ភាពភ័យខ្លាចដូចជាត្រូវជំពាក់បំណុលគេ គេងមិនបានគ្រប់គ្រាន់ ឬបាត់បង់ពេលវេលាផ្ទាល់ខ្លួនជាដើមអាចធ្វើឲ្យអ្នកបោះបង់ចោលគំនិតចង់បើកអាជីវកម្មផ្ទាល់ខ្លួន។ ខាងក្រោមនេះជាហេតុផលសំខាន់មួយចំនួនដែលអ្នកគួរតែជ្រើសរើសការធ្វើអាជីវកម្មផ្ទាល់ខ្លួនជាជាងធ្វើការឲ្យគេ៖
១.មានពេលទំនេរ
ដំបូងអ្នកអាចចំណាយពេលច្រើនជាមួយអាជីវកម្មរបស់អ្នកនិងទទួលបានកម្រៃតិច។ ប៉ុន្តែបើអ្នកធ្វើវាបានត្រឹមត្រូវ អ្នកអាចចាប់ផ្តើមស្ទាត់ជំនាញជាមួយការគ្រប់គ្រងពេលវេលានិងកាលវិភាគបានយ៉ាងល្អ។
២.មានរឿងងាយស្រួលជជែកជាមួយអ្នកដទៃ
គ្រប់ពេលដែលអ្នកប្រាប់អ្នកដទៃថា អ្នកកំពុងតែធ្វើជំនួញមួយ គេតែងតែចង់ដឹងថាតើអ្នកធ្វើអ្វី ធ្វើដោយរបៀបណា និងវាដំណើរការដូចម្តេចខ្លះ។
៣.ហេតុផលរបស់អ្នក
ទោះបីជាខ្ញុំបានផ្តល់ហេតុផលជាច្រើនដល់អ្នកថាហេតុអ្វីអ្នកត្រូវធ្វើអាជីវកម្មក៏វាមិនដូចហេតុផលផ្ទាល់របស់អ្នកដែរ។ សំខាន់អ្នកត្រូវច្បាស់ខ្លួនឯងថាហេតុផលអ្វីដែលធ្វើឲ្យអ្នកចង់មានអាជីវកម្មខ្លួនឯង រួចសរសេរវាទុកទៅ។
៤.កិត្តិនាម
នៅពេលដែលអ្នកកសាងអ្វីមួយបានជោគជ័យ វាគឺជាអារម្មណ៍ដ៏អស្ចារ្យ។ ជាការពិតបើសិនជាអ្នកធ្វើការឲ្យគេ ហើយការងាររបស់អ្នកទទួលបានជោគជ័យអ្នកនឹងពិបាកក្នុងការមានមោទនភាពចំពោះខ្លួនឯងណាស់មិនដូចជំនួញរបស់ខ្លួនឯងនោះទេ។
៥.កូនចៅជំនាន់ក្រោយរបស់អ្នក
បើអ្នកមានអាជីវកម្មផ្ទាល់ខ្លួន អ្នកនឹងអាចមានលទ្ធភាពផ្តល់ការងាររបស់អ្នកឲ្យកូនចៅជំនាន់ក្រោយរបស់អ្នកបាន។ អ្នកនឹងមានមោទនភាពចំពោះវាព្រោះអ្នកបានបង្កើតវាឡើងមក។
៦.ហានិភ័យការងារ
តើអ្នកធ្លាប់ភ័យខ្លាចចំពោះការបាត់បង់ការងារឬត្រូវបានគេបណ្តេញចេញដែរទេ? បើអ្នកធ្លាប់ អ្នកគួរតែឈប់ព្រួយទៅ។ អ្នកអាចជ្រើសផ្លូវដើរដោយខ្លួនឯង ធ្វើជាម្ចាស់ដោយខ្លួនឯង។ បើអ្នកមានពាណិជ្ជកម្មផ្ទាល់ខ្លួន អ្នកនឹងមិនបាច់បារម្ភទេថានឹងអាចមានអ្នកមកដេញអ្នកចេញ។
៧.បណ្តាញការងារ
