ការចាប់ផ្ដើមអាជីវកម្មតាក់ស៊ីគ្មានមនុស្សបើកបរ របស់ Baidu

42

រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តការអនុញ្ញាតសម្រាប់អាជីវកម្មតាក់ស៊ីគ្មានមនុស្សបើកបរ Apollo Go របស់ Baidu ដើម្បីគិតថ្លៃសេវាធ្វើដំណើរនៅក្នុងផ្នែកមួយនៃរដ្ឋធានី។ ដូច្នេះចាប់ពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2021 តទៅ ក្រុមហ៊ុនរបស់ Baidu អាច​ចាប់ផ្តើម​ប្រមូល​ថ្លៃ​ឈ្នួល​បាននៅក្រុងប៉េកាំងនៃប្រទេសចិនរាល់ពេលមនុស្សប្រើសេវាកម្មធ្វើដំណើរជាមួយនឹងរថយន្តតាក់ស៊ីបើកបរដោយខ្លួនឯង។

សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលរដ្ឋធានីនៃប្រទេសចិន បានអនុញ្ញាតឱ្យក្រុមហ៊ុននានាបានគិតថ្លៃសាធារណៈសម្រាប់ការជិះតាក់ស៊ីដែលបើកបរដោយខ្លួនឯង (Robotaxi Rides)។

បើយោងតាមកិច្ចសម្ភាសន៍ជាមួយនឹង​ CNBC ក្រុមហ៊ុនបច្ចេកវិទ្យានេះបានបង្ហាញពីជំហានដ៏សំខាន់មួយចំនួន ដើម្បីបង្កើតអាជីវកម្មតាក់ស៊ីដែលអាចបើកបរដោយខ្លួនឯងឬតាក់ស៊ីគ្មានមនុស្សបើកបរ (Robotaxi)។

ការចាប់ផ្ដើមអាជីវកម្ម Robotaxi របស់ Baidu

តើតាក់ស៊ីគ្មានមនុស្សបើកបរនេះគិតថ្លៃឈ្នួលធ្វើដំណើរប៉ុន្មាន?

ថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2021 ក្រុមហ៊ុន Apollo របស់ Baidu ដែលដំណើរការអាជីវកម្មតាក់ស៊ីដែលបើកបរដោយខ្លួនឯង អាចប្រមូលថ្លៃឈ្នួលធ្វើដំណើរពីអ្នកដំណើរដែលបានជិះរថយន្តវៃឆ្លាតបើកបរដោយខ្លួនឯងមួយនោះក្នុងចំណោម 67 គ្រឿងនៅក្នុងសង្កាត់ Yizhuang ជាយក្រុងប៉េកាំង។ ខណៈពេលដែលក្រុមហ៊ុននេះមិនបានបង្ហាញពីតម្លៃឈ្នួលពិតប្រាកដឡើយ ដោយBaidu បាននិយាយថាតម្លៃឈ្នួលនឹងអាចប្រៀបធៀបជាមួយនឹងតម្លៃថ្លៃជិះរថយន្តកម្រិតបុព្វលាភដែលមានតាមរយៈកម្មវិធី ដូចជា Didi ដែលអាចមានតម្លៃពីរដងច្រើនជាងការជិះធម្មតា។

ចាប់តាំងពីខែតុលា ឆ្នាំ 2020 មកម្ល៉េះ ក្រុមហ៊ុនរបស់ Baidu ក៏បានផ្តល់ការជិះតាក់ស៊ីដែលគ្មានមនុស្សបើកបរដោយឥតគិតថ្លៃនៅក្នុងទីក្រុង Yizhuang ផងដែរ។ រហូតមកដល់ពេលនេះ ភាពថ្មីថ្មោងនៃតាក់ស៊ីបើកបរដោយខ្លួនឯងដោយឥតគិតថ្លៃនេះ បានទាក់ទាញអ្នកប្រើប្រាស់ធម្មតាមួយចំនួននៅក្នុងYizhuang។ លោក Wei Dong អនុប្រធាននិងជាប្រធានផ្នែកប្រតិបត្តិការសន្តិសុខនៅក្រុមអ្នកបើកបរឆ្លាតវៃរបស់Baidu បាននិយាយថា អ្នកប្រើប្រាស់ជាង 20,000 នាក់ ម្នាក់ៗជិះយ៉ាងតិច 10 ដងក្នុងមួយខែ។ វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នឹងបន្តប្រើប្រាស់សេវាកម្មនេះនៅពេលដែលពួកគេត្រូវចំណាយសម្រាប់វា ប៉ុន្តែ Wei មានគោលបំណងដើម្បីទទួលបានរថយន្តរ៉ូបូតចំនួន 100 បន្ថែមទៀតដែលត្រូវបានផ្ទៀងផ្ទាត់ជារៀងរាល់ឆ្នាំ។

