តើអ្នកធ្លាប់ឮពាក្យDigital Marketingដែរឬទេ? អ្វីទៅជាDigital Marketing? តើគេធ្វើវាដោយរបៀបណា? តើវាពិតជាមានប្រសិទ្ធភាពមែនទេ? ។ល។ ខ្ញុំជឿជាក់ថាអ្នកអានប្រហែលជាចង់យល់ច្បាស់ពីជំនាញDigital Marketingនេះ។ ជួនកាលអ្នកអាចជាអតិថិជនគោលដៅដែលអ្នកទីផ្សារបានប្រើប្រាស់យុទ្ធសាស្រ្តនេះមកលើអ្នកដោយអ្នកមិនបានដឹងខ្លួនផងក៏ថាបាន។ ដើម្បីពង្រីកចំណេះដឹងទាក់ទងនឹងផ្នែកនេះ គំនិតសូមលើកយកអត្ថបទមួយដែលយើងបានសរសេរចេញអំពីការសម្ភាសន៍ជាមួយនឹងអ្នកជំនាញផ្នែកDigital Marketing គឺលោក ហាក់ គីមថុង ដែលជាស្ថាបនិកនៃគេហទំព័រ“គំនិត”និងជានាយកនៃ “Kumnit Creative” ដែលជាស្ថាប័នផ្តល់សេវាកម្មប្រឹក្សាពីយុទ្ធសាស្ត្រទីផ្សារសម័យទំនើប (Digital Marketing)។
អ្វីទៅជាការធ្វើទីផ្សារ (Marketing)? Digital Marketing?
ចំពោះលោកផ្ទាល់លោកយល់ឃើញថា ការធ្វើទីផ្សារគឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីផ្សព្វផ្សាយផលិតផលឬសេវាកម្ម បង្ហាញពីគុណតម្លៃ ធ្វើឲ្យអតិថិជនស្គាល់ និងជឿទុកចិត្ត។ ម្យ៉ាងទៀតការធ្វើទីផ្សារគឺធ្វើឲ្យអតិថិជនមានអារម្មណ៍ថាអាជីវកម្មរបស់យើងគឺប្លែកពីគេ ល្អជាងគេ និងស្ថិតនៅក្នុងជម្រើសរបស់អតិថិជន។ ចំណែកឯការធ្វើយុទ្ធសាស្ត្រទីផ្សារសម័យទំនើប(Digital Marketing)គឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីធ្វើយុទ្ធសាស្រ្តទីផ្សារផ្សាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានភាពទាក់ទាញតាមច្រកផ្សព្វផ្សាយបច្ចេកវិទ្យាផ្សេងៗដូចជា៖
[ad id=”5037″]
- តាមបណ្តាញសង្គម(Facebook Instagram LinkedIn Line…)
- អ៊ីមែល
- គេហទំព័រ
- SMS Marketing
- ការផ្សាយពាណិជ្ជកម្មលើគេហទំព័រ
- SEO(Search Engine Optimization)
- Search Engine Marketing។ល។
ការធ្វើទីផ្សារគឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីផ្សព្វផ្សាយផលិតផលឬសេវាកម្ម បង្ហាញពីគុណតម្លៃ ធ្វើឲ្យអតិថិជនស្គាល់ ជឿទុកចិត្ត និងបញ្ចុះបញ្ចូលឱ្យអតិថិជនជ្រើសរើសផលិតផល ឬសេវាកម្មនោះយកទៅប្រើប្រាស់។
