កាន់តែទំនើប ទូរស័ព្ទ iPhone 14 គ្មានរន្ធដាក់ស៊ីមទេ ប៉ុន្តែប្រើស៊ីមឌីជីថលវិញ!

72
កាន់តែទំនើប ទូរស័ព្ទ iPhone 14 គ្មានរន្ធដាក់ស៊ីមទេ ប៉ុន្តែប្រើស៊ីមឌីជីថលវិញ!

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវស៊េរីទូរស័ព្ទថ្មី គឺ iPhone 14 ដែលមានមុខងារថ្មី និងមានលក្ខណៈពិសេសដែលនាំឱ្យអតិថិជនទទួលបាននូវបទពិសោធន៍កាន់តែល្អជាងមុន ដោយក្នុងនោះអ្វីដែលអស្ចារ្យជាងគេ គឺ iPhone 14 គ្មានរន្ធដាក់ស៊ីមឡើយ ដោយប្រើ eSIM មកជំនួសវិញ ប៉ុន្តែ Apple ដាក់ឱ្យប្រើសាកល្បងសម្រាប់តែសហរដ្ឋអាមេរិកសិនប៉ុណ្ណោះ ចំពោះបណ្ដាប្រទេសផ្សេងៗ គឺ iPhone 14 នៅតែផ្ដល់ឱ្យមានរន្ធដាក់ស៊ីមធម្មតា។

eSIM

ការដាក់ឱ្យប្រើប្រាស់សាកល្បង eSIM នៅក្នុងទូរស័ព្ទ iPhone 14 នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Apple គ្រាន់តែចង់ដឹងពីដំណើរការរបស់វា ថាតើអាចត្រូវមានការកែលម្អអ្វីបន្ថែមទៀតដែរឬទេ? បន្ថែមពីនេះ Apple មានគោលបំណង ដើម្បីធ្វើឱ្យអតិថិជនមានបទពិសោធន៍ងាយស្រួលជាងមុនជាមួយសម័យឌីជីថល។ បន្ទាប់ពីដាក់ប្រើសាកល្បងនៅអាមេរិកជោគជ័យ Apple នឹងអាចចាប់ផ្ដើមប្រកាសលក់ជាផ្លូវការទូទាំងពិភពលោកនាពេលខាងមុខមិនខាន លើស៊េរីទូរស័ព្ទដែលមានម៉ូដេលថ្មី ដោយគ្មានរន្ធដាក់ស៊ីម។

eSIM គឺជាស៊ីមឌីជីថលដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដំណើរការគម្រោងនិទ្នន័យចល័តរបស់ខ្លួនដោយមិនចាំបាច់ប្រើប្រាស់ស៊ីមពិត។ ក្នុងនោះអ្នកប្រើប្រាស់អាចដំឡើង eSIM បានប្រាំបី ឬច្រើនជាងនេះនៅលើ iPhone 14 ដោយអាចប្រើលេខទូរស័ព្ទពីរក្នុងពេលតែមួយ ដោយមិនចាំបាច់ដាក់ស៊ីមពិត។

បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏បានលើកឡើងថា eSIM មានសុវត្ថិភាពជាងការប្រើស៊ីមពិត ពីព្រោះវាមិនអាចដកចេញពី iPhone ដែលបាត់ ឬអាចត្រូវបានគេលួចបានឡើយ។ ហើយនេះ ជាបទពិសោធន៍ថ្មី ដែលក្រុមហ៊ុន Apple បានផ្ដល់ជូនអតិថិជន។