ជួបគ្នា​​នៅថ្ងៃ​ចុងសប្តាហ៍​ឬ​ពេល​​ដែល​នៅផ្ទះ​ហើយ​​អ្នក​​នៅតែ​មុខ​កុំព្យូទ័រ​រាល់ពេល​នោះ​មិនមែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​ឡើយ​។ កត្តា​ទាំងនេះ​អាច​នាំឲ្យ​ស្នេហា​អ្នក​ឃ្លាតឆ្ងាយ​ពី​គ្នា​ម្តង​តិចៗ​ដោយ​មិន​ដឹង​ខ្លួន​។ ដូចនេះ ទាន់​អ្នក​នៅ​មានពេលវេលា​ដែល​អាច​កែប្រែ​បាន ចូរ​អ្នក​ចំណាយ​បន្តិចបន្តួច​ជាមួយ​ដៃគូ​របស់​អ្នក​។

២. ការងារ​ច្រើនពេក​អាច​ដាក់​សម្ពាធ​លើ​ស្នេហា​របស់អ្នក

ការ​ធ្វើការងារ​ហួស​កម្រិត​អាច​នាំឲ្យ​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត ខួរក្បាល និង​រាងកាយ​ជាដើម​ដោយ​បង្ក​ទៅជា​អារម្មណ៍​តានតឹង​ តប់ប្រមល់​ ធុញ​ទ្រាន់ ខឹង មិនសុខចិត្ត មិន​សប្បាយចិត្ត​ និង​ទៅជា​មាន​ជម្ងឺ​ ចុះខ្សោយ​កម្លាំង​ជាដើម​។ លើសពីនេះ​ទៅទៀតការ​ធ្វើ​ការងារ​​ច្រើន​ហួស​កម្រិត​ក៏​អាច​ធ្វើឲ្យ​អ្នក​ស្រ្តេស​ហើយ​អ្នក​នឹង​មាន​អារម្មណ៍​បាត់បង់​​ការលើក​ទឹកចិត្តឬ​អាច​ឈឺក្បាល​ជាប្រចាំ​។ ដូចនេះ វា​ក៏អាចនាំឲ្យ​អ្នក​​មាន​អារម្មណ៍មួរម៉ៅ​និង​ធុញថប់​ពេល​ដែល​ជួប​ជាមួយ​ដៃគូ​របស់អ្នក​​និងនាំឲ្យងាយ​ប៉ះ​ទង្គិច​នៅពេល​ជួបគ្នា​ម្តងៗ​។ ដូចនេះ អ្នក​ត្រូវ​មាន​ពេលវេលា​សម្រាក​ពី​ការងារ​មិនថា​អ្នក​មមាញឹក​យ៉ាងណា​ក៏ដោយ។

៣. ការសន្ទនា​រវាង​អ្នក​និង​ដៃគូ​របស់​អ្នក​មាន​ការ​អន់ថយ

អ្នក​ត្រូវ​ចេះ​បែងចែក​ថា​​រាល់ពេល​ដែល​អ្នក​ជួប​មុខ​ដៃគូ​របស់អ្នក​ អ្នកមិន​គិតតែ​និយាយ​ពី​រឿង​អាជីវកម្ម​គ្រប់ពេល​នោះទេ​ព្រោះ​ពេលខ្លះ​ដៃគូ​របស់អ្នក​មិនមែន​ជា​អ្នកជំនួញ​ដូចអ្នក​ឡើយ​។ ដូចនេះ​គាត់​អាច​នឹង​ធុញ​​​ចំពោះ​ការសន្ទនា​នោះ​​។ អ្នក​គួរ​ដឹងថា​ពេលណា​គួរ​និយាយ​ពី​រឿង​អាជីវកម្ម​ហើយ​​ពេលណា​មួយ​ចំនួន​សួរនាំ​​ពី​សុខទុក្ខ​របស់​គាត់ សន្ទនា​ជាមួយ​គាត់​​ពី​ផែនការ​អនាគត​របស់អ្នក​ទាំងពីរ ឬ​និយាយ​រឿងណា​​ដែល​អ្នក​និង​គាត់​ចូលចិត្ត។

