ហេតុអ្វីបានជាយើងត្រូវអានសៀវភៅជារៀងរាល់ថ្ងៃ?តើវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យើង?សព្វថ្ងៃនេះមនុស្សមួយចំនួន ចូលចិត្តអានសៀវភៅ ចូលចិត្តវិនិយោគលុយទៅលើសៀវភៅដោយសារតែ សៀវភៅអាចជួយបញ្ចៀសបញ្ហា ឬជួយដោះស្រាយបញ្ហាឲ្យពួកគេ ប៉ុន្តែក៏នៅមានមនុស្សមួយភាគធំដែលនៅតែមិនចូលចិត្តអានសៀវភៅ ហើយតែងតែចំណាយពេលទៅលើរឿងឥតប្រយោជន៍ នេះមកពីពួកគេមិនទាន់យល់ពីគុណតម្លៃ និងសារៈប្រយោជន៍របស់សៀវភៅ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០ចំណុចនៃការអានសៀវភៅ៖
“គ្មានមនុស្សជោគជ័យឯណា ដែលថាមិនអានសៀវភៅនោះទេ” ហើយក៏”គ្មានអ្នកប្រាជ្ញឯណាដែលមិនចេះអានសៀវភៅនោះដែរ”។
១ រំញោចផ្លូវចិត្ត
តាមការសិក្សាបានបង្ហាញថាការរំញោចផ្លូវចិត្តអាចធ្វើឲ្យ ដំណើរការនៃការវង្វេងវង្វាន់របស់មនុស្សធា្លក់ចុះ ដោយសារតែខួរក្បាលមានសកម្មភាពក្នុងការគិតពេលដែលយើងអាន ហើយការរំញោចនោះដែរ បានជួយការពារខួរក្បាលពីការបាត់បង់នូវថាមពល។ដូចសាច់ដុំដទៃទៀតដែលមាននៅក្នុងរាងកាយ ខួរក្បាលតម្រូវឲ្យមានការធ្វើលំហាត់ប្រាណ ដើម្បីឲ្យវាមានភាពរឹងមាំនិងមានសុខភាពល្អ។ហើយក្នុងនោះដែរគេក៏សង្កេតឃើញថាការលេងល្បែងផ្គុំរូប និងលេងល្បែងដូចជាអុក គឺត្រូវបានគេរកឃើញថាវាមានប្រយោជន៍ជាមួយនឹងការរំញោចការយល់ដឹងរបស់មនុស្ស។
២ កាត់បន្ថយភាពតានតឹង(ស្ត្រេស)
មិនថាអ្នកមានភាពតានតឹងខ្លាំងប៉ុណ្ណានៅកន្លែងការងារ នៅក្នុងទំនាក់ទនងផ្ទាល់ខ្លួនឬ បញ្ហាផ្សេងទៀតរាប់មិនអស់ដែលត្រូវប្រឈមមុខក្នុងជិវិតប្រចាំថ្ងៃក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកអានសៀវភៅ ដូចជាសៀវភៅប្រលោមលោក សៀវភៅកំប្លែង ឬក៏សៀវភៅណាមួយដែលអ្នកចូលចិត្ត ពេលនោះអារម្មណ៍របស់អ្នកនឹងអន្លង់អន្លោចទៅតាមសាច់រឿងដែលអ្នកកំពុងអាន ហើយទុកឲ្យអារម្មណ៍ធុញថប់របស់អ្នករសាត់ចេញពីខ្លួនដែលធ្វើឲ្យអ្នកអាចសម្រាក និងបំភ្លេចទុក្ខកង្វល់។
៣ ចំណេះដឹង
ប្រាកដណាស់សៀវភៅគឺជាឃ្លាំងសម្រាប់ផ្ទុក ចំណេះដឹង និង បទពិសោធន៍ថ្មីៗ។ ពេលណាដែលអ្នកកាន់តែអាន នោះអ្នកនឹងកាន់តែមានការគិត និង ការយល់ដឹងបានជ្រៅជ្រះ។ អ្នកអាចប្រើចំណេះដឹងដែលទទួលបានពីការអានសៀវភៅ ទៅធ្វើការរកស៊ី ឬមួយក៏យកវាទៅដោះស្រាយនូវបញ្ហាដែលកើតមានជាដើម។អ្វីដែលអ្នកត្រូវចាំគឺ ទោះបីជាអ្នកជួបបញ្ហាលំបាកខ្លាំង អ្នកបាត់បង់ទ្រព្យសម្បត្តិ បាត់បង់លុយកាក់ បាត់បង់ការងារ យ៉ាងណាក៏ដោយ ក៏អ្នកនៅតែអាចរស់បានដែរបើសិនជាអ្នកមានចំណេះដឹង។ចំណេះដឹងរបស់អ្នកនឹងនាំយកអ្វីៗដែលអ្នកបាត់បង់ត្រឡប់មកវិញជាមិនខាន។
៤ ពង្រីកនូវវាក្យស័ព្ទ
ពេលអ្នកអានកាន់តែច្រើន នោះអ្នកនឹងទទួលបានពាក្យថ្មីៗ ស្គាល់ពាក្យថ្មីៗបានកាន់តែច្រើន ហើយវាក៏ជួយបង្កើននូវសមត្ថភាពនិយាយជាសាធារណៈដល់អ្នកផងដែរ រីឯការសន្ទនារវាងអ្នកនឹងដៃគូសន្ទនាក៏កាន់តែមានភាពស៊ីចង្វាក់គ្នាថែមទៀត។
៥ បង្កើនការចងចាំ
