តើអ្នកដឹងដែរឬទេថា អ្នកត្រូវធ្វើបែបណា និងតាមដានខ្លួនឯងដោយរបៀបណាទើបអាចដឹងថាខ្លួនឯងរីកចម្រើន? ដូចឃ្លាមួយរបស់លោក Tony Robbins បាននិយាយថា“ Setting goals is the first step in turning the invisible into the visible” ការកំណត់គោលដៅវាគឺជាជំហានមួយដែលអាចធ្វើឲ្យអ្វីដែលយើងមិនឃើញត្រឡប់ទៅជាអ្វីដែលយើងអាចមើលឃើញបាន។តួយ៉ាងនៅក្នុងថ្ងៃនេះដែរ ពន្លកនឹងលើកយកនូវ៣ចំណុចសំខាន់ៗដែលអាចជួយអ្នកតាមដានពីការរីកលូតលាស់នៃសមត្ថភាពខ្លួនឯងក៏ដូចជាប្រាប់ពីតិចនិកមួយចំនួនដែលអាចជួយឲ្យអ្នកឆាប់ដើរដល់គោលដៅ៖
១. មើលឲ្យបានវែងឆ្ងាយ និងពិនិត្យមើលពីវត្ថុបំណង នេះគឺជាមូលដ្ឋានគ្រឹះនៃការតាមដាននូវដំណើរការលូតលាស់ក៏ដូចជាការសម្រេចនូវគោលដៅរបស់អ្នក។ ដើម្បីចាប់ផ្ដើមតាមដានពីការរីកលូតលាស់របស់អ្នក អ្នកត្រូវគិតឲ្យបានច្បាស់ថា តើមូលហេតុអ្វីបានជាអ្នកត្រូវធ្វើកិច្ចការទាំងអស់នោះ? តើគោលបំណងអ្វីដែលធ្វើឲ្យអ្នកក្រោកពីគេងពេលព្រឹកលឿនជាងសព្វមួយដង?តើនាពេលអនាគតអ្នកនឹងឃើញខ្លួនឯងជាអ្វី? នៅកន្លែងណា?ហើយមានតួនាទីអ្វី? គិតអំពីសំណួរទាំងអស់នេះរួចសរសេរចូលទៅក្នុងកូនសៀវភៅរបស់អ្នក។ អ្នកគួរតែចំណាយពេលខ្លះដើម្បីពនិត្យមើលគោលដៅធំរបស់អ្នក ថាវាបានដើរដល់កន្លែងណាហើយ មានឧបសគ្គអ្វីមករាំងស្ទះដែរឬអត់ ហើយបើមានតើគួរប្រឈមនិងដោះស្រាយជាមួយវាដោយរបៀបណា? ដូចនេះការមើលឆ្ពោះទៅមុខវាពិតជាសំខាន់ណាស់សម្រាប់អនាគតរបស់អ្នក ហើយអ្នកគួរតែរស់ជាមួយនឹងគោលដៅច្បាស់លាស់មួយ គឺវាល្អប្រសើរជាងការដើរដោយគ្មានគោលដៅ។
២. រៀបចំពេលវេលារបស់អ្នកឲ្យបានល្អ ការរៀបចំពេលវេលាគឺជាគន្លឹះមួយដ៏សំខាន់ដែលអាចជួយអ្នកឲ្យឆាប់សម្រេចបាននូវគោលដៅដែលអ្នកកំណត់ទុក។ នៅពេលដែលអ្នកដឹងខ្លួនឯងថាត្រូវធ្វើអ្វីហើយ អ្នកគួរតែចំណាយពេលមួយចំនួនដើម្បីរៀបចំជំហានបន្តបន្ទាប់ទៀតក្នុងការដើរឆ្ពោះទៅរកគោលដៅរបស់អ្នក ព្រោះវានឹងធ្វើឲ្យអ្នកមានភាពងាយស្រួល និងអាចដឹងថាត្រូវដើរទៅណា ឬត្រូវធ្វើអ្វីបន្ទាប់ទៀត។ដើម្បីឲ្យអ្នកកាន់តែមានភាពច្បាស់លាស់ទៅលើគោលដៅ យកល្អក្នុងមួយសប្ដាហ៍អ្នកគួរតែសរសេរទុកនូវអ្វីដែលអ្នកត្រូវធ្វើឲ្យហើយ(សរសេរវានៅលើសៀវភៅក៏បាន ក្នុងទូរស័ព្ទក៏បាន ឬធ្វើជា Spreadsheet នៅលើ Google Calendar ក៏បាន) ព្រោះវាប្រៀបបានដូចជាផែនទីដែលអាចនាំអ្នកទៅកាន់ទីកន្លែងដែលអ្នកចង់ទៅអញ្ចឹង។ ដូចនេះនៅពេលដែលអ្នកអាចរៀបចំពេលវេលារបស់អ្នកបានល្អគ្រប់ជ្រុងជ្រោយហើយ គឺអ្នកមិនត្រឹមតែមានអារម្មណ៍ថាអាចជិតសម្រេចបាននូវគោលដៅតែមួយមុខនោះទេ ប៉ុន្តែគឺអ្នកអាចរៀនពីការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងដូចជា របៀបនៃការកំណត់វិន័យលើខ្លួនឯង ការបែងចែក ការផ្ដោតអារម្មណ៍ និងការប្ដេជ្ញាចិត្ត ដែលវាជារឿងមួយដែលពិបាកនឹងធ្វើជាងគេ។
៣. សាទរនឹងភាពជោគជ័យរបស់អ្នក
រាល់កិច្ចការដែលអ្នកសម្រេចបានទោះបីជាធំក្ដី តូចក្ដី គឺវាចាំបាច់ណាស់ដែលត្រូវសាទរនូវភាពជោគជ័យទាំងនោះ ពីព្រោះថាការអបអរនូវអ្វីដែលអ្នកបានធ្វើ ការឲ្យកាដូនូវអ្វីដែលអ្នកបានសម្រេច វាគឺជាកាត្តាលីករមួយដ៏អស្ចា្យដែលអាចរុញអ្នកឲ្យហ៊ានដើរឆ្ពោះទៅមុខ និងលើកទឹកចិត្តអ្នកឲ្យហ៊ានសាកល្បងនូវអ្វីដែលថ្មី អ្វីដែលប្លែក។ ដូចនេះកុំភ្លេចលើកទឹកចិត្ត និងអបអរសាទរនូវភាពជោគជ័យរបស់អ្នកណា៎ ព្រោះវានឹងធ្វើឲ្យអ្នកគិតថា អ្នកមានភាពរីកចម្រើនជាងមុន ពូកែជាងមុន និង អស្ចារ្យជាងអ្នកពីមុន។