៤. ជម្លោះ​លើ​វិបត្តិ​ហិរញ្ញវត្ថុ

ការធ្វើ​អាជីវកម្ម​មិន​ថាជា​ការ​បើក​ដំបូង​ឬ​ពេល​កំពុង​ដំណើរ​ការ​ឡើយ អ្នក​នឹង​មិនអាច​ចៀសផុត​ពី​ការ​ជួប​ប្រទះ​កង្វះខាត​ដើមទុន​គ្រប់គ្រាន់បាន​ទេ។ ប្រការ​នេះ​អាច​​បង្ក​ឲ្យ​អ្នក​ទាំងពីរ​ងាយ​នឹង​មាន​ជម្លោះ​ជាមួយ​គ្នា​។ ប៉ុន្តែ​ការមិន​ស្តី​បន្ទោស​ឲ្យគ្នា​នៅពេល​ដែល​ដៃគូ​ម្ខាង​ទៀត​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​គឺ​ជា​​ទង្វើ​មួយ​ដ៏​ប្រសើរ​។ យ៉ាងណាមិញ​​​អ្នក​​គួរ​​ពិភាក្សា​​ជាមួយ​​ដៃគូ​​របស់អ្នក​​នៅពេល​​ដែល​​អ្នក​ទើប​នឹង​ចាប់ផ្តើម​​ធ្វើ​​អាជីវកម្ម​​របស់អ្នក​ជា​ពិសេស​ទាក់ទង​នឹង​ការ​ចំណាយ​ផ្ទាល់តែ​ម្តង​។ ទោះបីជា​ពេល​ខ្លះ​​អ្នក​ពិបាក​​ពិភាក្សា​​ជាមួយ​គ្នា​ក៏ដោយក៏​អ្នក​ត្រូវតែ​ពន្យល់​គាត់​ពី​បញ្ហានេះឲ្យ​បាន​ជាក់លាក់​​។ បើ​ពុំ​ដូចច្នោះ​ទេ អ្នក​នឹងមិន​អាច​បញ្ចៀស​បញ្ហា​​ទាក់ទង​នឹង​​លុយកាក់​នៅថ្ងៃ​ក្រោយបាន​ឡើយ​​ដែល​អាច​ឈាន​ទៅដល់​ការលែងលះ​ឬ​បែកបាក់​គ្នា​បាន។

៥. ខ្វះ​ការលើក​​ទឹកចិត្ត​ពី​ដៃគូ

ការលើកទឹក​ចិត្ត​សម្រាប់​ដៃគូ​ស្នេហា​របស់អ្នក​គឺជា​រឿង​​សំខាន់​​ក្នុង​ការធ្វើ​អាជីវកម្ម​ព្រោះ​គាត់​ជា​មនុស្ស​ដែល​អ្នក​អាច​ពិភាក្សា​ជាមួយ រៀបរាប់​ទុក្ខ​កង្វល់ ​ផ្តល់​​មតិ​​យោបល់​ ​សម្រេច​ចិត្ត​ជាមួយ​គ្នាជា​ពិសេស​នៅពេល​ដែល​ដៃគូ​របស់អ្នក​ជួប​ប្រទះ​បញ្ហា​នៅក្នុង​អាជីវកម្ម​របស់គាត់។ ដូចនេះ អ្នក​គួរតែ​ចេះ​ស្វែងយល់​ពី​សេចក្តី​​ព្រួយ​បារម្ភ​របស់ដៃគូ​អ្នក​ចំពោះ​អាជីវកម្ម​របស់​គាត់​ក្នុង​គោលបំណង​ធ្វើឲ្យ​ស្នេហា​របស់អ្នក​កាន់តែ​រឹងមាំ​មិនថា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ។ អ្នកអាច​​បង្ហាញ​ថា​អ្នក​​នឹ​ង​​ប្រឈមមុខ​​ជាមួយ​គាត់​ជានិច្ច។

ទោះបីជា​ការបើក​អាជីវកម្ម​ជួនកាល​អាច​បំផ្លាញ​ស្នេហា​របស់អ្នក​ក៏ដោយ ប៉ុន្តែ​អ្នក​នៅតែ​មាន​ដំណោះ​ស្រាយ​​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។​ វា​ស្ថិត​នៅលើ​អ្នក​​ថាតើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​ទាំង​នោះដែរ​ឬទេ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ វា​ក៏ជួយ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់តែ​រឹងមាំ​ស្ថិតស្ថេរ​ដែរ​នៅពេល​ដែល​អ្នក​ទាំងពីរ​អាច​ឆ្លងកាត់​បញ្ហា​រួមគ្នា​បាន។​ ដូចនេះ អ្នក​ត្រូវ​ចេះ​បែងចែក​ពេលវេលា​រវាង​កា​រងារ​និង​ដៃគូ​រ​បស់អ្នក​ឲ្យ​មាន​តុល្យភាព​។

bunneath Heng
bunneath Heng
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