នៅពេលដែលអ្នកអានសៀវភៅ អ្នកត្រូវចងចាំអំពីការចាត់ថ្នាក់នៃតួអង្គ ចងចាំអំពីប្រវត្តិសាវតា ចាំអំពីដំណើររឿង និងខ្លឹមសារនៃរឿង។ ការអានជួយឲ្យ ខួរក្បាលរបស់អ្នកមានភាពបត់បែនលឿន គិតបានរហ័ស និង បង្កើននូវអង្គចងចាំបានល្អ ។
៦ មានជំនាញគិតនិងវិភាគខ្លាំង
ពេលដែលអ្នកអាន អ្នកត្រូវតែផ្ចង់អារម្មណ៍ ផ្ចង់ស្មារតី ឲ្យមូល ដើម្បីវិភាគនូវទស្សនៈ គំនិត ឬដំបូន្មានដែលមាននៅក្នុងសៀវភៅ ព្រោះថាទស្សនៈខ្លះរបស់អ្នកនិពន្ធបង្កប់ន័យជ្រៅ មិនមែនអានម្ដងនឹងយល់នោះទេ ដូចនេះអ្នកត្រូវតែចំណាយពេលខ្លះទៅវិភាគ ទៅពិចារណា ឲ្យបានល្អិតល្អន់ទើបយល់ពីអត្ថន័យរបស់អ្នកនិពន្ធចង់សំដៅទៅអ្វី។ បន្ទាប់ពីនោះអ្នកអានហើយ អ្នកអាចយកអត្ថបទ ឬ ក៏ទស្សនៈណាមួយទៅពិភាក្សាជាមួយដៃគូ ព្រោះវាធ្វើឲ្យការគិតរបស់អ្នកកាន់តែរីកចម្រើន។ ពេលនោះហើយ គឺជាពេលដែលខួរក្បាលរបស់អ្នកធ្វើសកម្មភាព ធ្វើលំហាត់ប្រាណខួរក្បាលឲ្យចេះវិភាគ ចេះវែកញែក និងចេះដោះស្រាយបញ្ហា និងមានគំនិតទូលំទូលាយ។
៧ បង្កើនឡើងនូវការផ្ដោតអារម្មណ៍
នៅពេលដែលអ្នកអានសៀវភៅ អារម្មណ៍ដែលអ្នកមានទាំងប៉ុន្មាននឹងត្រូវផ្ដោតទៅលើដំណើររឿងនៅក្នុងសៀវភៅទាំងអស់ រីឯរឿងផ្សេងៗទៀតនឹងត្រូវរសាយរសាត់ទៅតាមវាយោអស់។
៨ មានជំនាញសរសេរបានល្អ
ជាការពិតណាស់អានសៀវភៅច្រើន នឹងចម្រើននូវសមត្ថភាពខួរក្បាលរបស់អ្នកឲ្យមានការចងចាំនូវពាក្យ និង ចងចាំនូវការសរសេររបស់ពាក្យនីមួយៗបានយ៉ាងល្អ។ ពេលដែលអ្នកឧស្សាហ៍អាន អ្នកនឹងចេះសរសេរសំណេរបានយ៉ាងក្បោះក្បាយ និងត្រូវតាមអក្ខរក្រម ហើយពេលខ្លះពាក្យណាដែលអ្នកមិនដែលជួបក៏អ្នកអាចសរសេរបានដែរ។
៩ ភាពស្ងប់ស្ងាត់
បន្ថែមលើការសម្រាកលំហែកាយ ដែលអមទៅនឹងការអានសៀវភៅល្អ វាអាចនាំមកនូវភាពធូរស្រាលក្នុងចិត្ត និងមានភាពស្ងប់ស្ងាត់ផ្លូវអារម្មណ៍ មកឲ្យអ្នក។ អ្នកគួររកកន្លែងណាដែលស្ងប់ស្ងាត់ដើម្បីអានសៀវភៅ ចៀសវាងពីការរំខាននៅខាងក្រៅ។ ផ្លូវវិញ្ញាណរបស់អ្នកអាចជួយកាត់បន្ថយសម្ពាធឈាមនិងនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ខណៈពេលដែលអ្នកអានសៀវភៅ។
១០ ជាការកម្សាន្តដោយឥតគិតថ្លៃ
អានសៀវភៅធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ ផុតទុក្ខកង្វល់ និងមានចំណេះដឹងកាន់តែច្រើន។ អ្នកអាចទៅបណ្ណាល័យដើម្បីលំហែខួរក្បាល លំហែអារម្មណ៍របស់អ្នកបាន ព្រោះនៅទីនោះសម្បូរទៅដោយសៀវភៅគ្រប់ប្រភេទ អ្នកចង់អានអ្វីក៏បានដោយមិនចាំបាច់អស់ថវិកា។
ជាសារចុងក្រោយអ្នកគួរតែពងឹ្រងការអានរបស់អ្នកឲ្យបានខ្លាំង ព្រោះការអាននឹងនាំអ្នកទៅរកអនាគតភ្លឺថ្លាត្រចះត្រចង់។ម្យ៉ាងទៀត អ្នកត្រូវចេះជ្រើសរើសសៀវភៅណាដែលល្អ ដែលមានប្រយោជន៏ ហើយអ្នកចូលចិត្តអាន។ បើអ្នករើសសៀវភៅខុស អ្នកនឹងមានអារម្មណ៍ឆាប់ធុញជាមួយនឹងការអាន។អ្នកត្រូវចាំថា “គ្មានមនុស្សជោគជ័យឯណា ដែលថាមិនអានសៀវភៅនោះទេ” ហើយក៏”គ្មានអ្នកប្រាជ្ញឯណាដែលមិនចេះអានសៀវភៅនោះដែរ”។