Digital Marketingតម្រូវឲ្យមានទាំងចំណេះដឹងបច្ចេកទេសនិងជំនាញយុទ្ធសាស្ត្រទីផ្សារ។ ជាពិសេសការធ្វើទីផ្សារនៅលើបណ្តាញសង្គម(Facebook Instagram ។ល។) តម្រូវឱ្យមានយុទ្ធសាស្ត្រត្រឹមត្រឹមដើម្បីទាក់ទាញចំណាប់អារម្មណ៍ បញ្ចុះបញ្ចូល ផ្តល់គុណតម្លៃឲ្យអតិថិជនគោលដៅចាប់អារម្មណ៍ស្គាល់និងទិញទំនិញយកទៅប្រើប្រាស់។ វារួមបញ្ចូលទាំងការរៀបគម្រោងថាតើគួរបង្ហោះអ្វីខ្លះ ប្រើប្រាស់រូបភាពបែបណាដើម្បីទាក់ទាញ ប្រើប្រាស់ពាក្យសម្តី ឬឃ្លោងឃ្លាបែបណាដើម្បីឱ្យគេឆាប់ចាប់អារម្មណ៍កំណត់អត្តសញ្ញាណម៉ាកសញ្ញាសម្រាប់ការផ្សព្វផ្សាយ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យគេស្គាល់ម៉ាកសញ្ញា និងគុណតម្លៃម៉ាកសញ្ញាសម្រាប់ភាពជោគជ័យរយៈពេលវែង រៀបចំថតវីដេអូបែបណាដើម្បីឱ្យមានគេមើលច្រើន ឬធ្វើការផ្សព្វផ្សាយដោយការចំណាយលុយបែបណាដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ (ដូចជាការកំណត់គោលដៅអតិថិជន ការប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយកម្រិតខ្ពស់ដែលមាននៅក្នុងបណ្តាញសង្គម)ជាដើម។
ជាក់ស្តែងមានក្រុមហ៊ុន និងអាជីវកម្មតិចតួចប៉ុណ្ណោះដែលម៉ាកយុទ្ធសាស្ត្រល្អនិងត្រឹមត្រូវ។ ភាគច្រើនពួកគាត់យល់ឃើញថា ការបង្ហោះពាក្យស្លោកជោគជ័យនិងភាពជាអ្នកដឹកនាំគឺជាយុទ្ធសាស្ត្រទីផ្សារ។ ប៉ុន្តែអ្វីដែលពួកគាត់ធ្វើមិនបានជួយបង្កើនគុណតម្លៃម៉ាកសញ្ញារបស់គាត់នោះទេ ហើយអតិថិជននឹងមិនស្គាល់គាត់ និងផលិតផលគាត់បានច្បាស់ឡើយ។ មិនតែប៉ុណ្ណោះ វាបានធ្វើឱ្យអតិថិជនមានការភ័ន្តច្រឡំអំពីផលិតផលរបស់គាត់ទៅវិញ។
អតិថិជនបែបណាសក្តិសមឲ្យម្ចាស់អាជីវកម្មប្រើDigital Marketing?
ដូចដែលយើងបានឃើញខាងលើថាការធ្វើយុទ្ធសាស្ត្រទីផ្សារសម័យទំនើបទាមទារឲ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ ហេតុនេះមុននឹងម្ចាស់អាជីវកម្មជ្រើសរើសយកវិធីសាស្ត្រនេះ គេត្រូវសិក្សា ស្រាវជ្រាវ និងស្ទាបស្ទង់ពីអតិថិជនគោលដៅឲ្យបានច្បាស់លាស់ជាមុនសិន។ អតិថិជនគោលដៅខុសៗគ្នានាំឲ្យឥរិយាបថរបស់ពួកគេក៏មិនដូចគ្នាដែរ។ បើពួកគេមិនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទេនោះម្ចាស់អាជីវកម្មក៏មិនគួររើសយកវិធីនេះឡើយ។ ឧទាហរណ៍ថាគាត់មានអាជីវកម្មលក់ជីកសិកម្មនាំឲ្យអតិថិជនគោលដៅរបស់គាត់គឺជាប្រជាកសិករនៅជនបទដែលប្រព័ន្ធអ៊ីនធឺណិតពិបាកទៅដល់នោះDigital Marketing មិនមែនជាច្រកមួយដ៏ល្អទេ។ ប៉ុន្តែបើគាត់មានអាជីវកម្មលក់សម្លៀកបំពាក់សម្រាប់យុវវ័យនោះការប្រើវិធីនេះគឺមានប្រសិទ្ធភាពល្អណាស់។
អត្ថប្រយោជន៍នៃDigital MarketingធៀបនឹងTraditional Marketing