មនុស្សយើងត្រូវការការជួបគ្នាទៅវិញទៅមក ដោះដូររឿងមួយចំនួន និងរៀនពីបទពិសោធន៍គ្នាទៅវិញទៅមក។ អ្នកពិតជាអាចទទួលបានមិត្តភក្តិនិងដៃគូជាច្រើននៅក្នុងវិស័យជំនួញដើម្បីជួយអ្នកឲ្យបន្តការធ្វើពាណិជ្ជកម្មតទៅទៀត ព្រមទាំងអាចជួបពួកគេពិភាក្សាពីបញ្ហាដែលម្នាក់ៗធ្លាប់ជួបប្រទះពីមុនមក។
៨.ការធ្វើសកម្មភាពល្អៗ
នៅពេលដែលអ្នកមានអាជីវកម្មរបស់ខ្លួនឯង អ្នកពិតជាអាចក្លាយជាអ្នកគ្រប់គ្រងប្រាក់ចំណេញបានយ៉ាងពិតប្រាកដ។ ហេតុនេះហើយអ្នកនឹងមានសិទ្ធិយកវាទៅធ្វើអំពើល្អផ្សេងៗដូចជា ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសប្បុរសធម៌ ឬបរិច្ចាគទៅឲ្យសហគមន៍ដោយផ្ទាល់ក៏បាន។ ជាការពិតវានឹងជួយបង្កើនកិត្តិនាមរបស់អ្នកនៅក្នុងសង្គម។
៩.ភាពថ្មីឬប្លែក
ជាទូទៅមនុស្សចូលចិត្តបទពិសោធន៍ថ្មីៗ។ ការចាប់ផ្តើមមានអាជីវកម្មផ្ទាល់ខ្លួនប្រាកដណាស់ថាវានឹងធ្វើឲ្យអ្នកជួបប្រទះបញ្ហាថ្មីៗជាច្រើន ព្រមទាំងទទួលបានបទពិសោធន៍មិនធ្លាប់មានពីមុនមកថែមទៀតផង។
១០.ភាពជាអ្នកណែនាំ
ការធ្វើជាអ្នកណែនាំដល់គេគឺជាបទពិសោធន៍មួយដ៏ល្អ។ ការសិក្សាស្វែងយល់ច្រើននិងជួយដល់អ្នកដែលមានបទពិសោធន៍តិចជាងអ្នក វាផ្តល់នូវសេចក្តីពេញចិត្តដ៏ពិសេសមួយដល់អ្នក។ សហគមន៍នៃសហគ្រិនគឺជាការស្ម័គ្រចិត្តជួយអ្នកផ្សេងនៅពេលដែលគេត្រូវការជំនួយ។
១១.ក្លាយជាអ្នកជំនាញ
ចំណុចនេះគឺត្រូវគ្នាជាមួយនឹងភាពជាអ្នកណែនាំ(Mentorship)។ បើអ្នកកាន់តែធ្វើជាសហគ្រិនឲ្យបានកាន់តែល្អ នោះអ្នកនឹងកាន់តែស្ទាត់ជាមួយវា។ ថ្ងៃណាមួយនៅពេលដែលអ្នកធ្វើអាជីវកម្មរបស់អ្នកបានជោគជ័យអ្នកនឹងត្រូវបានគេសម្ភាសន៍ពីបទពិសោធន៍របស់អ្នកកន្លងមក។
១២.ជំនាញ
នៅពេលដែលអ្នកចាប់បើកអាជីវកម្ម អ្នកនឹងត្រូវបង្ខំឲ្យរៀនជំនាញផ្សេងៗដែលទាក់ទងនឹងអាជីវកម្មរបស់អ្នកដូចជា SEO (Search Engine Optimization) ការប្រើប្រាស់បណ្តាញសង្គម ទំនាក់ទំនងសាធារណៈ បង្កើតសៀវភៅបញ្ជីទិន្នន័យ រក្សាតុល្យភាពកញ្ចប់ថវិកា និងចរចារកិច្ចសន្យាជួលជាដើម។ ពេលដែលអ្នកត្រូវរៀនពីជំនាញថ្មីបន្ថែម វាប្រហែលជាមានការពិបាកនិងចំណាយពេលច្រើន។
១៣.ការប្តេជ្ញាចិត្ត
