spot_img
spot_img
Homeធុរកិច្ច៥គន្លឹះដើម្បីដឹកនាំអាជីវកម្មខ្នាតតូចរបស់អ្នកឲ្យរួចផុតពីវិបត្តិ

៥គន្លឹះដើម្បីដឹកនាំអាជីវកម្មខ្នាតតូចរបស់អ្នកឲ្យរួចផុតពីវិបត្តិ

-

នៅពេលដែលអ្នកក្លាយជាម្ចាស់អាជីវកម្មខ្នាតតូចម្នាក់ អ្នកនឹងដឹងថាវិបត្តិធ្ងន់ធ្ងរគឺមានកម្រិតណា។ ភ្លាមៗនោះក្រុមហ៊ុនរបស់អ្នកក៏ឈប់ទទួលបានចំណូល។ ច្បាប់ វីធីសាស្ត្រ និងទម្លាប់ដែលអ្នកធ្លាប់តែប្រើអស់ពេលជាយូរមកហើយក៏លែងមានប្រសិទ្ធភាពតទៅទៀត។ចំពោះខ្លួនអ្នកវិញដែលធ្លាប់តែជាសហគ្រិនដ៏មានភាពវ័យឆ្លាត និងក្លាហានម្នាក់ក៏ប្រែទៅជាអស់សង្ឃឹម។ អ្នកគឺស្ថិតនៅលើចំណុចមួយនៃការបាត់បង់ក្រុមហ៊ុនរបស់អ្នកបានប៉ុន្តែអ្នកបែរជាគ្មានយោបល់ថានឹងគួរធ្វើដូចម្តេច។

កំហុសដ៏គួរឲ្យខ្លាចមួយ

នៅពេលដែលខ្ញុំបានផ្លាស់ប្តូរទីលំនៅពីទ្វីបអឺរ៉ុបមកកាន់សហរដ្ឋអាមេរិចនៅឆ្នាំ២០១២ មហិច្ឆតារបស់ខ្ញុំគឺខ្ពស់។ ខ្ញុំគឺជាសហគ្រិនដែលមានភាពជោគជ័យម្នាក់ដែលធ្លាប់គ្រប់គ្រងភ្នាក់ងារទីផ្សារសម័យទំនើប (Singree.com) ឲ្យក្លាយទៅជាក្រុមហ៊ុនខ្នាតមធ្យម។ ខ្ញុំមានផែនការណ៍ជាច្រើននិងបេសកកម្មដ៏រឹងមាំមួយ។ ប៉ុន្តែអ្វីដែលខ្ញុំមិនមាននោះគឺការស្វែងយល់ឲ្យច្បាស់ពីអ្វីដែលភ្នាក់ងារនិងនិយោជិករបស់ខ្ញុំប៉ិនប្រសប់បានដោយគ្មានខ្ញុំដែលវាជាកំហុសមួយ។ អនុញ្ញាតឲ្យខ្ញុំបានពន្យល់អ្នកទាំងអស់គ្នាដូចខាងក្រោម។

ខ្ញុំបានចាប់ផ្តើម Singree.com នៅពាក់កណ្តាលឆ្នាំ២០០៨-២០០៩នៃវិបត្តិសេដ្ឋកិច្ច។ នៅពេលដំបូង ខ្ញុំគ្រប់គ្រងអាជីវកម្មខ្លួនឯង ប៉ុន្តែខ្ញុំគឺមានមហិច្ឆតានិងមានការផ្ចិតផ្ចង់ណាស់ចំពោះសកម្មភាពរបស់ខ្ញុំទាំងឡាយ។ ខ្ញុំបានធ្វើការយ៉ាងស្វិតស្វាញ២៤ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍។ ពេលវេលាផុតទៅ Singree.com បានលូតលាស់យ៉ាងឆាប់រហ័សដែលខ្ញុំអាចជួលអ្នកជំនាញទីផ្សារសម័យទំនើបនិងការអភិវឌ្ឍន៍ ១៨ នាក់ទៀត។ ខ្ញុំពិតជាមានមោទនភាពណាស់។ រីឯការផ្លាស់ប្តូរទៅកាន់សហរដ្ឋអាមេរិកដើម្បីពង្រឹងតំណែងជាភ្នាក់ងារវាហាក់បីដូចជារឿងធម្មតា។ អ្វីដែលខ្ញុំដឹងគឺការធ្វើបែបហ្នឹងគឺបានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន។

