បញ្ហាភាពអសកម្ម មិនសប្បាយចិត្តនឹងការងារ ឬក៏ប្រសិទ្ធភាពការងារមានកម្រិតទាបគឺជារឿងដែលនិយោជក និងម្ចាស់អាជីវកម្មតែងមានកង្វល់ និងព្រួយបារម្មណ៍ជានិច្ច។ មានបុគ្គលិកជាច្រើនមកធ្វើការងារគឺគ្រាន់តែដើម្បីឱ្យតែបង្គ្រប់ម៉ោង ហើយធ្វើការងារដែលចាំបាច់បន្តិចបន្តួច និងមិនខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនោះទេ។ ពួកគេភាគច្រើនតែងតែផ្ទៀងម៉ោងជានិច្ច ដើម្បីចេញទៅញ៉ាំបាយថ្ងៃត្រង់ និងរង់ចាំរហូតដល់ម៉ោង៥ដើម្បីវិចបង្វិចចេញពីធ្វើការយ៉ាងរហ័ស។
តាមពិតទៅ ការបង្កើតបរិយាកាសការងារល្អ ការធ្វើឱ្យបុគ្គលិកសកម្មនិងការងារ និងខិតខំធ្វើការគឺកើតចេញពីការព្យយាមរបស់ភាគីទាំងសងខាង។
ខាងក្រោមនេះគឺជាមធ្យោបាយទាំង៥ដែលអ្នកដឹកនាំអាចប្រើប្រាស់ដើម្បីឱ្យបុគ្គលិកមានភាពសកម្មក្នុងការងារ៖
១. ធ្វើយ៉ាងណាឱ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ថាជាដៃគូរអាជីវកម្ម ឬធ្វើឱ្យពួកគាត់មានអារម្មណ៍កំពុងតែវិនិយោគនៅក្នុងក្រុមហ៊ុននេះដែរ។ ការធ្វើឱ្យពួកគាត់មានអារម្មណ៍ជាម្ចាស់នឹងធ្វើឱ្យគាត់មានលទ្ធផលការងារកាន់តែប្រសើរ។
២. ធ្វើឱ្យមានតម្លាភាព មានទំនាក់ទំនង និងការប្រាស័យទាក់ទងល្អរវាងថ្នាក់លើ និងបុគ្គលិក។ ធ្វើយ៉ាងណាឱ្យបុគ្គលិករបស់អ្នកមានការយល់ដឹងពីផ្នែកផ្សេងៗនៃក្រុមហ៊ុន និងឱ្យពួកគាត់មានឱកាសក្នុងការផ្តល់មតិយោបល់។
[ad id=”5037″]
៣. មិនត្រូវភ័យខ្លាចដាក់ឱ្យបុគ្គលិកក្រោមបង្គាប់រ៉ាប់រងនូវទំនួលខុសត្រូវថ្មីៗដែលជាបច្ច័យឱ្យពួកគាត់មានចំណេះដឹងថ្មី។
៤. ត្រូវគោរព និងឱ្យតម្លៃពួកគាត់ និងកសាងទំនាកទំនងល្អ។ ធ្វើយ៉ាងណាស្គាល់ពួកគាត់ឱ្យបានច្រើន និងស្និតស្នាលទោះបីជាក្រៅម៉ោងការងារ។ ធ្វើឱ្យពួកគាត់មើលឃើញថា អ្នកមិនមែនចាត់ទុកគាត់គ្រាន់តែជាអ្នកធ្វើការនោះទេ គឺអ្នកចាត់ទុកពួកគាត់ដូចគ្រួសារតែមួយ ឬជាមិត្តភក្តិ។
៥. កុំគ្រាន់តែដាក់ការងារឱ្យធ្វើហើយមិនរវីរវល់ អ្នកត្រូវតែឧស្សាហ៍សួរនាំពួកគាត់ និងស្តាប់យោបល់កែលម្អររបស់ពួកគាត់ថាតើអ្វីដែលធ្វើទៅដោយរលូន អ្វីដែលមិនមានប្រសិទ្ធភាព។ ប្រសិនបើអ្នកចង់រក្សាបរិយាកាសការងារដែលល្អ អ្នកត្រូវតែដឹងហេតុការណ៍ថ្មីដែលកើតឡើងជានិច្ច។
ខាងក្រោមនេះ គឺជាវិធីទាំងប្រាំដែលបុគ្គលិក ឬនិយោជិកអាចជួយឱ្យខ្លួនឯងកាន់តែសកម្ម៖
១. ធ្វើការណែនាំ និងបង្រៀនមិត្តរួមការងារ។ នៅពេលដែលអ្នកធ្វើដូចនេះ អ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង។ មានការសិក្សាមួយបានបង្ហាញថា ប្រសិនបើយើងជួយអ្នកណាម្នាក់ពី១០-៣០នាទីក្នុងមួយថ្ងៃ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមានពេលវេលាច្រើនជាងមុន មិនមែនតិចជាងមុននោះទេ។
២. ស្វែងរកឱកាសនៅក្នុងក្រុមហ៊ុនដើម្បីរៀនពីអ្វីដែលថ្មី ដូចជាចូលរួមការងារជាក្រុមលើគម្រោងណាមួយ រៀនជំនាញថ្មី ឬធ្វើការដឹកនាំការញ៉ាំអាហារថ្ងៃត្រង់ឬពេលល្ងាចដើម្បីចែករំលែកចំណេះដឹងគ្នា។
៣. ធ្វើការដាក់ចេញនូវគោលដៅរយៈពេលខ្លី និងវែងណាដែលអ្នកមានអារម្មណ៍ថាចង់សម្រេចយ៉ាងខ្លាំង និងមានគោលបំណងច្បាស់លាស់ហើយស្របទៅតាមទស្សនៈវិស័យ និងយុទ្ធសាស្ត្ររបស់អ្នក។ វាអាចជាការងារសង្គមដែលអ្នកបង្កើតឡើងខ្លួនឯង ដោយមានការគាំទ្រពីក្រុមហ៊ុន និងចូលរួមពីមិត្តភក្តិរួមការងាររបស់អ្នក។ ធ្វើយ៉ាងណាបំបែកគោលដៅធំជាបំណែកតូចៗដើម្បីអាចងាយស្រួលគ្រប់គ្រង និងសម្រេចបាន។
៤. ធ្វើការទទួលស្គាល់ និងសរសើរមិត្តរួមការងាររបស់អ្នកតាមរយៈបណ្តាញសង្គមដោយបង្ហោះអ្នកគ្រប់គ្នាដឹង ឬការផ្ញើរសារជូនពរពីភាពជោគជ័យរបស់ពួកគេ ឬក៏ការចូលរួមចំណែកអ្វីមួយរបស់ពួកគេ។
៥. ធ្វើឱ្យមានភាពស្និតស្នាលក្នុងកន្លែងធ្វើការ ជាពិសេសគឺមានមិត្តដែលយល់ចិត្តបំផុតនៅកន្លែងការងារ។ មានការសិក្សាមួយបានបង្ហាញថា នៅពេលដែលអ្នកមានមិត្តភាពល្អនៅកន្លែងធ្វើការ នោះនឹងនាំឱ្យលទ្ធផលការងារមានភាពល្អប្រសើរ។