ការសម្រេចគោលដៅគឺមិនពិបាកឡើយបើអ្នកចាត់ទុកវាដូចជាការដើរម្តងមួយជំហានៗដោយមិនបង្ខំ។ ដើម្បីឲ្យអ្នកអាចសម្រេចគោលដៅបានដោយជោគជ័យ ៣ចំណុចខាងក្រោមនេះអ្នកអាចយកទៅអនុវត្តបានជារៀងរាល់ថ្ងៃ៖
ចំណុចទី១ វិន័យ
មិនមានការរៀបចំណាដែលល្អប្រសើរជាងការមានវិន័យនោះទេ ។ នៅពេលដែលអ្នកធ្វើអ្វីមួយតែងតម្រូវឱ្យមានវិន័យជានិច្ច។ ដើម្បីឲ្យមានវិន័យនៅក្នុ្ងងការធ្វើអ្វីមួយនោះអ្នកគួរតែក្រោកពីព្រលឹម។ អ្នកអាចសាកល្បងក្រោកឡើងនៅម៉ោង ៥ ព្រឹកដើម្បីឲ្យអ្នកមានពេលវេលាត្រឹមត្រូវក្នុងការធ្វើរៀបចំខ្លួន ហាត់ប្រាណ អានសៀវភៅ ឬញ៉ាំអាហារពេលព្រឹកជាដើមមុនពេលអ្នកទៅបំពេញការងារប្រចាំថ្ងៃរបស់អ្នក។
ចំណុចទី២ យកចិត្តទុកដាក់
អ្នកស្រាវជ្រាវបានលើកឡើងថាមនុស្សភាគច្រើនប្រើប្រាស់ប្រព័ន្ធ Digital ជាង ១២ ម៉ោងក្នុងមួយថ្ងៃ។ នៅពេលដែលពួកគេធ្វើការតែងតែជួបការរំខានយ៉ាងតិច ១១ នាទីម្ដងដោយសារតែមានការងារជុំវិញខ្លួនច្រើនពេក។ ដើម្បី៎ឲ្យយើងអាចអភិវឌ្ឍខ្លួនឯងបានអ្នកគួរតែចំណាយពេលខ្លះសម្រាក។ អ្នកអាចនៅស្ងប់ស្ងាត់តែម្នាក់ឯងពី២ទៅ៥នាទីជារៀងរាល់ព្រឹក។ ប្រសិនបើការស្ងប់ស្ងាត់នេះមិនមានប្រសិទ្ធភាពអ្នកអាចយកពេលមកអានសៀវភៅ រៀបចំគម្រោងសម្រាប់ធ្វើអ្វីផ្សេងៗឬក៏ធ្វើអ្វីដែលមានប្រយោជន៍ពីព្រោះកត្តាទាំងអស់នេះនឹងជួយពង្រឹងសមត្ថភាពរបស់អ្នកហើយអាចឈានទៅរកគោលដៅ។
ចំណុចទី៣ ថាមពល
ដើម្បីសម្រេចគោលដៅបានគឺតម្រូវឲ្យយើងប្រឈមមុខជាមួយនឹងឧបសគ្គ។ ប្រសិនបើអ្នកធ្វើកិច្ចការបានសម្រេចជាបន្តបន្ទាប់ អ្នកនឹងមើលឃើញពីភាពខុសប្លែកនៅក្នុងជីវិតរបស់អ្នកនិងធ្វើដំណើរឆ្ពោះទៅរកគោលដៅបន្តទៅទៀត។ ដើម្បីឲ្យអ្នកអាចមានថាមពលកាន់តែខ្លាំងនោះគឺអ្នកត្រូវធ្វើលំហាត់ប្រាណដើម្បីបង្កើនសមត្ថភាពរាងកាយព្រមទាំងអាចឲ្យខួរក្បាលជ្រះស្រលះល្អ។ ការធ្វើលំហាត់ប្រាណគឺជាចំណុចមួយយ៉ាងធំដែលអាចធ្វើឲ្យមនុស្សយើងផ្លាស់ប្ដូរបានយ៉ាងមានប្រសិទ្ធភាព។ ការហាត់ប្រាណនៅពេលព្រឹកក៏ទុកពេលឲ្យយើងបានពង្រឹងការគិតដែរដែលវាប្រៀបដូចជាអ្នកបានរៀបចំខ្លួនដើម្បីតស៊ូសម្រេចនូវគោលដៅធំរបស់ខ្លួនរួចរាល់។
សរុបមកមិនមានអ្វីដែលអាចរារាំងអ្នកពីគោលដៅរបស់អ្នកនោះទេ ប្រសិនបើអ្នកមានការរៀបចំច្បាស់លាស់ យកចិត្តទុកដាក់ និងមានថាមពលក្នុងខ្លួន។