ខ្ញុំគឺជាមនុស្សដែលពូកែខាងធ្វើអ្វីច្រើនក្នុងពេលតែមួយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំបានជួយនិយោជិករបស់ខ្ញុំឲ្យធ្វើការងាររបស់ពួកគេ​ ប៉ុន្តែពួកគេស៊ាំនឹងឲ្យខ្ញុំដោះស្រាយបញ្ហាទាំងអស់របស់ពួកគេ។​ ហេតុនេះហើយ វាគឺជារឿងដែលចៀសមិនរួចដែលភ្នាក់ងារទាំងនោះពិបាកនឹងបែងចែកការងារ នៅពេលខ្ញុំបានផ្លាស់ទៅនៅសហរដ្ឋអាមេរិក។

នៅពេលដែលនៅជាម្ចាស់អាជីវកម្មខ្នាតតូច ខ្ញុំមានបញ្ហាជាមួយនឹងការបែងចែកអំណាច។​ ខ្ញុំមិនបានខ្លាចអ្វីឡើយ។​ ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើអ្វីៗគ្រប់យ៉ាងដែលក្រុមហ៊ុនដំណើរការ។ នៅពេលដែលខ្ញុំនៅឯទីក្រុងញូវយ៉ក (New York) ប៉ុន្តែខ្ញុំមិនអាចជួយសង្គ្រោះបានភ្នាក់ងាររបស់ខ្ញុំបានឡើយ ព្រោះថាSingree.com មិនអាចដំណើរការទៅមុខបានទេដោយគ្មានខ្ញុំ។​ ហេតុនេះហើយខ្ញុំត្រូវប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។ ខាងក្រោមនេះជាអ្វីដែលខ្ញុំបានធ្វើ ៖

វិធីសាស្ត្រដើម្បីដោះស្រាយវិបត្តិ

ចូរកុំខ្លាចឲ្យសោះ! មានវិធីសាស្ត្រជាច្រើនដើម្បីជួយអ្នកនិងក្រុមហ៊ុនរបស់អ្នកដើម្បីឆ្លងកាត់ពេលវេលាដ៏តានតឹងបែបនេះ ហើយថ្ងៃនេះខ្ញុំនឹងលើកវាយកមកបកស្រាយទៅកាន់អ្នក។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងពន្យល់ពីរបៀបគ្រប់គ្រងវិបត្តិមុនពេលដែលវាបំផ្លាញអាជីវកម្មរបស់អ្នកជាមួយនឹងគន្លឹះទាំង ៥ ខាងក្រោម​ ៖

១.ទទួលថាអ្នកមានបញ្ហា

អ្នកនឹងមិនអាចដោះស្រាយបញ្ហាបានទេបើអ្នកមិនសារភាពថាទទួលថាអ្នកពិតជាបានជួបប្រទះនឹងបញ្ហា។​ អ្នកប្រហែលជាដឹងថាបញ្ហានោះពិបាកប៉ុន្តែអ្នកមិនអាចធ្វើអ្វីបានក្រៅពីនៅស្ងៀម។ ហេតុអ្វី? ពីព្រោះអានុភាពនៃការបដិសេធគឺវាមានភាពខ្លាំងក្លា។ អ្នកត្រូវបានបង្អាក់ដោយខួរក្បាលរបស់អ្នកថាមិនត្រូវលើកពីបញ្ហានោះយកមកគិតទេ។

វាពិតជាមានភាពងាយស្រួលណាស់ដែលយើងភ្ជាប់អតីតកាលពីអ្វីដែលក្រុមហ៊ុនរបស់អ្នកធ្លាប់មានជ័យជំនះយ៉ាងធំ ប៉ុន្តែតើវាពិតជាអាចឲ្យអ្នកដោះស្រាយជាមួយបញ្ហានៅចំពោះមុខបានដែរឬទេ? ចម្លើយនោះគឺមិនអាចទៅរួចទេ!​ យើងត្រូវផ្តោតទៅលើបច្ចុប្បន្នភាព មិនមែនទាំងអតីតកាលនិងពេលអនាគតឡើយដែលអាចជួយអ្នកឲ្យគ្រប់គ្រងវិបត្តិនេះបាន។

