ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ 160 លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ 30លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង 1600កន្លែង។ ចំពោះកន្លែងផលិតស្រាបៀរដែលមានផលប៉ះពាល់តិចតួចបំផុតលើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍មូលដ្ឋាន។ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រួមមានការបញ្ឈប់ទាំងស្រុងនូវការបញ្ចេញឧស្ម័នកាបូនក្នុងសង្វាក់ផលិតកម្ម និងប្រតិបត្តិការផលិតយ៉ាងស្ងប់ស្ងាត់ពុំមានសំឡេងរំខានដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ជិតខាង។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ប៊ែរវើរីជីស មានឫសគល់ប្រពៃណីខ្មែរយ៉ាងជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះចីរភាពគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ក្រុមហ៊ុន។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហនុមាន បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូងក្នុងថ្ងៃទី 28 ខែតុលា ឆ្នាំ2021 នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ4 ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដូច្នេះក្រុមហ៊ុននេះ ទើបតែចូលទីផ្សាររយៈពេលជិត 1ឆ្នាំ បើគិតពីថ្ងៃ 21 ខែមេសា ឆ្នាំ2022។ ប៉ុន្តែទោះជាយ៉ាងនេះ ក្រុមហ៊ុននេះ គឺមានការគាំទ្រខ្លាំងណាស់ពីសំណាក់ប្រជាជនខ្មែរ។ ហើយនៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញពីរបៀបដែលក្រុមហ៊ុនមួយនេះ អាចទាញចំណាប់អារម្មណ៍ជនជាតិខ្មែរបានលឿន និងចូលទីផ្សារបានជោគជ័យ។
1. សារគុណតម្លៃនៃមោទនភាពជាតិខ្មែរ
ក្រុមហ៊ុនហនុមាន ព្យាយាមផ្សព្វផ្សាយបង្ហាញដោយផ្ដោតលើវប្បធម៌ បរិស្ថាន និងប្រពៃណីជាតិខ្មែរ ដើម្បីរំលឹកដល់បងប្អូនប្រជាជនខ្មែរឱ្យបានចងចាំឡើងវិញនូវអ្វីដែលជារបស់ខ្មែរ និងអ្វីដែលក្រុមហ៊ុនហនុមានព្យាយាមចូលរួមចំណែកផងដែរ។
សារទាំងនោះ រួមមាន៖
- ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សានូវបរិស្ថានទាំងមូល ចាប់តាំងពីប្រតិបត្តិការរបស់យើងពីដើមរហូតដល់ចប់។ ពួកយើងលើកកម្ពស់នូវលទ្ធកម្មលើ សម្ភារៈ និងឧបករណ៍ ដែលមានផលប៉ះពាល់ទៅដល់បរិស្ថានទាបបំផុត ដើម្បីលើកកម្ពស់និរន្តរភាពក្នុងសហគមន៍យើង។
- រំលឹកបង្ហាញពី ខួប 28 ឆ្នាំ នៃទិវារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។
- មេរៀនជីវិតដែលមនុស្សអាចរៀនពីតួអង្គហនុមាន
- សូម្បីតែ Logo និងឈ្មោះក្រុមហ៊ុន ក៏ដាក់រូប និងឈ្មោះហនុមាន ហើយបានសរសេរបង្ហាញថា ហនុមានជាមេទ័ពដ៏ខ្លាំងពូកែ តែងជួយព្រះរាមគ្រប់ពេលវេលាក្នុងការស្វែងរកនាងសីតា និងធ្វើសង្គ្រាមជាមួយពួកយក្ស។ ក្នុងសាសនា “ហនុមាន” ជាអាទិទេពនៃប្រាជ្ញា កម្លាំង ភាពក្លាហាន ភក្ដីភាព និងក្តីមេត្តា។
- និងជាច្រើនទៀតដែលបង្ហាញឱ្យបងប្អូនជនជាតិខ្មែរនូវចំណេះដែលមោទនភាពជាតិខ្មែរ ព្រមទាំងការចូលរួមចំណែកបន្ថែមពីក្រុមហ៊ុនហនុមាន។
កត្តានេះហើយ ដែលជាផ្នែកមួយដែលប្រជាជនខ្មែរចាប់ផ្ដើមស្គាល់អំពីក្រុមហ៊ុនមួយនេះ និងចាប់ផ្ដើមនឹកគិតម្ដងទៀតអំពីអ្វីដែលជាមោទនភាពជាតិខ្មែរ និងរឿងរ៉ាវជាច្រើនជំនាន់របស់ខ្មែរ។
2. គុណភាពស្រាបៀរ
ការផលិតស្រាបៀរហនុមាន មានការពិនិត្យយ៉ាងល្អនៅរោងចក្រផ្ទាល់លើខ្សែសង្វាក់ផលិតកម្មស្រាបៀរ និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។
លើសពីនេះ ក្រុមហ៊ុនហនុមាននឹងផ្ដល់នូវរសជាតិដ៏ឆ្ងាញ់ជាប់ចិត្ត ដែលជាលទ្ធផលនៃការស្រាវជ្រាវជាច្រើនឆ្នាំរបស់អ្នកជំនាញផលិតស្រាបៀរល្អបំផុតក្នុងពិភពលោក។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ធានានូវគុណភាព និងរសជាតិល្អវិសេសវិសាល ជាមួយវត្ថុធាតុដើមល្អៗពីប្រទេសអឺរ៉ុបដែលបានសម្រិតសម្រាំងយ៉ាងពិសេស ជាមួយបច្ចេកវិទ្យាផលិតទំនើបចុងក្រោយស្របទៅតាមស្ដង់ដារអន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់។
3. វិនិយោគខ្លាំងលើការធ្វើទីផ្សារ
ក្រុមហ៊ុនហនុមាន ព្យាយាមស្វែងរកអ្នកជំនាញផ្នែកទីផ្សារ និងហ៊ានចំណាយទុនជាច្រើនលើការធ្វើទីផ្សារ ហើយការចំណាយនេះ គឺពិតជាបានផលពិតមែន ដោយទើបតែចូលទីផ្សារ ក៏ចាប់ផ្ដើមទាញចំណាប់អារម្មណ៍មនុស្សដែលចូលចិត្តស្រាបៀរ បានស្គាល់ បានដឹង និងចង់សាកល្បងជាច្រើន។
ការចំណាយលើការធ្វើទីផ្សារនេះ គឺក្រុមហ៊ុននេះ បានចំណាយលើការធ្វើទីផ្សារតាមរយៈការលេងហ្គេមទទួលបានស្រាបៀរហនុមាន ការចែកចាយនៅតាមតំបន់ផ្សេងៗ និងការសម្រុកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដូចជាកម្មវិធីធំៗរបស់ខ្មែរដែលមនុស្សមើលច្រើន ការប្រគុំតន្រ្តីដែលមានតារាចម្រៀងល្បីៗ ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយលោក វណ្ណដា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយកញ្ញាទេព បូព្រឹក្ស ជាដើម។
សូមបញ្ជាក់ផងដែរថា ការចំណាយដ៏ច្រើននៃការធ្វើទីផ្សារនេះ ក្រុមហ៊ុនហនុមានបានកំណត់យ៉ាងច្បាស់ក្នុងការជ្រើសរើសមធ្យោបាយក្នុងការផ្សព្វផ្សារឱ្យបានត្រូវជាមួយនឹងអតិថិជនគោលដៅ ព្រមទាំងមានអ្នកជំនាញក្នុងការជួយផងដែរ។ ហើយការធ្វើទីផ្សារទាំងនេះ បានធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមនិយាយបន្តគ្នា និងចង់សាកនូវរសជាតិ។