បច្ចុប្បន្នអតិថិជនមានទំនោរទៅរកការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដែលមានអ្នកកំពុងតែប្រើប្រាស់ប្រមាណលើស១ភាគ៣នៃប្រជាជនសរុបនិងបណ្តាញសង្គមប្រហែលជាង៥លាននាក់នៅលើហ្វេសប៊ុកនិងប្រហែល៣លាននាក់នៅលើInstagram។ ចំនួនទាំងនេះគឺមានការកើនឡើងយ៉ាងខ្លាំងនៅប្រមាណ៥ឆ្នាំចុងក្រោយនេះហើយលោកគិតថានឹងមានការកើនឡើងបន្តទៀតទៅថ្ងៃអនាគតព្រោះមនុស្សនឹងនៅជាមួយបច្ចេកវិទ្យាហើយម្នាក់ៗគឺសុទ្ធតែមានSmart Phonesប្រើ។ លក្ខណៈបែបនេះគឺមានអំណោយផលខ្លាំងណាស់។ យ៉ាងណាមិញការធ្វើ Digital Marketingគឺត្រូវការចំណាយលុយតិច មានប្រសិទ្ធភាពល្អ ទៅដល់ដៃអតិថិជនលឿន អាចវាស់ស្ទង់អំពីប្រសិទ្ធភាព អាចផ្សព្វផ្សាយឬបញ្ឈប់ពេលណាក៏បាន អាចជ្រើសរើសអតិថិជនគោលដៅ ភេទស្រីឬប្រុស អាយុ មិនបាច់មានកុងត្រាផ្សព្វផ្សាយជាដើម។ ជាពិសេសវាពិតជាសក្តិសមចំពោះអាជីវកម្មធុនតូចនិងមធ្យមដែលមានដើមទុនតិចតួចដើម្បីផ្សព្វផ្សាយ។ រីឯការផ្សព្វផ្សាយបែប Traditionalដូចជាតាមវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ចែកខិត្តប័ណ្ណជាដើមគឺត្រូវចំណាយប្រាក់ច្រើននិងត្រូវមានកុងត្រាជាក់លាក់ ហើយពិបាកវាស់ស្ទង់ពីប្រសិទ្ធភាពរបស់វា។ ជាពិសេសមានមនុស្សកាន់តែច្រើនទៅៗចំណាយពេលវេលាកាន់តែតិចទៅៗជាមួយនឹងច្រកទាំងនោះ។
ជំនាញគោលសម្រាប់អ្នកទីផ្សារមានអ្វីខ្លះ?
ចំពោះអ្នកទីផ្សារដែលមានបំណងចង់ធ្វើយុទ្ធសាស្ត្រទីផ្សារសម័យទំនើបនេះផងដែរ លោកបានណែនាំឲ្យអ្នកត្រូវមានជំនាញដូចជា៖
- មានចំណេះដឹងផ្នែកយុទ្ធសាស្ត្រទីផ្សារ
- ពូកែសង្កេត សិក្សាស្វែងយល់ពីទីផ្សារ
- ស្រាវជ្រាវ ស្ទាបស្ទង់ពីទំនោររបស់អតិថិជននិងសង្គមសព្វថ្ងៃ
- ចេះបត់បែនតាមអតិថិជនគោលដៅ
- យល់ដឹងពីចិត្តសាស្ត្រមនុស្ស
- សង្កេតពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អាជីវកម្មខ្លួនឯង
- ដឹងច្រើនអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសការធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញសង្គម និងច្រកផ្សព្វផ្សាយនានា។
ជាចុងក្រោយលោកបានណែនាំថា សិស្សនិស្សិត អ្នកទីផ្សារគួរចំណាយពេលដើម្បីអភិវឌ្ឍសមត្ថភាពផ្នែកយុទ្ធសាស្ត្រទីផ្សារសម័យទំនើបនេះដោយសារនៅកម្ពុជា អ្នកជំនាញផ្នែកនេះនៅមានតិចតួចនៅឡើយ។ យ៉ាងណាមិញតម្រូវការជំនាញមួយនេះនឹងមានការកើនឡើងយ៉ាងខ្លាំងដោយសារតែវាជាយុទ្ធសាស្ត្រទីផ្សារដែលគ្រប់អាជីវកម្មទាំងអស់ត្រូវតែមាននាពេលអនាគតដ៏ខ្លីខាងមុខ។