បច្ចុប្បន្ននេះអាហារសរីរាង្គកំពុងតែមានការពេញនិយមយ៉ាងខ្លាំងជាពិសេសអ្នកដែលមានលទ្ធភាពថវិកា ។ បើយើងនិយាយតាមលក្ខណវិទ្យាសាស្រ្តគីមី វត្ថុធាតុសរីរាង្គគឺជាវត្ថុធាតុដែលមានផ្ទុកធាតុកាបូន ។ ប៉ុន្តែបើយើងនិយាយអំពីអាហារសរីរាង្គវិញគឺវាជាប្រភេទអាហារដែលបានមកពីការដាំដុះដោយមិនមានការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត រឺ សារធាតុគីមីផ្សេងៗ ឬនិយាយជាខ្លីថាការដាំដុះតាមលក្ខណៈធម្មជាតិ ។
បើយើងនិយាយអោយស៊ីជម្រៅជាងនេះទៅទៀត អាហារសរីរាង្គមិនមែនគ្រាន់តែជាអាហារដែលដាំដុះដោយមិនមានការប្រើប្រាស់សារធាតុគីមីប៉ុណ្ណោះទេ តែវាទាមទារអោយការដាំដុះនោះមិនត្រូវប៉ះពាល់ដល់បរិស្ថានដូចជា ការបំពុលទឹក ឬ ធ្វើអោយដីបាត់បង់ជីវជាតិជាដើម ។ល។
ជាទូទៅដើម្បីអោយផលិតផលអាហារមួយក្លាយទៅជាប្រភេទអាហារសរីរាង្គដ៏ត្រឹមត្រូវគឺត្រូវមានការត្រួតពិនិត្យនិងវាយតំលៃពីក្រសួងជំនាញអោយបានច្បាស់លាស់ និង មានការបែងចែកទៅតាមប្រភេទអាហារសរីរាង្គដូចខាងក្រោម ៖
១ សរីរាង្គ ១០០% : ១០០% នៃគ្រឿងផ្សំជាសារធាតុសរីរាង្គ
២ សរីរាង្គ: យ៉ាងហោចណាស់ ៩៥% នៃគ្រឿងផ្សំជាសារធាតុសរីរាង្គ
៣ មានផ្ទុកសារធាតុសរីរាង្គ: អាចមានផ្ទុក ៧០% ចុះក្រោមនៃគ្រឿងផ្សំជាសារធាតុសរីរាង្គ
ទិសទៅនៃការប្រើប្រាស់អាហារសរីរាង្គ រឺ អាហារគ្មានជាតិគីមី គឺជាជម្រើសក្នុងការទទួលទានអាហារដ៏ល្អសំរាប់សុខភាព ។ ទោះបីអាហារសរីរាង្គមានតំលៃថ្លៃជាងអាហារធម្មតាក្តី ប៉ុន្តែវាបានផ្តល់ឲ្យយើងមកវិញនូវសុខភាពល្អ ដូចនេះវាជាជម្រើសដ៏ល្អមួយរបស់លោកអ្នក៕
ដកស្រង់ និង កែសំរួលពី http://www.organicfacts.net/organic-food/organic-food-basics/what-is-organic.html