ប្រទេសចិន គឺជាប្រទេសមួយដែលកំពុងមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសហគ្រិនភាព និងបច្ចេកវិទ្យាទំនើបៗ ដូច្នេះហើយនៅប្រទេសនោះក៏សម្បូរធនធានខ្លាំងៗ និងមានមហាសេដ្ឋីជាច្រើនរូបផងដែរ។ ទោះបីជាយ៉ាងនេះ ក៏មានមហាសេដ្ឋីមួយរូបដែលជាកំពូលមហាសេដ្ឋីលំដាប់លេខ 1 ប្រចាំប្រទេសចិនផងដែរ គឺលោក Zhong Shanshan ដែលមានទ្រព្យសម្បត្តិសុទ្ធសរុប 65 ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2022។ គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិទាំងនេះ គឺទទួលបានប្រភពចំណូលធំបំផុតពីភេសជ្ជៈ និងឱសថ។
លោក Zhong Shanshan គឺជាអ្នកផលិតទឹកដប និងភេសជ្ជៈតែ Nongfu Spring ហើយក៏ជាប្រធាន Beijing Wantai Biological Pharmacy ហើយក៏ជាអ្នកបង្កើតឧបករណ៍ធ្វើតេស្ត Covid-19 និងជាអ្នកគ្រប់គ្រងឱសថស្ថានជីវសាស្ត្រ Beijing Wantai ដែលបានផ្សព្វផ្សាយជាសាធារណៈនៅលើផ្សារហ៊ុននៃក្រុងសៀងហៃ កាលពីខែមេសា ឆ្នាំ 2020។
អ្វីដែលយើងនឹកស្មានមិនដល់នៃរឿងរ៉ាវរបស់លោក Zhong Shanshan គឺមុនពេលដែលលោកចាប់ផ្ដើមអាជីវកម្ម ហើយអាចទទួលបានភាពជោគជ័យក្លាយជាមហាសេដ្ឋីប្រចាំប្រទេសបែបនេះ កាលពីដើមឡើយលោក Zhong ធ្លាប់ធ្វើការងារជាកម្មករសំណង់ ជាអ្នកយកព័ត៌មាន ជាអ្នកកាសែត និងជាភ្នាក់ងារលក់ភេសជ្ជៈ។ ដូច្នេះហើយនៅក្នុងចំណុចនេះ សរបញ្ជាក់ឱ្យបានដឹងថា មុននឹងទទួលបានភាពជោគជ័យក្នុងអាជីវកម្ម លោក Zhong គឺចាប់ផ្ដើមពីចំណុចសូន្យដោយការធ្វើការឱ្យគេ បន្ទាប់មកពង្រឹងសមត្ថភាពដើម្បីចាប់ផ្ដើមយកឱកាសក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន រួមបញ្ចូលជាមួយនឹងការតស៊ូ និងទស្សនវិស័យវែងឆ្ងាយធ្វើឱ្យគាត់អាចក្លាយជាជនគំរូរសម្រាប់សហគ្រិនជាច្រើននាក់ទាំងក្នុងប្រទេស និងពិភពលោក។