តើអ្នកមានដែលធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ? តើហេតុអ្វីបានជាទឹកបឹងមិនមានរសជាតិប្រៃដូចទឹកសមុទ្រ? តើមានអ្នកណាយកអំបិលទៅចាក់ក្នុងទឹកសមុទ្រមែនដែរឬទេ? ថ្ងៃនេះ «គំនិត» នឹងធ្វើការបកស្រាយស្តីពីចម្ងល់នេះជូនដល់ប្រិយមិត្តអ្នកអាន?
វាមិនពិបាកយល់នោះទេថាហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃនោះ។ សមុទ្រមានវត្តមាននៅលើភពផែនដីយើងនេះអស់រយៈពេលយូរយារណាស់មកហើយ ហេតុដូច្នេះហើយ មានបរិមាណអំបិលខ្លះបានបន្ថែមចូលទៅក្នុងទឹកសមុទ្រនៅពេលដែលឧស្ម័ន និងកំអែរភ្នំភ្លើងព្រួសចេញដោយសារតែកំណើនសកម្មភាពភ្នំភ្លើងនៅក្រោមសមុទ្រ។ កាបូនឌីអុកស៊ីតដែលបានពីបរិយាកាសរលាយនៅក្នុងទឹកបង្កើតបានជាអាស៊ីតកាបូនិចខ្សោយដែលជាភ្នាក់ងាររំលាយរ៉ែនៅក្នុងសមុទ្រ។ នៅពេលដែលសារធាតុរ៉ែទាំងនោះរលាយ វាបានបង្កើតជាអ៊ីយ៉ុង ដែលធ្វើឲ្យទឹកមានរសជាតិប្រៃ។ នៅពេលដែលទឹកត្រូវបានហួតទៅក្នុងអាកាស វាបានបន្សល់ទុកនូវអំបិលនៅក្នុងសមុទ្រ។ លំហូរទឺកពីទន្លេទៅក្នុងសមុទ្រក៏បាននាំមកនូវអ៊ីយ៉ុងដែលបានមកពីថ្មមកបន្ថែមទៀតដោយសារតែការច្រោះពីទឹកភ្លៀង និងទឹកស្ទឹង។
កម្រិតអំបិលនៅក្នុងទឹកសមុទ្រ គឺមានស្ថេរភាពដែលត្រូវបានគេប៉ានស្មានថាមានកម្រិត ៣៥/១០០០។ ដើម្បីបង្ហាញឲ្យប្រិយមិត្តដឹងថាតើអំបិលនៅក្នុងសមុទ្រមានបរិមាណប៉ុន្មាននោះ បរិមាណអំបិលត្រូវបានគេប៉ានស្មានថា ប្រសិនបើគេយកអំបិលទាំងអស់ពីក្នុងសមុទ្រហើយក្រាលនៅលើដីគោក គេនឹងបានស្រទាប់អំបិលដែលមានជម្រៅជ្រៅជាង១៦៦ម៉ែត។ អ្នកប្រហែលជាគិតថា កម្រិតជាតិប្រៃនៅក្នុងសមុទ្រនឹងមានការកើនឡើងទៅតាមពេលវេលា ប៉ុន្តែជាក់ស្តែងគឺវាមិនមែនដូច្នោះនោះទេ ដោយសារតែអ៊ីយ៉ុងជាច្រើននៅក្នុងសមុទ្រត្រូវបានស្រូបយកដោយភាវៈដែលរស់នៅទីនោះ។ កត្តាផ្សេងទៀតគឺអាចបណ្តាលមកពីការកកើតថ្មីនៃរ៉ែ។
បឹងក៏ទទួលបានទឹកពីស្ទឹង និងទន្លេ ហើយបឹងក៏មានទំនាក់ទំនងផ្ទាល់ជាមួយនឹងដីផងដែរ តើហេតុអ្វីបានជាទឹកបឹងមិនមានរសជាតិប្រៃ? មានទឹកបឹងខ្លះក៏មានរសជាតិប្រៃផងដែរ ដូចជាបឹង គ្រេតសាល់ (Great Salt) និងបឹង ដេតស៊ី (Dead Sea)។ តើនេះមកពីហេតុអ្វី? ជាចំនែកមួយ ទឹកមានរសជាតិប្រៃប្រសិនបើមានផ្ទុកអ៊ីយ៉ុងសូដ្យូម និងអ៊ីយ៉ុងក្លរ៉ួ។ ប្រសិនបើសារធាតុរ៉ែនៅក្នុងទឹកមិនមានផ្ទុកសូដ្យូមច្រើននោះទេ ទឹកនឹងមានរសជាតិប្រៃខ្លាំងនោះទេ។ ហេតុផលផ្សេងទៀតដែលធ្វើឲ្យទឹកបឹងមិនមានរសជាតិប្រៃនោះគឺដោយសារតែទឹកបឹងនឹងហូរចេញពីទីនោះ ហើយធ្វើដំណើរទៅកាន់សមុទ្រ។
ឯកសារយោង៖ http://chemistry.about.com/od/waterchemistry/f/why-is-the-ocean-salty.htm