spot_img
spot_img
Homeទូទៅហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?

ហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?

-

តើ​អ្នកមាន​​ដែលធ្លាប់​ងងុយគេង រឺ​គេង​តែម្តង​នៅ​ពេលដែល​អ្នកកំពុង​តែរៀន​នៅក្នុង​ថ្នាក់ ឬក៏​កំពុង​តែ​ប្រជុំដែរឬទេ? មាន​មនុស្ស​មិន​តិច​ទេ​ដែលមាន​បញ្ហា​នេះ។ មាន​ការសិក្សា​ស្រាវជ្រាវជា​ច្រើន​បាន​តភ្ជាប់​ដំណេក​មិន​គ្រប់គ្រាន់ទៅ​នឹងជម្ងឺនានា ដូចជា​ការ​បាត់​បង់​ការ​ចងចាំ និង​ជម្ងឺលើស​ទម្ងន់ជាដើម។ ដូចនេះ សូមតាមដាន​ជាមួយ​«គំនិត»​ទាំងអស់គ្នាថា​តើ​មាន​មូលហេតុចំបង​អ្វីខ្លះ​ដែល​យើង​គួរ​ទទួល​ទាន​ដំណេក​ឲ្យបាន​គ្រប់គ្រាន់​នោះ?

១-ដំណេក​អាច​ជួយ​ឲ្យ​យើង​រៀន​បាន​ល្អ​ប្រសើរជាងមុន

អ្នកសិក្សាស្រាវ​ជ្រាវ​ជឿជាក់ថា ដំណេកបាន​ដើរ​តួយ៉ាង​សំខាន់​នៅក្នុង​ការ​ចងចាំរបស់មនុស្សយើង ហើយ​មាន​ការសិក្សាស្រាវជ្រាវថ្មីៗនេះក៏បាន​បញ្ចាក់ថា ការសម្រាក​បាន​ល្អ​នៅ​ពេល​យប់​អាច​ធ្វើឲ្យការ​សិក្សាមាន​ការ​រីកចម្រើន។ នៅក្នុងការសិក្សា​មួយបាន​រកឃើញ​ថា សិស្ស​ដែលមិនបាន​ទទួលដំណេកគ្រប់គ្រាន់​បន្ទាប់​ពី​បាន​សិក្សា​នូវជំនាញថ្មីមួយ ការ​ចងចាំពីអ្វីដែលគេបាន​រៀន​ពី​ជំនាញ​នោះ​បានធ្លាក់ចុះយ៉ាង​ច្រើន​រហូត​ដល់ទៅ​៣​ថ្ងៃ​ក្រោយពីថ្ងៃនោះ។ ​ទ្រឹស្តី​ការ​ពង្រឹង​សមត្ថភាពចងចាំនៃ​ដំណេក(Consolidation Theory of Sleep) លើកឡើង​ថា នៅពេលដែល​យើង​គេង រាល់​ព័ត៌មាន​ដែល​យើង​ទទួលបាន​នៅពេលដែលយើង​ដឹងខ្លួន​នឹង​ធ្វើ​ការ​រក្សាទុក​នៅក្នុង​ខួរក្បាល​របស់យើង។ ខណៈពេលដែល​មាន​ការសិក្សាស្រាវជ្រាវ​ខ្លះគាំ​ទ្រ និង​បដិសេធ​នូវ​ទ្រឹស្តីនេះ មាន​ការសិក្សាស្រាវជ្រាវ​ជា​ច្រើន​​បាន​បង្ហាញថា ដំណេក​បាន​តួរយ៉ាងសំខាន់ចំពោះ​ការចងចាំ​មួយ​ចំនួន។

២- ការសិក្សាស្រាវជ្រាវ​បាន​លើកឡើង​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​កើត​ជម្ងឺ​លើស​ទម្ងន់

