spot_img
spot_img
Homeធុរកិច្ចអ្វីទៅជាសេវាបម្រើអតិថិជនពិតប្រាកដ?

អ្វីទៅជាសេវាបម្រើអតិថិជនពិតប្រាកដ?

-

សេវា​​​បម្រើ​​អតិថិជន​​​​​គឺជា​អាកប្បកិរិយា​​​​​​នៃ​ការ​យកចិត្តទុកដាក់​ពី​តម្រូវការ​របស់អតិថិជនដោយ​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​វិជ្ជា​ជីវៈ ក្រមសីលធម៌ គុណភាព និងធ្វើ​ជាជំនួយ​ឲ្យអតិថិជនទាំង​មុនពេល កំឡុងពេល និង​ក្រោយពេល​ដែល​គេ​ទិញផ​លិតផល​ឬ​ប្រើប្រាស់​សេវាកម្ម​របស់យើង។ អ្នក​ដែលទទួលបន្ទុក​សេវា​បម្រើអតិថិជន​គឺ​ត្រូវរក្សា​ភាព​សប្បាយ​ចិត្ត​និង​ពេញចិត្ត​របស់អតិថិជនឲ្យបាន។ រីឯសេវាបម្រើដែល​ពិតប្រាកដគឺមានលក្ខណៈ​ដូច​ខាងក្រោមនេះ ៖

នៅពីមុខ​ផលិតផល

ផលិតផល​គេអាចរក​បាន​​នៅគ្រប់​ទី​កន្លែង​ប៉ុន្តែសេវាកម្ម​ល្អគឺ​មិន​ប្រាកដ​ថា​អាចជួបនឹង​ងាយ​បានជួបឡើយ។ ដោយសារ​តែនៅក្នុង​ប្រទេស​យើង​ជា​ប្រទេស​ដែល​បើក​ទូលាយ​ដល់​ការធ្វើ​អាជីវកម្ម​ឲ្យ​មាន​ការប្រកួតប្រជែង​និង​ផ្តល់សិទ្ធិ​សេរីភាពដល់​អតិថិជន​ពេញលេញ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើសយកអ្វីដែលគេពេញ​ចិត្ត​ហេតុ​នេះ​ការរក្សាទុក​អតិថិជន​​គឺជា​រឿង​ដែល​សំខាន់ណាស់ក្នុង​​ការ​សម្រេចបាន​ជោគជ័យ​ចំពោះយើង។​ អ្នក​ត្រូវធ្វើ​​ឲ្យគេ​ដឹង​ថាអ្នក​មាន​បុគ្គលិក​ដែល​យក​ចិត្ត​ទុកដាក់​និង​មិនមានបញ្ហា​ឡើយ​បើទោះ​បីជាគេមិនរើសយកផលិតផល​របស់យើង​ក៏ដោយ​ហើយ​អ្នកគោរពតាមការសម្រេចចិត្ត​របស់គេ។ ភាព​ពេញចិត្ត​ចំពោះ​ផលិតផល​អាចថា​មិនយូរអង្វែង​ទេ​ព្រោះកាលណា​បើ​គេ​រក​បានផលិតផល​ដែលល្អជាងគេនឹងទៅប្រើផលិតផល​នោះ។ ផ្ទុយ​មកវិញ​បើគេពេញចិត្តសេវាកម្ម​របស់អ្នក គេនឹងមិន​ងាយ​ដូរទៅ​ប្រើ​អ្វី​ផ្សេងឡើយ។

រក្សាទុក

ដូច​ដែល​គេ​បានដឹង​ហើយ​ថា​អតិថិជន​មាន​ជម្រើស​​ ហេតុ​នេះ​បើអ្នក​មិន​មាន​ហេតុផល​ឲ្យ​គេនៅទេ​នោះ​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​ច្បាស់​ជា​អាចរកហេតុផល​ឲ្យគេ​ចាកចេញ។ ដើម្បី​អាច​រក្សា​ពួកគេ​ទុកបាន ​អ្នក​ត្រូវ​បង្កើនភាព​ពេញចិត្ត​ឲ្យពួកគេ ពង្រឹងគុណភាព​ និង​សេវាកម្ម​របស់​ស្ថាប័ន​របស់អ្នក។ អ្នក​ប្រហែល​ជាត្រូវ​ចំណាយ​លុយទៅលើ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ មានសិក្ខាសាលា​ ឬសម្ភាសន៍​អតិថិជន​ផ្ទាល់​រក​មតិកែលម្អ។ អតិថិជនគឺជាជំនួយ​ដល់​ការធ្វើផែនការណ៍ ការពង្រឹង​គុណភាព ការបង្កើ​ន​ប្រាក់ចំណេញ ការរីកចម្រើន​ និងកិត្តិនាម​នៃក្រុមហ៊ុន​របស់អ្នក​។

