កំណើនកម្តៅផែនដីបណ្តាលមកពីអ្វី?

10926

ឆ្លង​តាម​ការ​សង្កេត​រយៈពេល​១៣០​ចុងក្រោយ​នេះ កម្តៅផែនដី​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បញ្ហានេះគឺមិនមែន​បណ្តាល​មកពី​ការ​វិវត្តន៍​នៃ​ធម្មជាតិ​តែ​មួយ​នោះទេ។ ទោះ​ជា​ការ​ប្រែប្រួល​ដំណើរ​នៃ​ធម្មជាតិ ​ដូច​ជា​សកម្មភាព​ព្រះអាទិត្យដែលជា​កត្តា​មួយ​រួម​ចំណែក​បង្ក​ឲ្យ​មាន​កំណើន​សីតុណ្ហភា​ព​ក៏ពិត​មែន ប៉ុន្តែ​កត្តា​ចំបង​ដែលបង្ក​ឲ្យ​មាន​បាតុភូតនេះ​កើត​ឡើង​គឺជា​សកម្មភាព​មនុស្ស​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាង​ច្រើន​ក្រៃ​លែង។ ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់​អំពី​បញ្ហានេះ​នោះ ក្នុង​អត្ថបទនេះ«គំនិត» នឹងធ្វើការ​បកស្រាយ​អំពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​កណើន​កម្តៅ​ផែនដី​មក​បកស្រាយ​ជូន​ប្រិយមិត្ត។

តើ​កំណើន​កម្តៅ​ផែនដី​គឺជា​អ្វី?

វា​គឺជា​កើនឡើង​កម្តៅផែនដី​យ៉ាង​ ​ ហើយ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ទទួលស្គាល់​ថា​វា​ពិត​ជា​កើតមាន​មែន។  យោងតាម​ក្រុម​ប្រឹក្សាជាតិ​ស្រាវជ្រាវ ​របស់សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ភព​ផែនដី​ ក្នុង​រយៈពេល​៤០០ឆ្នាំ​ចុងក្រោយនេះ ផែន ​មាន​កម្តៅ​ខ្ពស់​ជាង​ពេលណា​ៗទាំង​អស់។ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា សីតុណ្ហភាព​របស់ផែនដី​បាន​កើន​ឡើង​ជា​មធ្យមពី 0,3 ទៅ​ 0,6 អង្សាសេ​នៅក្នុង​សតវត្ស​ចុងក្រោយនេះ។ នេះគឺជា​ការកើន​ឡើង​យ៉ាង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១០០០ឆ្នាំ​ចុងក្រោយ។ សីតុណ្ហភាព​របស់​ផែន​ដី​អាច​នឹង​មាន​ការ​កើនឡើង​ពី​ 1,4 ទៅ 5,8oC នៅ​ចុង​សតវត្ស​ទី​២១​បើយោងទៅតាម​ប្រភព​ដដែល។ បើ​ក្រឡេកមើលទៅ​អំពី​តួរលេខ​នេះ អ្នក​ប្រហែលជា​គិត​ថា​វាគឺជា​ចំនួន​ដ៏​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​តួរលេខ​នេះវា​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើឲ្យ​អាកាសធាតុ​នៅលើ​ផែនដី​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​។ បញ្ហា​កំណើន​កម្តៅ​ផែនដី​ គឺ​បង្ក​ឡើង​ដោយ​កត្តា​ចំបង​ពីរ គឺ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង ​បម្លាសប់ប្តូរ​សកម្មភាព​របស់ព្រះអាទិត្យ​ដែលកើតឡើង​ដោយ​ធម្មជាតិ។

ឧស្ម័នផ្ទះកញ្ចក់

កម្តៅព្រះអាទិត្យ​ត្រូវ​បាន​រាំង​ផ្ទុប​ ហើយ​មិន​អាច​ត្រឡប់ទៅវិញបាន

ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ទៅ​ក្នុង​បរិយាកាសគឺជា​កត្តា​ចំបង​បំផុត​​ដែលបង្ក​ឲ្យមាន​កំណើន​កម្តៅ​ផែនដី។ ឧស្ម័ន​ទាំងនោះ​រួមមាន​ដូចជា​ ឧស្ម័ន​កាបូនឌីអុកស៊ីត(CO2) នីត្រួស​អុកស៊ីត (N2O) CFCs និង​មេតាន។ ការ​បញ្ចេញ​ឧស្ម័ន​ទាំង​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ដូចជា​នៅ​ក្នុង​​កសិកម្ម គេបានប្រើប្រាស់​នីត្រួសអុកស៊ីត​ក្នុង​បរិមានយ៉ាង​ច្រើន​តាម​រយៈការ​ប្រើប្រាស់​ជី។ ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ក្នុង​ឧស្សាហ​កម្ម​ យានយន្ត និង​ឧបករណ៍ផ្សេងៗទៀត​បាន​ធ្វើឲ្យ​បរិមាណ​កាបូន​ឌីអុកស៊ីត​មាន​ការ​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​បរិយាកាស។ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពី​សំណាក់​មនុស្ស​ក៏​​ផ្តល់​នូវ​ផល​ប៉ះពាល់​ផង​ដែរ​ដល់​តុល្យភាព​នៃ​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​បរិយាកាស។ បរិមាណ​កាបូន​ឌីអុកស៊ីត​នឹងមាន​ការ​កើនឡើង​នៅពេល​បរិមាណ​ព្រៃ​ឈើ​មាន​ការ​ថយ​ចុះ ព្រោះ​ថា​ដើមឈើ​គឺជា​ភ្នាក់ងារ​ស្រូប​យក​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទាំង​នោះ​ដោយ​បញ្ចេញ​មក​វិញ​នូវ​អុកស៊ីសែន។

បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែលមាន​នៅ​ក្នុង​បរិយាកាស​បាន​បង្កើត​ឲ្យមាន​បាតុភូត​មួយគឺមាន​ឈ្មោះ​ថា​ ឥទ្ធិពល​ផ្ទះ​កញ្ចក់ (Greenhouse effect)។ ជា​ធម្មតា កាំរស្មី​ព្រះអាទិត្យ​​បាញ់​ឆ្ពោះទៅ​ផែនដី ហើយបន្ទាប់មក​ថាមពល​នេះ​នឹង​ត្រឡប់​ទៅក្នុង​បរិយាកាសវិញ។ ប៉ុន្តែ​ដោយសារ​តែ​វត្តមាន​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ធ្វើឲ្យ​ថាមពល​កំដៅ​ព្រះអាទិត្យ​ត្រូវបាន​រាំង​ផ្ទុបនៅ​ផ្ទៃ​ផែនដីហើយមិនអាច​ត្រឡប់​ទៅ​វិញ​បាន ដែល​បាតុភូត​នេះ ធ្វើ​ឲ្យ​កម្តៅ​ផែនដី​កើនឡើង។ វា​គឺជា​ការ​ចាំបាច់​ដែល​រក្សា​កម្តៅ​ខ្លះ​នៅ​លើ​ផ្ទៃ​ផែនដី​ដើម្បី​ទ្រទ្រង់​ជីវិត​របស់មនុស្ស សត្វ​ និង​រុក្ខជាតិ ប៉ុន្តែ​សកម្មភាព​មនុស្ស​បាន​ធ្វើ​ឲ្យ​​តុល្យភាព​ធម្មជាតិ​មាន​ការ​ប្រែប្រួល​ដោយសារ​តែ​ការរាំង​ផ្ទុប​កម្តៅច្រើន​ពេក​នៅ​លើ​ផែនដី។

កត្តា​ធម្មជាតិ

កាល​ពីអតី​តកាល សីតុណ្ហភាព​ផែនដី​មាន​ការ​ប្រែប្រួល​គួរឲ្យ​កត់​សម្គាល់​ដោយ​មិន​មាន​ការ​ចូលរួម​ពី​សកម្មភាព​មនុស្ស។ ការ​ប្រែប្រួលនេះ​កើត​ឡើង​បណ្តាល​មកពី​ឥទ្ធិពលធម្មជាតិ​ដូចជា បម្លាស់​ប្តូរ​ភាព​ទ្រេត​របស់ផែនដី និង​បម្លាស់​ប្តូរ​កម្រិត​ឧស្ម័ន​ធម្មជាតិ​នៅក្នុង​បរិយាកាស។ បច្ចុប្បន្ន​នេះ បម្លាស់ប្តូរ​ធម្មជាតិ​ដូចជា​សកម្មភាព​ព្រះអាទិត្យ​ និង​កម្រិត​ថាមពល​ព្រះអាទិត្យ​ដែល​ផែនដី​ទទួល​បានក៏ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ផែនដី​កើន​កម្តៅ​ផងដែរ។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ឥទ្ធិពល​ពី​កត្តា​ធម្ម​ជាតិ​ពិត​ជា​មិនអាច​ប្រៀប​ផ្ទឹម​នឹង​ឥទ្ធិពល​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាននោះទេ។

ផលប៉ះពាល់

ប្រសិន​បើ​ឥទ្ធិពល​នៃ​កណើន​កម្តៅ​ផែនដី​នៅតែ​បន្ត ផលប៉ះពាល់​ជាច្រើន​នឹង​កើតមានឡើង។ ផល​ប៉ះពាល់ទាំងនោះ​រួមមានដូចជា​ ការ​ប្រែប្រួល​នៃ​បរិយាកាស និង​ការកើនឡើង​នូវនាវូសមុទ្រដោយសារ​តែ​ទឹកកក​នៅ​តំបន់​ប៉ូល​រលាយ​ជាដើម។ ប្រភេទ​សត្វ និង​រុក្ខជាតិ​ជាច្រើននឹង​មាន​ការ​លំបាក​ក្នុងការ​រស់នៅ​ក្រោមកម្តៅអាកាសធាតុបែបនេះ ដែល​អាច​បណ្តាលឲ្យវាទាំង​នោះផុត​ពូជ​ ហើយមិនតែ​ប៉ុណ្ណោះ​មនុស្សលោក​ក៏​អាច​ ប្រឈម​មុខ​នឹង​ជម្ងឺ​ដង្កាត់​ជាច្រើន។ នៅជុំវិញ​ពិភព​លោក មនុស្ស​ជាច្រើន​បាន​ចាប់​ផ្តើម​យល់​ដឹង​អំពី​ផល​ប៉ះពាល់ ហើយ​ពួកគេ​ខិត​ខំ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​តាមរយៈ​ការ​ប្រើប្រាស់​​​ប្រភព​ថាម​ពល​ដែល​មិន​​បញ្ចេញ​ឧស្ម័ននេះ ឬក៏ក្នុង​បរិមាណ​តិចតួច​។

ឯកសារយោង៖

http://environment.nationalgeographic.com/environment/global-warming/gw-causes

http://solar-center.stanford.edu/sun-on-earth/glob-warm.html

http://www.eoearth.org/article/Global_warming?topic=49491

http://www.nhm.ac.uk/nature-online/environmental-change/what-is-climate-change/climate-change-causes/index.html