Alice Walton គឺត្រូវបានគេស្គាល់ថាជាស្ត្រីដែលល្អបំផុតក្នុងការប្រមូលផ្ដុំស្នាដៃសិល្បៈសហសម័យ ជាស្ត្រីដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងលះបង់ច្រើនលើការលើកកម្ពស់ផ្នែកសិល្បៈនៅក្នុងប្រទេស និងជាសប្បុរសជនដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិក។
លោកស្រី Alice Walton គឺជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Walmart លោក Sam Walton និងជាស្ត្រីដែលមានជាងគេបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង 59.3 ពាន់លានដុល្លារ និងជាមហាសេដ្ឋីទី 21 នៅលើពិភពលោក នេះបើយោងទៅតាមទស្សនាវដ្តី Forbes។
បន្ទាប់ពីលោកឪពុករបស់គាត់បានទទួលមរណៈ លោកស្រីបានទទួលមរតកជាភាគហ៊ុន 13% នៅក្នុង Walmart ដោយសារតែមានការទុកចិត្តពីសំណាក់គ្រួសាររបស់លោកស្រី។ លោកឪពុករបស់លោកស្រីបានបំបែកកម្មសិទ្ធិភាគហ៊ុនរបស់គាត់នៅក្នុង Walmart ស្មើៗគ្នាទៅឲ្យលោកស្រីផ្ទាល់ និងបងប្អូន 3 នាក់របស់គាត់។ ចំណែកឯលោកស្រី Alice Walton ក៏បានរកប្រាក់បានរាប់ពាន់លានពីការលក់ភាគហ៊ុនដើមមួយចំនួនរបស់គាត់ និងពីភាគលាភដែលគាត់ទទួលបានក្នុងរយៈពេលជាច្រើនឆ្នាំ។
គិតត្រឹមថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022។ លោកស្រី Alice Walton នៅតែកាន់កាប់ភាគហ៊ុនជាង 350,000 នៃភាគហ៊ុន Walmart Inc ដែលមានតម្លៃជាង 50.7 ពាន់លានដុល្លារដដែរ។ ហើយក្នុងរយៈពេល 11 ឆ្នាំចុងក្រោយនេះ Alice បានលក់ភាគហ៊ុន Walmart របស់គាត់ដែលមានតម្លៃជាង $22,657,136,474។
#ខាងក្រោមនេះគឺជាដំណើរជីវិតខ្លះៗរបស់លោកស្រី៖
ដូចដែលបាននិយាយខាងលើនេះ លោកស្រីគឺជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Walmart Inc. ឈ្មោះ Samuel Walton ជាគ្រួសារដែលឱ្យតម្លៃខ្លាំងទៅលើសិល្បៈ និងអាជីវកម្ម។ លោកស្រីមានបងប្អូន 4 នាក់រួមមានលោកស្រី និងបងប្អូនប្រុសបីនាក់ទៀតគឺ Sam Robson, Walton, John Walton និង Jim Walton ។ លោកស្រី គឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មានគោលដៅធំសម្រាប់ខ្លួនឯង ហើយលោកស្រីក៏តែងតែបណ្ដុះខ្លនឯងជាមួយនឹងទម្លាប់មួយចំនួនផងដែរដែលទាក់ទងទៅនឹងសិល្បៈនេះ។
បើក្រឡេកមកមើលអាជីពការងាររបស់លោកស្រីវិញ ការងារដំបូងរបស់ លោកស្រី គឺទទួលបានជោគជ័យក្នុងនាមជាអ្នកវិភាគសមធម៌ (Equity Analyst) និងជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (Money Manager)សម្រាប់ ក្រុមហ៊ុនសាជីវកម្ម។ ហើយក្រោយមកបានដឹកនាំសកម្មភាពវិនិយោគនៅធនាគារ Arvest Bank Group ក្នុងនាមជាប្រធាន និងនាយកប្រតិបត្តិ។ ក្រៅពីនេះ លោកស្រីគឺជាអ្នកស្រលាញ់សិល្បៈ ដែលឈរក្នុងនាមជាម្ចាស់ជើងឯកសិល្បៈដ៏ក្លៀវក្លា និងអស្ចារ្យ ដោយបានចូលរួមចំណែកយ៉ាងច្រើនដល់ស្ថាប័នមួយចំនួនដែលប្ដេជ្ញាក្នុងការគាំទ្រ និងថែរក្សាសិល្បៈ។