ជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) សុទ្ធតែជាជំនាញដែលមនុស្សត្រូវការទាំងពីរ ដោយមិនអាចខ្វះជំនាញណាមួយបានឡើយ ឬមិនអាចមានតែជំនាញរឹង ហើយគ្មានជំនាញទន់ ឬមានតែជំនាញទន់ តែគ្មានជំនាញរឹងបានឡើយ។ ដូច្នេះសំណួរចោទឡើងថា ហេតុអ្វីមនុស្សត្រូវតែមានជំនាញទាំងពីរនេះ?
ដើម្បីឈ្វេងយល់កាន់តែច្បាស់ថា ជំនាញទាំងពីរនេះមានភាពពាក់ព័ន្ធគ្នាដូចម្ដេច យើងអាចឈ្វេងយល់អំពីជំនាញនីមួយៗជាមុនសិន។
ជំនាញរឹង (Hard Skills)
ជំនាញរឹង ជាចំណេះដឹងបច្ចេកទេស ឬការបណ្តុះបណ្តាលដែលអ្នកបានទទួលតាមរយៈបទពិសោធន៍ជីវិតណាមួយ រួមទាំងក្នុងអាជីព ឬការអប់រំរបស់អ្នកនៅក្នុងសាលា។
ជំនាញរឹង រួមមាន៖
- ជំនាញភាសាបរទេស
- សញ្ញាបត្រ ឬវិញ្ញាបនបត្រ
- ការសរសេរកម្មវិធីកុំព្យូទ័រ
- ជំនាញ IT
- គណនេយ្យករ
- ការគ្រប់គ្រងយុទ្ធនាការទីផ្សារ
- ការវិភាគហានិភ័យ
- និងមានជាច្រើនទៀត។
ជំនាញទន់ (Soft Skills)
ជំនាញទន់ ជាទម្លាប់ និងលក្ខណៈផ្ទាល់ខ្លួន ដែលកំណត់ពីរបៀបដែលអ្នកធ្វើការ ដោយខ្លួនឯង និងជាមួយអ្នកដទៃ។
ជំនាញទន់ រួមមាន៖
- ជំនាញទំនាក់ទំនង
- ភាពបត់បែន
- ភាពជាអ្នកដឹកនាំ
- ការលើកទឹកចិត្ត
- ការអត់ធ្មត់
- ការបញ្ចុះបញ្ចូល
- ការងារជាក្រុម
- ចេះបើកចិត្ត
- ភាពច្នៃប្រឌិត
- ការចេះយល់ចិត្តមនុស្សជុំវិញ
- សមត្ថភាពដោះស្រាយបញ្ហា
- ក្រមសីលធម៌ការងារ
- ការគ្រប់គ្រងពេលវេលា
- និងមានជាច្រើនទៀត។
ប្រសិនបើមនុស្សមានមួយជំនាញ ខ្វះមួយជំនាញ តើមានអ្វីកើតឡើង?
- ក្នុងករណីថា មនុស្សមានតែជំនាញរឹង តែគ្មានជំនាញទន់ ៖ មនុស្សនោះនឹងមានជំនាញឯកទេសមួយដ៏ខ្លាំងក្លា ប៉ុន្តែខ្វះការធ្វើការជាក្រុម មិនចេះយល់ចិត្តមនុស្សជុំវិញ ហើយពិបាកធ្វើការជាមួយនឹងមិត្តរួមការងារ នោះបុគ្គលនោះគ្មានភាពរីកចម្រើនលឿនឡើយ។
- ក្នុងករណីថា មនុស្សមានតែជំនាញទន់ តែគ្មានជំនាញរឹង ៖ មនុស្សនោះនឹងមានតែការចេះធ្វើការជាមួយអ្នកជុំវិញ ចេះក្រែងចិត្តនិងយល់ពីសុខទុក្ខអ្នកដទៃ ប៉ុន្តែគ្មានជំនាញគោលមួយច្បាស់លាស់ នោះបុគ្គលនោះ ក៏មានភាពរីកចម្រើនយឺតដែរ។
ហើយនេះ គ្រាន់តែជាការលើកឧទាហរណ៍បង្ហាញមួយផ្នែកតូចនោះទេ ដើម្បីជួយបង្ហាញឱ្យអ្នកបានឈ្វេងយល់ និងដឹងថា ជំនាញទាំងពីរនេះ សុទ្ធតែសំខាន់ ហើយមនុស្សចាំបាច់ត្រូវតែមានទាំងពីរ។
អត្ថប្រយោជន៍ នៅពេលមានជំនាញទាំងពីរនេះ
នៅពេលដែលមនុស្សមានទាំងជំនាញរឹង និងជំនាញទន់ ពួកគេនឹង៖
- មានសមត្ថភាពកាន់តែរីកចម្រើនបានលឿន
- មានផលិតភាពការការងារខ្ពស់
- មានឱកាសនៃការជោគជ័យក្នុងជីវិត និងក្នុងការបំពេញការងារណាមួយបានឆាប់រហ័ស
- អាចសម្រេចបានកិច្ចការងារសំខាន់ៗបានច្រើន