ផែនការពង្រីករបស់ Baidu

នាយកប្រតិបត្តិ Baidu លោក Robin Li បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសេវាកម្មតាក់ស៊ីឆ្លាតវៃដែលអាចបើកបរដោយខ្លួនឯង Apollo Go របស់ខ្លួនទៅកាន់ទីក្រុងចំនួន 65 នៅឆ្នាំ 2025 និងដល់ទីក្រុងចំនួន 100 នៅឆ្នាំ 2030។

ក្រុមហ៊ុនក៏បានប្រកាសថា ជំនាន់ក្រោយនៃរថយន្ត robotaxi នឹងមានតម្លៃពាក់កណ្តាលនៃតម្លៃសម្រាប់ការផលិត បើធៀបទៅនឹងជំនាន់មុន។ ម៉ូដែល​ទាំង​នេះ​ត្រូវ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចំនួន​បី ​គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន WM Motor ក្រុមហ៊ុន Aionkh ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត GAC របស់​រដ្ឋ និង​ក្រុមហ៊ុន Arcfox របស់​រដ្ឋ BAIC Group។

លើសពីនេះ ក្រុមហ៊ុន Baidu និង BAIC បានអះអាងថា ពួកគេអាចផលិតរថយន្តគ្មានអ្នកបើកបរបានចំនួន 1,000 គ្រឿងក្នុងតម្លៃ 480,000 យន់ (75,000 ដុល្លារ) ក្នុងមួយគ្រឿង ធៀបនឹងជាមធ្យម 1 លានយន់សម្រាប់រថយន្តស្វយ័តមួយ។

Wei បានចូលរួមជាមួយក្រុម Intelligent Driving Group របស់ Baidu ក្នុងខែឧសភា បន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំនៅ Shouqi Limousine & Chauffeur ជាកន្លែងដែលគាត់ជានាយកប្រតិបត្តិ។ ក្រុមហ៊ុននេះដំណើរការកំណែកម្រិតខ្ពស់នៅ Didi ។ ហើយគាត់បាននិយាយថាយុទ្ធសាស្រ្តរបស់ Baidu សម្រាប់ការកសាងអាជីវកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើកបរ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃបច្ចេកវិទ្យាបើកបរដោយខ្លួនឯង និងកំណត់គោលដៅសម្រាប់សេណារីយ៉ូអ្នកប្រើប្រាស់ជាក់លាក់។

នៅចំពោះមុខអ្នកប្រើប្រាស់ លោក Wei ក៏បាននិយាយថា Apollo នឹងផ្តោតលើមធ្យោបាយដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍លើសពីមធ្យោបាយដឹកជញ្ជូន ដូចជាការបង្ហាញផ្លូវនៃទីក្រុងប៉េកាំងកាលពី 20 ឆ្នាំមុននៅលើកញ្ចក់រថយន្ត ជំនួសឱ្យទិដ្ឋភាពផ្លូវបច្ចុប្បន្ន។

លោកបាននិយាយបន្តថា យុទ្ធសាស្ត្រមួយទៀត គឺការស្វែងរកវិធីប្រើប្រាស់ robotaxi សម្រាប់មុខងារមិនធ្វើដំណើរ ដូចជាកន្លែងសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត ឬបណ្ណាល័យសាធារណៈជាដើម។

ទោះបីជា Apollo គ្រាន់តែជាផ្នែកតូចមួយនៃ Baidu ក៏ដោយ ប៉ុន្តែការអភិវឌ្ឍន៍របស់វាស្របទៅនឹងការប៉ុនប៉ងរបស់ CEO ក្នុងការបញ្ចុះបញ្ចូលអ្នកវិនិយោគអំពីអនាគតរបស់ក្រុមហ៊ុនដែលកាន់តែទូលំទូលាយស្ថិតនៅក្នុងបញ្ញាសិប្បនិម្មិត និងផ្នែកពាក់ព័ន្ធដូចជាការបើកបរដោយស្វ័យភាព។