Personal Branding (ការធ្វើទីផ្សារឱ្យខ្លួនឯង ឬអួតខ្លួនឯង)គឺពិតជាសំខាន់ណាស់សម្រាប់គ្រប់ៗគ្នា ដើម្បីធ្វើឱ្យគេទុកចិត្ត ជឿជាក់ ហើយវាក៏ជាបច្ច័យមួយយ៉ាងសំខាន់អាចឱ្យយើងឆាប់ទៅដល់គោលដៅដែលយើងប្រាថ្នាចង់បាន ហើយអ្វីដែលសំខាន់នោះ គឺយើងត្រូវចេះប្រើប្រាស់បណ្តាញសង្គម (Facebook និង Instagram)ឱ្យមានប្រយោជន៍ដើម្បីផ្សព្វផ្សាយខ្លួនឯងដើម្បីទៅដល់គោលដៅនោះ! ការបង្ហាញចំណុចខ្លាំងខ្លួន ការបង្ហាញសមត្ថភាពឱ្យអស់ពីពោះចេញទៅទីសាធារណៈ គឺជាចំណុចខ្សោយរបស់ប្រជាជនខ្មែរជាច្រើន ដោយសារតែភាពអៀន និងខ្លាចគេគិតមិនល្អចំពោះខ្លួនឯង។ ការមិនហានបញ្ចេញ មិនហានអួតនេះហើយ ដែលជារបាំងរាំងស្ទះមួយ ធ្វើឱ្យអ្នកនៅជុំវិញ ដៃគូរសហការ ឬថ្នាក់ដឹកនាំពិបាកនឹងដឹងច្បាស់ថាយើងពូកែអ្វី មានសមត្ថភាពអ្វី ឬចង់ធ្វើអ្វី។ ប៉ុន្តែ អួតត្រង់នេះមិនមែនចង់ជម្រុញឱ្យអួតលើសការពិតនោះទេ គឺគ្រាន់តែជាការអួតនូវអ្វីដែលយើងមាន (អួតវិជ្ជមាន និងមិនមែនអួតទ្រព្យសម្បតិ្តនោះទេ) គឺជាការអួតនូវសមត្ថភាព អួតនូវវិជ្ជាជីវៈ អួតដើម្បីបានឱកាស!
៥ជំហានខាងក្រោមនេះ គឺជាចំណុចងាយៗងាយស្រួលចាំ និងដែលគ្រប់គ្នាគួរអនុវត្តនោះគឺ៖
ការមិនហានបញ្ចេញ មិនហានអួតនេះហើយ ដែលជារបាំងរាំងស្ទះមួយ ធ្វើឱ្យអ្នកនៅជុំវិញ ដៃគូរសហការ ឬថ្នាក់ដឹកនាំពិបាកនឹងដឹងច្បាស់ថាយើងពូកែអ្វី មានសមត្ថភាពអ្វី ឬចង់ធ្វើអ្វី។
១ មានគោលដៅច្បាស់លាស់ និងជាក់លាក់ៈ
តើអ្នកចង់ឱ្យអ្នកនៅជុំវិញខ្លួនអ្នកគិតយ៉ាងណា ឬផ្សារភ្ជាប់ខ្លួនអ្នកទៅនឹងអ្នកអំពីអ្វី? តើអ្នកចង់ឱ្យគេគិតថាអ្នកពូកែអ្វី? ជំនាញអ្វី? តើអាចជួយដល់គេអ្វីខ្លះ (ដោះស្រាយ ឬផ្តល់សេវាកម្ម ។ល។)។
២ ផ្តោតៈ
មិនត្រូវមានគោលដៅច្រើនពេកទេក្នុងពេលតែមួយ ព្យាយាមមានគោលដៅតែមួយ ហើយសម្រេចវាឱ្យបានជាមុនសិន រហូតទាល់តែអ្នកជុំវិញខ្លួនយល់ឃើញ និងមើលឃើញនូវអ្វីដែលអ្នកចង់ឱ្យគេមើលឃើញ។ ឧទាហរណ៍ អ្នកចង់ឱ្យគេគិតថាអ្នកជាអ្នកជំនាញ ឬពូកែខាងរៀបចំយុទ្ធសាស្ត្រទីផ្សារ អ្នកគួរតែផ្តោតបង្ហាញភាពខ្លាំងរបស់អ្នកក្នុងជំនាញនេះ ចៀសវាងចេះគ្រប់មុខក្នុងពេលតែមួយ។ មានមនុស្សជាច្រើន ខំព្យាយាមបង្ហាញថាខ្លួនស្អីក៏ចេះនិងមានជំនាញគ្រប់មុខ តែការបង្ហាញដូចនេះ គឺជាការបង្ហាញឱ្យគេមានអារម្មណ៍ថា គាត់មិនមែនជាអ្នកជំនាញ ហើយធ្វើឱ្យគេមិនទុកចិត្តទៅវិញ ព្រោះថាអ្នកកាន់តែចេះ គេរកអ្នកដែលចេះច្បាស់ មិនមែនរកអ្នកចេះគ្រប់មុខទេ។
៣ បង្ហាញថាអ្នកមានជំនាញពីតប្រាកដៈ
ប្រសិនបើអ្នកចង់ឱ្យគេមើលឃើញថាអ្នកពូកែអ្វី ឬចូលចិត្តអ្វី អ្នកត្រូវបង្ហាញពីសកម្មភាពដែលគាំទ្រនូវគោលដៅនោះ។ ឧទាហរណ៍ដូចជាបង្ហាញពីការសកម្មភាពដោះស្រាយបញ្ហានានា ឬក៏ការបំពាក់បំប៉នសមត្ថភាពឥតឈប់ឈរក្នុងជំនាញដែលអ្នកកំពុងតែអួត។
៤ មានភាពច្នៃប្រឌិត និងប្លែកៈ
ប្រសិនបើអ្នកធ្វើអ្វីដែលប្លែក និងមានភាពច្នៃប្រឌិត ធ្វើឱ្យអ្នកនៅជុំខ្លួនអ្នកឆាប់ចាប់អារម្មណ៍ និងជឿជាក់។
៥ ធ្វើហើយធ្វើទៀតៈ
ជាទូទៅ មុននឹងអាចគេចងចាំ និងមើលឃើញអ្វីដែលអ្នកចង់ឱ្យគេមើលឃើញនោះគឺទាមទារឱ្យមានសកម្មភាពជាប់លាប់ និងមិនតិចជាង៦ខែទៅ១ឆ្នាំនោះទេ។ ដូចនេះ អ្នកគួរតែព្យាយាមបង្ហាញសកម្មភាពគាំទ្រគោលដៅរបស់អ្នកឱ្យបាន៦ខែឡើងទៅ នោះអ្នកនឹងចាប់ផ្តើមឃើញពីលទ្ធផលបណ្តើរៗ