មានតែពេលដែលអ្នកជឿជាក់ថាអ្នកគឺត្រូវទទួលខុសត្រូវលើការបណ្តោះអាជីវកម្មរបស់អ្នកចេញពីវិបត្តិទេទើបអាចឲ្យអ្នកឈានចូលជំហានដោះស្រាយបញ្ហាពិតប្រាកដ។

ចងចាំថា៖ ការបដិសេធចំពោះបញ្ហាមិនអាចជួយអ្វីបានទេ។ មិនដែលលើកបញ្ហាយកមកគិតក៏មិនអាចដោះស្រាយអ្វីបានដែរ​ មានតែការអនុវត្តទេទើបអាចជួយបាន។

២.ធ្វើឲ្យកម្លាំងពលកម្មរបស់អ្នកកាន់តែប្រសើរ

នៅទីនេះចង់សំដៅយើងត្រូវបណ្តេញចេញនិយោជិកនិងដែលមិនឲ្យតម្លៃចំពោះក្រុមហ៊ុនរបស់អ្នក។ ស្ថានភាពពិបាក ជម្រើសក៏ពិបាកដែរ ហើយអ្នកនឹងត្រូវតែមានអានុភាពគ្រប់គ្រាន់ដើម្បីជម្រុះចោលនូវបុគ្គលិកណាដែលមិនមានប្រសិទ្ធភាពចំពោះក្រុមហ៊ុនរបស់អ្នក។

អាជីវកម្មតូចៗចំណាយអស់ប្រហែល២០ភាគរយនៃចំណូលរបស់ខ្លួនទៅលើប្រាក់ខែបុគ្គលិកហើយពេលដែលជួបវិបត្តិ អ្នកត្រូវបង្ខំចិត្តកាត់បន្ថយចំណាយដើម្បីរស់។ ផ្ទុយមកវិញ ហេតុផលចាំបាច់ថាហេតុអ្វីក៏អ្នកនៅតែបន្តជួលនិយោជិកដែលមិនមានប្រសិទ្ធភាពហើយវាមិនមែនជារឿងថវិកាទេ តែជារឿងប្រសិទ្ធផលលើប្រតិបត្តិការរបស់ក្រុមហ៊ុនអ្នកវិញ។

ចូរស្រមៃថាបើអ្នកមានអ្នកធ្វើគម្រោងដែលមិនអាចបញ្ចប់គម្រោងឲ្យអ្នកទាន់ពេលបាន។​តើអ្នកនៅតែផ្តល់ឱកាសឲ្យគាត់ម្តងទៀតដែរទេ? ពិតមែនហើយអ្នកនឹងផ្តល់ឱកាសឲ្យគេបើអ្នកមានថវិកាច្រើនក៏ប៉ុន្តែនៅពេលដែលអាជីវកម្មរបស់អ្នកគឺស្ថិតនៅក្នុងស្ថានភាពខ្សត់ថវិកា សូមកុំរង់ចាំអី! បិទគម្រោងនិងបណ្តេញអ្នកធ្វើគម្រោងនោះទៅ។ អ្នកបានចំណាយធនធានមហាសាល។​ សូមកុំធ្វើឲ្យមានកំហុសនៃការចំណាយលុយនិងថែមទាំងធ្វើឲ្យបាត់បង់ក្តីសង្ឃឹមចំពោះក្រុមហ៊ុនទាំងមូល។

អ្នកអាចថាតែងតែមានចិត្តសន្តោសប្រណីចំពោះបុគ្គលិករបស់អ្នក ប៉ុន្តែអ្នកប្រាកដអត់ថាពួកគេបានតបស្នងមកលើអ្នកវិញ? ចម្លើយនោះគឺអត់ទេ។ សូមកុំព្យាយាមធ្វើជាមនុស្សម្នាក់ដែលល្អពេក។ នៅប៉ុន្មានខែចុងក្រោយនេះអ្នកអាចនឹងមានភាពចលាចលនៅក្នុងក្រុមហ៊ុន ហេតុនេះអ្នកគួរតែបណ្តេញអ្នកដែលគ្មានប្រសិទ្ធភាពចេញជាជាងការបាត់បង់បុគ្គលិកល្អនៅពេលក្រោយ។