ក្រៅពីជះឥទ្ធិពល​ដល់ការចងចាំ និង​ការ​សិក្សា ការ​គេង​មិនគ្រប់គ្រាន់​ក៏ត្រូវបាន​តភ្ជាប់ទៅនឹង​ទម្ងន់​របស់រាងកាយ​ផងដែរ។ នៅឆ្នាំ​២០០៥ មានការសិក្សាស្រាវជ្រាវ​មួយ​ដែល​បាន​បោះពុម្ភ​នៅ​ក្នុង​ ប័ណ្ណសារដ្ឋាននៃថ្នាំព្យាបាល​រោគក្នុងខ្លួន​​ (Archives of Internal Medicine)បង្ហាញថា អ្នក​ដែលមាន​ជម្ងឺលើសទម្ងន់​បានរក​ឃើញ​ថា​បាន​ទទួលទាន​ដំណេក​តិច​ជាង​អ្នកដែលមាន​ទម្ងន់​ធម្មតា។ យោតាម​គេហទំព័រ​ About.com​ ស្តីពីអត្ថបទ​មួយ​មានចំណង​ជើង​ មគ្គុទេស​នៃ​ដំណេកមិន​ប្រក្រតី បាន​លើកឡើងថា កុមារដែលមាន​ទម្លាប់គេង​មិនល្អនៅអាយុ​៣០ខែ នឹង​ប្រឈម​មុខ​នឹងជម្ងឺលើស​ទម្ងន់​នៅ​អាយុ​៧ឆ្នាំ។ ខណៈ​ពេលដែលអ្នកវិទ្យាសាស្ត្រ​មិន​ទាន់​ដឹងច្បាស់ថា​ដំណេក​អាច​ជះឥទ្ធិពល​យ៉ាងណា​ដល់​របបអាហារ និង​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ការទទួលទាន​ដំណេកឲ្យ​បានគ្រប់គ្រាន់នៅពេល​យប់​នឹង​មិន​ប៉ះពាល់ដល់​ការ​ព្យាយាម​ថែរក្សា​ទម្ងន់​រាងកាយ​របស់អ្នកឡើយ។

៣-ដំណេក​ពិតជាមានសារៈសំខាន់ក្នុងការ​គ្រប់គ្រង​ភាព​តប់​ប្រមល់

យោង​តាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យដឹងថា មនុស្ស​គ្រប់រូប​ត្រូវការ​គេង​ឲ្យ​បាន​៧ ទៅ​៨ម៉ោង​ជារៀងរាល់យប់។ តើមានអ្វីកើតឡើងនៅពេលដែលអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់? អ្នកនឹងមាន​អាការៈ​ដូចជា សោកសៅ អន្ទះអន្ទែង ឆេវឆៅ​ ព្រមទាំង​ភាព​តប់​ប្រមល់ ឬស្ត្រេសនឹង​មានការកើនឡើង។ យោង​តាមគេទំព័រ​ About.com ស្តីពី​មគ្គុទេស​នៃ​ការ​គ្រប់គ្រង​ភាព​តប់ប្រមល់​បាន​លើកឡើង​ថា ការគេង​មួយស្របក់អាចជួយ​ឲ្យ​យើង​បាត់​ងងុយ កាត់​បន្ថយ​ភាពតប់ប្រមល់ និង​បង្កើន​ផលិតភាព។ ទោះជាការ​គេង​ឲ្យ​បានច្រើន​មិន​អាច​លប់បំបាត់​ភាព​តប់ប្រមល់​បាន​ទាំង​អស់​ តែវា​អាច​ជួយ​ឲ្យ​ជួយ​បង្កើន​សមត្ថភាព​របស់យើង​ក្នុង​ការ​ប្រឈមមុខ​នឹង​ភាព​តប់ប្រមល់​ប្រចាំថ្ងៃ។

៤-​ដំណេក​អាចជួយ​ឲ្យ​យើង​សម្រេចចិត្ត​បាន​ល្អ

តើអ្នកធ្លាប់​ជួប​ប្រទះ​ការ​លំបាក​ក្នុងការសម្រេចចិត្តទៅ​លើ​បញ្ហាដ៏សាមញ្ញមួយ​បន្ទាប់​ពី​មិនបានគេង​គ្រប់គ្រាន់​ដែរឬទេ? ក្រៅពី​មានល្បឿន​នៃ​ការ​ឆ្លើយតប និង​ភាព​ជាក់លាក់​មាន​ការ​ធ្លាក់ចុះ ការគេង​មិនគ្រប់គ្រាន់​ក៏ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​នឹង ការសម្រេច​ចិត្ត​មិនបានល្អ​ផងដែរ។ ការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ភ​នៅក្នុងទស្សនាវដ្ដី​ ដំណេក អ្នកស្រាវជ្រាវ​បាន​រកឃើញថា ភាព​ងងុយគេង​បាន​ជះឥទ្ធិពលយ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្រេចចិត្ត​ឲ្យបានល្អ​ប្រសើរ។ ប្រសិនបើអ្នក​មានបញ្ហា​លំបាក​ក្នុងការសម្រេចចិត្ត ត្រូវ​ចងចាំ​ថា ​អ្នក​ត្រូវ​តែសម្រាក​ឲ្យ​បានល្អដើម្បី​អ្នក​អាច​ប្រើប្រាស់សមត្ថភាព​ទាំង​អស់​របស់អ្នក​បាន។

 

ប្រភព៖​ http://psychology.about.com/od/statesofconsciousness/tp/reasons-to-sleep.htm

រូបភាព៖ http://www.visualphotos.com/photo/2×4561402/Bored_college_students_sleeping_in_lecture_hall_pe0068725.jpg

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