ភាពអត់ធ្មត់

ភាពអត់ធ្មត់​ជាប្រការពិតជាចាំបាច់​ណាស់​ក្នុង​ការធ្វើជាអ្នក​ទទួលខុសត្រូវលើ​ការ​បម្រើ​អតិថិជន។ អ្នកដឹង​ស្រាប់ហើយថា​ការងារប្រភេទ​នេះ​ជា​ការងារ​ដែល​មាន​ភាព​ស្មុគស្មាញ​ច្រើន​និងបញ្ហា​ប្រឈម​ច្រើន។ ជាពិសេស​នៅពេល​ដែលអ្នក​ត្រូវ​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល​មាន​ការភ័ន្ត​ច្រឡំ មាន​កំហឹង ឬ​ចង់កេង​ចំណេញ​ជាដើម។ ភាព​អត់ធ្មត់គឺត្រូវមាន​យ៉ាងដាច់ខាត​ព្រោះ​ថាបើមិន​ទាន់​អាច​រក​បាន​ដំណោះស្រាយ​ណាមួយ​សមរម្យ​ទេ​គេ​ក៏អាចធ្វើឲ្យ​អតិថិជន​បានធូរស្រាលខ្លះដែរ។ អតិថិជន​ថ្មី​នឹង​នាំ​បញ្ហា​ថ្មីដែរ​មកឲ្យ​យើង​ ហើយជួនកាល​បើទោះបីជា​បញ្ហា​ដដែលក៏​អ្នកមិនអា​ច​យក​វិធី​ចាស់មក​ប្រើបានដែរ។

ទំនាក់ទំនងច្បាស់លាស់

ការប្រាស្រ័យទាក់ទង​គឺ​មិនអាចខ្វះ​បានឡើយ​មិន​ថា​ដោយផ្ទាល់​ឬ​ដោយ​ប្រយោលទេ។ ទំនាក់ទំនង​ដែល​មាន​ភាព​ច្បាស់លាស់ទៀតនោះគឺកាន់តែ​ចាំបាច់ដើម្បីបង្ការ​ការ​យល់ឃើញខុស និងផលវិបាក​ដែល​គេខិតខំចៀសវាង។ ជាពិសេស​ចំពោះ​ចំណុច​សំខាន់​ដូចជា​តម្លៃ រយៈពេល​ប្រើ ឬ​គុណភាព​ជាដើម​អ្នក​ត្រូវប្រាប់គេឲ្យបាន​ច្បាស់ ងាយយល់ ងាយចាំ​ ខ្លី និង​ឲ្យអស់​មន្ទិល​សង្ស័យ។

ភាសាវិជ្ជមាន

ក្នុងនាម​ជា​អ្នក​បម្រើសេវា​អតិថិជន​ម្នាក់​អ្នក​ត្រូវចៀសឲ្យ​បាន​ដាច់ខាត​ការប្រើពាក្យពេចន៍មិនសមរម្យ ជេរប្រទេច លេបខាយ គម្រោះគម្រើយ រិះគន់ និង​និយាយ​ដើមគេ។ ផ្ទុយមកវិញ​អ្នក​ត្រូវ​ចេះប្រើពាក្យ​ដែលពីរោះពិសា ផ្អែមល្ហែម គួរសម​ រាក់ទាក់ដោយអមជាមួយទឹកមុខ ញញឹម កាយវិការ និងការលើកដាក់​សម្លេងបានល្អ។

ចេះគ្រប់គ្រងពេលវេលា

អ្នក​ដែល​ចេះប្រើប្រាស់​និង​គោរព​ពេល​វេលា​គឺ​ត្រូវ​បានគេឲ្យតម្លៃណាស់។ ឧទាហរណ៍ថា​អ្នក​មាន​ណាត់​ជាមួយអតិថិជន អ្នកមិន​ត្រូវឲ្យគេ​មកអង្គុយ​ចាំអ្នកឡើយ។ យ៉ាងណាមិញ​អ្នក​ត្រូវមានផែនការណ៍​ពេលវេលា​ដែល​​មានភាព​វ័យឆ្លាត ដាក់គោលដៅ​ច្បាស់លាស់ កាត់​បន្ថយ​កត្តា​រំខាន មិន​ពន្យារពេល ចេះបែង​ចែកទំនួលខុស​ត្រូវ​ ព្រមទាំងបញ្ជូន​អតិថិជនទៅ​ឲ្យនរណាម្នាក់ដែលអាច​ដោះ​ស្រាយ​បញ្ហាឲ្យ​គេ​បាន​ និង​បណ្តោយឲ្យគេ​ចាំយូរ។

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