គ្មាននរណាម្នាក់ត្រូវធ្វើការដោយគ្មានប្រាក់កម្រៃទេ។ និយោជិករបស់អ្នកត្រូវការចិញ្ចឹម ដូច្នេះហើយរឿងល្អបំផុតដែលអ្នកគួរតែធ្វើនោះគឺត្រូវតែមានភាពស្មោះត្រង់ជាមួយពួកគេ។ ការកាត់ចោលនិងធ្វើឲ្យប្រសើររហូតដល់កញ្ចប់ថវិការបស់អ្នកមានតុល្យភាពមកវិញ។ សរុបមកក្រុមហ៊ុនផ្សេងក៏ធ្វើបែបនេះដូចគ្នា។

៣.កាត់បន្ថយចំណាយ

នៅពេលដែលក្រុមហ៊ុនរបស់អ្នកទទួលរងសម្ពាធពីវិបត្តិ អ្នកគួរតែកាត់គម្រោងណាដែលមិនបានផ្តល់ប្រាក់ចំណេញឬប្រាក់កម្រៃសមរម្យ។ អ្នកគួរតែកាត់បន្ថយការងារដែលមិនមានប្រសិទ្ធភាព ហើយថែមទាំងកាត់គម្រោងណាដែលផ្តល់ប្រាក់ចំណេញមានសក្តានុពលតែស្រូបទាញលុយចេញពីកញ្ចប់ថវិការបស់អ្នកខ្លាំងដែរ។

ចូរកាត់គម្រោងទាំងនោះចោលពីដោយគ្មានការស្ទាក់ស្ទើរពីព្រោះវាមានសក្តានុពលធ្វើឲ្យក្រុមហ៊ុនយើងក្ស័យធនបាន។ សូម្បីតែក្រុមហ៊ុនដែលធំមហាសាលនិងមានទ្រព្យច្រើន (ឧទាហរណ៍Google) ក៏បានកាត់បន្ថយការចំណាយដើម្បីទៅដល់គោលដៅរបស់ពួកគេដែរ។ ចូរកុំភ្លេចឲ្យសោះថាគម្រោងដែលកាន់តែរង់ចាំយូរគឺកាន់តែចំណាយច្រើន។

៤.ផ្តល់អទិភាពឲ្យគម្រោងដែលបង្កើតចំណូល

បន្ទាប់ពីអ្នកកាត់បន្ថយគម្រោងនិងបុគ្គលិកដែលគ្មានប្រយោជន៍បានហើយ វាដល់ពេលដែលត្រូវធ្វើរឿងដែលអ្នកមិនអាចកម្ចាត់ចោលបានឲ្យកាន់តែប្រសើរឡើង។ វាអាចជាគម្រោងការណ៍ដែលសំខាន់បំផុតហើយនិងនិយោជិកដែលមានសម្ថភាពបំផុត។

បច្ចុប្បន្នចូរបង្កើនប្រសិទ្ធក្រុមហ៊ុនរបស់អ្នកដោយការវិនិយោគនូវធនធានទាំងអស់របស់អ្នកទៅលើគម្រោងដែលអាចបង្កើតចំណូលបាន មិនមែនមានតែសក្តានុពលប៉ុណ្ណោះទេ។ គម្រោងទាំងនេះអាចធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការទៅមុខបាន។ ចូរយកចិត្តទុកដាក់ជាពិសេសទៅលើពួកវានិងបែងចែកអ្នកជំនាញបំផុតរបស់អ្នកធ្វើការងារនោះ។

ចូរចងចាំថា៖ អ្នកត្រូវរៀនកាត់ចោលនូវរឿងរ៉ាវដែលមិនបានការនិងឲ្យអទិភាពទៅលើគម្រោងដែលត្រូវធ្វើ។

