មុននឹងយើងចូលទៅដល់ខ្លឹមសារសំខាន់ ដំបូងយើងត្រូវយល់ពីអ្វីដែលហៅថាទ្រព្យជាមុនសិន។ នៅក្នុងក្រុមហ៊ុនទ្រព្យមិនថាទ្រព្យសកម្មឬទ្រព្យអកម្មទេគឺពួកគេសុទ្ធតែអាចឲ្យគេយកទៅប្រើដើម្បីបង្កើនចំណូលឲ្យក្រុមហ៊ុនបានទាំងអស់មិនថាពេលបច្ចុប្បន្នឬពេលអនាគត។ មិនត្រឹមតែជួយបង្កើនចំណូលទេ វាថែមទាំងជួយឲ្យមានលំហូរសាច់ប្រាក់ កាត់បន្ថយចំណាយ និងជម្រុញឲ្យការលក់កើនឡើងទៀតផង។
ទ្រព្យនៅក្នុងក្រុមហ៊ុនបែងចែកចេញជា២ប្រភេទធំៗគឺ
១. ទ្រព្យរូបិយ
ទ្រព្យរូបិយជាទ្រព្យដែលមានរូបរាង ហើយអាចមើលឃើញនិងប៉ះបាន។ វាត្រូវបានគេបែងចែកទៅតាមប្រភេទដូចខាងក្រោម ៖
- វត្ថុធាតុដើម ៖ គឺជារបស់របរទាំងឡាយដែលគេយកវាទៅប្រើដើម្បីផលិតនូវផលិតផលសម្រេចឬផលិតផលពាក់កណ្តាលសម្រេច។ តម្លៃនៃវត្ថុធាតុដើមក៏អាស្រ័យលើកត្តាតម្លៃលើទីផ្សារ ការដឹកជញ្ជូន និងកម្លាំងពលកម្មដែរ។ ម្យ៉ាងទៀតវាខុសគ្នាអាស្រ័យលើប្រភេទនៃផលិតផលនិមួយៗដែលគេចង់ផលិត។
- គ្រឿងម៉ាស៊ីន ៖ ដោយហេតុថាគ្រឿងម៉ាស៊ីនជាឧបករណ៍ចាំបាច់ដើម្បីផលិតទំនិញទើបវាត្រូវបានគេចាត់ចូលជាទ្រព្យដែរ។
- ហេដ្ឋារចនាសម្ព័ន្ធ ៖ វាគឺជាសំណង់នៃស្ថាប័ននិងគ្រឿងបរិក្ខាផ្សេងៗមានដូចជាអគារ ដីធ្លី ការិយាល័យ ការផ្គត់ផ្គង់ថាមពលជាដើមដែលគេត្រូវប្រើនៅក្នុងសហគ្រាស។
- ថវិកា ៖ ថវិកាកើតចេញពីការបម្លែងពីប្រភពធនធានផ្សេងៗក្នុងកំឡុងពេលមួយឆ្នាំ។
២. ទ្រព្យអរូបិយ
ថ្វីត្បិតតែពួកវាមិនអាចមើលឃើញ ប៉ះបានក៏ពិតមែនប៉ុន្តែវាត្រូវបានគេចាត់ទុកជាទ្រព្យដូចគ្នាព្រោះថាវាមិនត្រឹមតែជួយបង្កើនប្រាក់ចំណេញប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន រក្សាបានស្ថេរភាព និងកាន់តែមានភាពងាយស្រួលជាងមុនថែមទៀតផង។ ទ្រព្យអរូបិយត្រូវបានគេបែងចែកទៅតាមប្រភេទដូចខាងក្រោម ៖
- បញ្ញា ៖ បញ្ញាបានមកពីការមានចំណេះដឹង។ វាជាកត្តាសំខាន់ណាស់មិនថាវាជាចំណេះដឹងរបស់បុគ្គលិកឬជារបស់ថ្នាក់ដឹកនាំនោះទេ។ ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរគឺតែងតែជួបប្រទះបញ្ហាច្រើនរាប់មិនអស់។ ហេតុនេះហើយបើម្នាក់ៗមិនប្រើគំនិតឬបញ្ញាមកធ្វើការដោះស្រាយទេនោះក្រុមហ៊ុននឹងនៅទ្រឹង ឬក្ស័យធុនជាក់ជាមិនខាន។ មួយវិញទៀតវានឹងគ្មានថ្ងៃបានជួបកំណើនប្រាក់ចំណេញឡើយ។ យ៉ាងណាមិញ បញ្ញាជាទ្រព្យមួយដែលមិនអាចខ្វះបានពិតប្រាកដណាស់។
- បច្ចេកវិទ្យាពត៌មានវិទ្យា ៖ ដូចដែលយើងដឹងស្រាប់ហើយថាសម័យនេះជាសម័យដែលគេប្រើបច្ចេកវិទ្យាជាចម្បងជាពិសេសនៅក្នុងការធ្វើការងារផ្ទាល់តែម្តង។ បច្ចេកវិទ្យាជួយឲ្យយើងអាចចំណេញពេលវេលានិងថវិកាបានច្រើនណាស់។ ជាការចាំបាច់ណាស់ដែលអ្នកមិនត្រូវបំភ្លេចការបញ្ចូលបច្ចេកវិទ្យាទៅក្នុងក្រុមហ៊ុនរបស់អ្នកនោះទេ។
- ទំនាក់ទំនងជាមួយអតិថិជន ៖ អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាគេចាត់ទុកថាទំនាក់ទំនងជាមួយអតិថិជនជាទ្រព្យមួយដែរ? ព្រោះថាអតិថិជនជាអ្នកដែលអាចជួយបង្កើនប្រាក់ចំណូលឲ្យយើង។ ហេតុនេះទំនាក់ទំនងល្អជាមួយពួកគេគឺមានតែជះឥទ្ធិពលល្អមកឲ្យយើងតែប៉ុណ្ណោះ។
- គំនិតបង្កើតថ្មីរបស់បុគ្គលិក ៖ ដូចដែលយើងដឹងស្រាប់ហើយថាបុគ្គលិកគឺជាកម្លាំងចលករដ៏ចាំបាច់របស់ក្រុមហ៊ុន។ ថ្វីត្បិតតែការធ្វើការងាររបស់ពួកគេគឺជាដំណើរការសំខាន់តែគេមិនទាន់ចាត់ចូលជាទ្រព្យទេព្រោះពួកគេក៏ត្រូវយកប្រាក់បៀវត្សរ៍ត្រឡប់ទៅវិញដូចគ្នា។ ប៉ុន្តែបើពួកគេជាមនុស្សដែលចូលចិត្តគិតគំនិតដែលថ្មី ហើយអាចយកគំនិតទាំងអស់នោះមកធ្វើជាប្រយោជន៍សម្រាប់ក្រុមហ៊ុនបាន នោះទើបជាទ្រព្យរបស់ក្រុមហ៊ុនបានយ៉ាងពិតប្រាកដ។
ក្រៅពីនេះទ្រព្យអរូបិយនៅមានដូចជា ប៉ាតង់ សញ្ញាពាណិជ្ជកម្ម ច្បាប់រក្សាសិទ្ធិ ការទិញកម្មសិទ្ធិជួញដូរ វិធីសាស្រ្តឬដំណើរការធុរកិច្ចជាដើម។