ពេលដែលអ្នកធ្វើជាម្ចាស់អាជីវកម្មណាមួយ វានឹងជះឥទ្ធិពលទៅលើជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ឧទាហរណ៍ថាកាលពីមុនអ្នកគឺជាមនុស្សម្នាក់ដែលខ្វះការតាំងចិត្តដើម្បីផ្លាស់ប្តូររឿងអ្វីមួយ ប៉ុន្តែបើអ្នកជាសហគ្រិន អ្នកនឹងក្លាយជាមនុស្សដែលចេះលះបង់និងប្តេជ្ញាចិត្តសម្រេចរឿងណាមួយបានកាន់តែប្រសើរ។
១៤.ការទទួលស្គាល់
មានរង្វាន់កិត្តិយសជាច្រើននៅតាមតំបន់ ភូមិភាគ និងថ្នាក់ជាតិដែលទទួលស្គាល់គ្រប់សហគ្រិនទាំងអស់មកពីគ្រប់វិស័យ។ វាមិនត្រឹមជាហេតុផលដែលធ្វើឲ្យអ្នកត្រូវតែបើកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអារម្មណ៍ដ៏អស្ចារ្យមួយនៅពេលដែលអ្នកទទួលបានការទទួលស្គាល់ដូចនេះ។
១៥.ឯករាជ្យភាពហិរញ្ញវត្ថុ
នេះប្រហែលជាហេតុផលដ៏ធំបំផុតដែលមនុស្សត្រូវចូលទៅក្នុងវិស័យជំនួញដោយខ្លួនឯង។ ភាពជាសហគ្រិនអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់លុយតាមដែលអ្នកត្រូវការនិងមានភាពងាយស្រួលបំផុត។
១៧.ការកែប្រែ
នៅពេលដែលអ្នកជាសហគ្រិនម្នាក់ អ្នកនឹងអាចក្លាយទៅជាអ្វីតាមដែលអ្នកចង់បាន។ អ្នកអាចធ្វើកិច្ចការដែលខ្លួនឯងស្រលាញ់និងពេញចិត្ត។ មួយវិញទៀតអ្នកក៏អាចកែតម្រូវពាណិជ្ជកម្មរបស់អ្នកតាមដែលអ្នកចង់បានផងដែរ។
១៧.ផ្លាស់ប្តូរពិភពលោក
តើអ្នកដឹងទេថាសហគ្រិនពិតជាអាចផ្លាស់ប្តូរពិភពលោកបានមិនថាតិចតួចឬច្រើនឡើយ? ក្រលេកទៅមើលសហគ្រិនល្បីៗដូចជា Elon Musk, Bill Gates, Sergey Brin និងសហគ្រិនដទៃទៀតដែលពួកគេបានធ្វើវាបានសម្រេច។ ឧទាហរណ៍ ការទូរស័ព្ទរកគ្នា អ្នកមិនបាច់ចំណាយពេលនិងថវិកាច្រើនដើម្បីធ្វើការទំនាក់ទំនងទៀតទេ។ នេះហើយជាការផ្លាស់ប្តូរពិភពលោក។
១៨.បង្កើតការងារ
គ្មានអ្វីដែលធ្វើឲ្យមនុស្សជាពិសេសបុគ្គលិករបស់អ្នកមានការពេញចិត្តជាជាងការដឹងថាអ្នកមានការទទួលខុសត្រូវចំពោះការផ្តល់ឱកាសការងារឲ្យគេបានរកប្រាក់ចំណូលសម្រាប់រស់នៅ ផ្តល់ឲ្យក្រុមគ្រួសារ និងសម្រេចក្តីសុបិនរបស់គេនោះទេ។
១៩.ម៉ាកសញ្ញារបស់អ្នក
វាគឺជារឿងដែលគួរឲ្យរំភើបខ្លាំងណាស់នៅពេលដែលមានគេស្គាល់ពីយើងច្រើន។ ជាពិសេសគឺអ្វីដែលយើងបានបង្កើត។
ប្រភព៖ www.entrepreneur.com