៥. ដោះស្រាយជាមួយបញ្ហាហើយត្រៀមខ្លួនរួចជាស្រេចដើម្បីរៀន

លោកវីនស្តុន ឆឺចឈីលមានប្រសាសន៍ថា “កុំខ្ជះខ្ជាយវិបត្តិដ៏ល្អ” ។​ គាត់និយាយពិតជាត្រឹមត្រូវណាស់។ វិបត្តិឬបញ្ហាគឺជាឳកាសដ៏ល្អដើម្បីពង្រីកចំណេះដឹង មានដំណោះស្រាយថ្មី និងបន្តទៅមុខ។

អ្នកអាចដោះស្រាយជាមួយនឹងបញ្ហាដូចជាការចំណាយដ៏ធំ គម្រោងដែលមិនផ្តល់ប្រាក់ចំណេញ និងនិយោជកដែលគ្មានប្រសិទ្ធភាពបានប៉ុន្តែដំបូងបង្អស់ អ្នកត្រូវការរៀនសូត្រពីការដើរចេញពីស្ថានភាពស្មុគស្មាញជាមុនសិន។ អ្នកកាន់តែក្លាយជាសហគ្រិនល្អជាពិសេសនៅក្នុងកំឡុងពេលមានវិបត្តិ អ្នកក៏កាន់តែមានឱកាសខ្ពស់ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកឈានទៅកាន់ចំណុចសក្តានុពលដែរ។

ទីមួយ អ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯង។ អ្នកគ្រប់គ្រងដែលតែងតែស្រែកដាក់បុគ្គលិកគឺមិនមែនជារឿងល្អទេជាពិសេសនៅក្នុងស្ថានភាពលំបាកបែបនេះ។ អ្នកត្រូវរៀនគ្រប់គ្រងកំហឹងខ្លួនឯងនិងប្រមូលផ្តុំអារម្មណ៍មកដោះស្រាយបញ្ហា។

ទីពីរ អ្នកត្រូវរៀនរិះរកវិធីសាស្ត្រនិងប្រកបដោយភាពច្នៃប្រឌិត។ សូមផ្តោតអារម្មណ៍ទៅលើការការគ្រប់គ្រងអាជីវកម្មរបស់អ្នកនិងបញ្ឈប់ភាពរសាប់រសល់ព្រោះថាវាមិនត្រឹមតែជួយឲ្យអ្នកមិនបានយកចិត្តទុកដាក់ទៅលើបញ្ហាពិតប្រាកដប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំដ៏ពិតប្រាកដ មិនមែនស្ថិតនៅក្រោមសម្ពាធអ្វីមួយ។

ទីបី អ្នកត្រូវរៀនធ្វើជាមនុស្សម្នាក់ដែលអាចបត់បែនបាននិងងាយផ្លាស់ប្តូរ។ អ្នកនឹងមិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។ ហេតុនេះនៅពេលដែលមានរឿងដែលនឹកស្មានមិនដលកើតឡើង ចូរព្យាយាមគិតពីផែនការសាឡើងវិញនិងបោះជំហានទៅមុខ។ ចូរកុំនៅគាំងជាប់ជាមួយយុទ្ធសាស្ត្រណាដែលមិនមានផលប្រយោជន៍ឲ្យសោះ។

ការគ្រប់គ្រងវិបត្តិជាការសិក្សាទៅលើអ្វីដែលថ្មី។ ចូរប្រើប្រាស់ជំនាញថ្មីទាំងនេះដើម្បីបង្កើតភាពខុសប្លែកចំពោះអាជីវកម្មរបស់អ្នក។

ការដោះស្រាយជាមួយបញ្ហាគឺមិនមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលដែលអ្នកខ្សត់ធនធាន។ តែទោះបីជាយ៉ាងណាក៏ដោយ បើអ្នកដឹងពីរបៀបនៃការឆ្ពោះទៅមុខនិងបានតាំងចិត្តជាស្រេចដើម្បីដោះស្រាយបញ្ហា បញ្ហាមួយចំនួនអាចក្លាយជាឱកាសដើម្បីអភិវឌ្ឍជំនាញនៃលការគ្រប់គ្រងអាជីវកម្ម អាចក្លាយជាមនុស្សម្នាក់ដែលកាន់តែឆ្លាតនិងដឹកនាំក្រុមហ៊ុនទៅរកភាពជោកជ័យ។

ប្រភព៖ www.business.com

 

 

 

 

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