កំពូលមហាសេដ្ឋីលំដាប់លេខ1 វ័យ 73 ឆ្នាំ​ នៅប្រទេសជប៉ុន

171
កំពូលមហាសេដ្ឋីលំដាប់លេខ1 វ័យ 73 ឆ្នាំ​ នៅប្រទេសជប៉ុន

ប្រទេសជប៉ុន គឺជាប្រទេសដ៏រីកចម្រើនមួយ ដោយមានការរីកចម្រើនខ្លាំងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម មានវប្បធម៌ដ៏សម្បូរបែប មានអ្នកប្រាជ្ញបច្ចេកទេសច្រើន និងក៏សម្បូរសហគ្រិនឆ្នើមៗផងដែរ។ លើសពីនេះ ជប៉ុន​ក៏បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរ​របស់​ពិភពលោក​អស់​រយៈពេល​ជាង 40 ឆ្នាំផងដែរ ដោយរាប់ចាប់​ពី​ឆ្នាំ 1968 ដល់​ឆ្នាំ 2010។ ទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងប្រទេសមួយនេះ ក៏មានមហាសេដ្ឋីលំដាប់កំពូលមួយរូបប្រចាំប្រទេសផងដែរ ដោយលោកមានឈ្មោះថា Tadashi Yanai ព្រមទាំងមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 26.8 ពាន់លានដុល្លារ ហើយនេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2022 របស់ទស្សនាវដ្ដី Forbes។

Tadashi Yanai

គួរបញ្ជាក់ផងដែរថា Yanai គឺជាប្រធាន និងជាភាគទុនិកដ៏ធំបំផុតរបស់ក្រុមហ៊ុន Fast Retailing ដែលជាអ្នកលក់រាយសម្លៀកបំពាក់ធំជាងគេនៅអាស៊ី និងជាមេរបស់ Uniqlo។ Yanai ក៏ចង់ធ្វើ​ឱ្យ​ក្រុមហ៊ុន​របស់​គាត់​ក្លាយ​ជា​អ្នក​លក់​រាយ​ធំ​ជាង​គេ​របស់​ពិភពលោក ដែល​មាន​ន័យ​ថា​វា​នឹង​មាន​ប្រៀប​ជាង H&M និង Inditex ដែលក្រុមហ៊ុនមេ​របស់ Zara ទៀត។ លើសពីនេះ គាត់ក៏ជាម្ចាស់ទីលានវាយកូនហ្គោលចំនួនពីរនៅលើកោះហាវ៉ៃ ឈ្មោះ Maui ផងដែរ។

សកម្មភាព ក៏ដូចជាមហិ្ឆចតាបែបនេះហើយ ទើបធ្វើឱ្យលោក Tadashi Yanai បានក្លាយជាមហាសេដ្ឋីលំដាប់កំពូលប្រចាំប្រទេសជប៉ុន ដោយនៅក្នុងឆ្នាំ 2022 គិតចាប់ពីថ្ងៃ24 ខែមិថុនា គាត់មានប្រៀបជាងមហាសេដ្ឋីកំពូលៗផ្សេងទៀតនៅជប៉ុន រួមមាន៖

  1. Masayoshi Son មានទ្រព្យសម្បត្តិសុទ្ធសរុប 20.9 ពាន់លានដុល្លារ
  2. Takemitsu Takizaki មានទ្រព្យសម្បត្តិសុទ្ធសរុប 18.9ពាន់លានដុល្លារ
  3. Takahisa Takahara មានទ្រព្យសម្បត្តិសុទ្ធសរុប 6.5 ពាន់លានដុល្លារ
  4. Shigenobu Nagamori មានទ្រព្យសម្បត្តិសុទ្ធសរុប 4.5 ពាន់លានដុល្លារ
  5. Hiroshi Mikitani មានទ្រព្យសម្បត្តិសុទ្ធសរុប 3.4 ពាន់លានដុល្លារ