Salt bae ជាកំពូលចុងភៅប្រចាំប្រទេសទួរគី ហើយក៏ជាមហាសេដ្ឋីជំនាន់ថ្មី ដែលមានចំនួនទឹកលុយសរុប 60 លានដុល្លារ។ ទម្រាំក្លាយជាមហាសេដ្ឋី និងទទួលបានភាពល្បីល្បាញខ្លាំង លោកបានប្រើប្រាស់នូវតិចនិកចំនួន 6 ក្រៅពីភាពតស៊ូ និងឆ្លងកាត់ការលំបាកជាច្រើន ដែលម្ចាស់អាជីវកម្ម ឬអ្នកទើបនឹងចាប់ផ្ដើមអាជីវកម្ម អាចយកអនុវត្តបាន។
តិចនិកទាំងនោះ រួមមាន៖
1. ហ្វឹកហាត់ជំនាញផ្ទាល់ខ្លួន
លោកបានបម្លែងខ្លួនឯង ឱ្យក្លាយជាអ្នកជំនាញចម្អិនសាច់ដ៏ល្អឥតខ្ចោះ និងជំនាញហាន់សាច់ ដែលបុគ្គលផ្សេងទៀត ពិបាកនឹងធ្វើដូចគាត់។
2. ជ្រើសរើសសាច់ដែលល្អលេខមួយ
លោកបានជ្រើសរើសប្រភេទសាច់យ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលបានសាច់ដែលមានតម្លៃអាចទទួលយកបាន ថែមទាំងមានគុណភាពខ្ពស់ ដើម្បីយកមកចម្អិនដាក់លក់នៅក្នុងភោជនីយដ្ឋានរបស់គាត់។
3. បង្កើតស្ទាយចម្លែកដំបូងគេ
លោកបានបង្កើតស្ទាយមួយ ដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍ជាខ្លាំង ហើយស្ទាយនោះ គឺ ជាស្ទាយរោយអំបិលនៅលើកំភួនដៃរបស់គាត់ដាក់នៅលើសាច់ដែលបានចម្អិតនិងហាន់រួច។
4. ជ្រើសរើសទីតាំងត្រូវ
លោកបានបង្កើតឱ្យមានសាខាជាច្រើន នៅតាមបណ្ដាប្រទេសរីកចម្រើននានា ប៉ុន្តែអ្វីដែលគាត់បានជ្រើសរើសមួយកន្លែង ដែលអាចបង្កើតចំណូលឱ្យគាត់បានខ្លាំងជាងគេនោះ គឺគាត់បានជ្រើសរើសដាក់ទីតាំងសាខាមួយ នៅចំកណ្ដាលទីក្រុងឌូបៃ ដែលប្រជុំដោយអ្នកមានលុយជាច្រើន។
5. ទាញចំណាប់អារម្មណ៍បុគ្គលល្បីៗ
ការធ្វើសកម្មភាព ចម្អិន ហាន់សាច់ និងមានស្ទាយរោយ ដែលបានទាញចំណាប់អារម្មណ៍ភ្ញៀវក្នុងហាងផ្ទាល់ ដោយពួកគេក៏បានថត ឬ Live ជាវីដេអូ ផ្សព្វផ្សាយលើ Instagram និងបណ្ដាញសង្គមផ្សេងៗទៀត ដែលបណ្ដាលឱ្យកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែមានភាពបោះសម្លេងយ៉ាងខ្លាំង ព្រមទាំងអាចទាញចំណាប់អារម្មណ៍អ្នកមានលុយ តារាល្បីៗ និងមហាជនជាច្រើននាក់បានមកសាកនូវស្នាដៃរបស់គាត់។
ហើយភោជនីយដ្ឋានរបស់គាត់មានតារា និងបុគ្គលល្បីៗជាច្រើនរូបបានមកកន្លែងផ្ទាល់ ក៏ដូចជា ថតបង្ហោះពីការពេញចិត្តជាច្រើនលើស្នាដៃរបស់លោក Salt Bae តាមរយៈរសជាតិឆ្ងាញ់ ការចម្អិនល្អ និងមានស្ទាយគួរឱ្យទាក់ទាញ។
6. វាយលុកក្នុងបណ្ដាញសង្គម
លោកបាន ថតបង្ហាញពីរបៀបចម្អិន របៀបហាន់ និងស្ទាយរោយអំបិល ដើម្បីផ្សព្វផ្សាយលើបណ្ដាញសង្គមលើ Instagram ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ខ្លាំងពីគាត់ ទាំងស្ទាយចម្អិន ការហាន់សាច់ និងការរោយអំបិល។