កំពូលមហាសេដ្ឋីនៅសហរដ្ឋ​អាមេរិច​កើន​ប្រាក់​៤៨៥ពាន់លានដុល្លារក្នុង​ពេលមាន​វិបត្តិ​កូវីដ១៩

1017

ក្នុងកំឡុងពេលមានវិបត្តិ​​ជម្ងឺឆ្លងរាលដាល​កូវីដ១៩ កំពូលមហា​សេដ្ឋី​នៅ​សហរដ្ឋអាមេរិច​បានកើន​ប្រាក់​​សរុប​ទាំង​អស់​៤៨៤​ពាន់​លានដុល្លារ​ នេះ​បើ​យោងតាម​របាយការណ៍​ទើបចុះផ្សាយថ្មីៗនេះ។

ទិន្នន័យ​ដែលគិត​ចាប់ពី​ពាក់កណ្តាល​ខែ មីនា ដល់​ពាក់កណ្តាលខែ​ឧសភានេះបានបង្ហាញថា មហាសេដ្ឋីដែល​មានទ្រព្យ​ស្តុកស្តម្ភ​គឺទទួលបាន​ផលចំណេញពី​វិបត្តិនេះ។

កំពូល​មហាសេដ្ឋីទាំង​៥​ដូចជាលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison កើនទ្រព្យ​សរុប​ចំនួន​៧៥.៥ពាន់លានដុល្លារ ដែលស្មើរនឹង​១៩%​នៃ​កំណើន​សរុប​របស់មហាសេដ្ឋីទាំង នេះបើយោងតាមរបាយការណ៍របស់​ American for Tax Fairness និង Institute of Policy Studies’ Program for Inequality.

លោក Mark Zuckerberg ដែលជា​ស្ថាបនិកបណ្តាញសង្គមដ៏មានប្រជាប្រិយ Facebook បានកើនទ្រព្យ​២៥ពាន់លាន​ដុល្លារ ក្នុងខណៈពេលដែល​លោក Jeff Bezos ស្ថាបនិកវេទិការលក់ទំនិញអនឡាញ Amazon កើន​៣៤.៦ពានលានដុល្លារ។

លោក Elon Musk ក៏ស្ថិត​ក្នុងចំណោម​កំពូល​មហាសេដ្ឋី​ដែលទទួលបាន​ផលចំណេញ​ខ្ពស់​ផងដែរក្នុង​រយៈពេល២​ខែ​ចុងក្រោយនេះ​ដោយ​ទ្រព្យ​សម្បត្តិ​របស់គាត់បានកើន៤៨% គឺកើនដល់​៣៦ពាន់លានដុល្លារ។

នៅ​ក្នុងខែ​មីនា មហាសេដ្ឋីប្រាក់ពាន់លាន​គឺមាន​៦១៤នាក់​នៅក្នុង​បញ្ជី​ Forbes ហើយ​ចំនួន​នេះបានកើនឡើង​ដល់​៦៣០​នាក់​ក្នុងរយៈពេល២ខែ។

តួរលេខ​បាន​បង្ហាញ​​ និងឆ្លុះបញ្ចាំងអំពី​ការកើនទ្រព្យ​របស់​កំពូល​មហាសេដ្ឋី​នៅក្នុងសម័យកាលកូវីដ១៩ ដែល​ភាគច្រើនគឺមកពី​វិស័យ​បច្ចេកវិទ្យា ខណៈពេលដែល​សេដ្ឋកិច្ចជាទូទៅ​ជួបភាព​លំបាក និងមិន​អាច​ប៉ាន់​ស្មាន​ជាក់លាក់បាន ហើយ​មនុស្សជាច្រើនបានបាត់បង់ការងារធ្វើ។