ក្រសួង​អប់រំ បានដាក់បញ្ចូលមុខវិជ្ជាផ្នែក​ហិរញ្ញវត្ថុ ចាប់ពី​ថ្នាក់ទី1 ដល់ថ្នាក់ទី12

113
ក្រសួងអប់រំ បានដាក់បញ្ចូលមុខវិជ្ជាផ្នែកហិរញ្ញវត្ថុ ចាប់ពីថ្នាក់ទី1 ដល់ថ្នាក់ទី12

 កាលពីថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សាកល្បង​ដាក់បញ្ចូល​នូវមុខវិជ្ជា​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ក្នុង​កម្មវិធីសិក្សាចាប់ពីកម្រិតថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ សម្រាប់តែសាលាដែលមានក្នុងខេត្តចំនួន 3 ប៉ុណ្ណោះ គឺ​ខេត្តកំពង់​ចាម ខេត្តកំពត និង​ខេត្តសៀមរាប។ ចំពោះការបញ្ចូលនូវការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានេះ ក្រសួងអប់រំ បានសហការជាមួយធនាគារជាតិនៃកម្ពុជា និង​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើក​កម្ពស់​អក្ខរ​កម្ម​ហិរញ្ញវត្ថុ។ ហើយនេះ បើយោងតាមប្រសាសន៍របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

financial literacy

ចំពោះគោលបំណងនៃការដាក់បញ្ចូលនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ គឺដើម្បី

​​ជួយ​សិស្សានុសិស្សទាំងអស់​ឱ្យមានការអភិវឌ្ឍ​ជាមូលដ្ឋាន​នៃវិជ្ជា​សម្បទា ​បំណិន​សម្បទា និង​ចរិយា​សម្បទា អំពីការ​ខ្ចីប្រាក់ និង​ការ​ផ្តល់​ប្រាក់​កម្ចី ដើម្បី​ផ្លាស់ប្តូរ​អាកប្ប​កិរិយា​របស់​ពួក​គេក្នុង​ការគ្រ​ប់គ្រង​ប្រាក់ផ្ទាល់ខ្លួន។

  ជួយសិស្សានុសិស្សទាំងអស់ឱ្យចេះជ្រើសរើសយកការសម្រេចចិត្តដ៏ត្រឹមត្រូវលើការចាយវាយជាប្រចាំថ្ងៃ ការសន្សំ និងការគ្រប់គ្រងថវិកាផ្ទាល់ខ្លួនបានល្អ ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិត

គួរបញ្ជាក់ផងដែរថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយការសម្រេចចិត្តនៃការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដោយបង្រៀនសាកល្បងដល់សិស្សានុសិស្សនេះ ពិតជាយុទ្ធសាស្រ្តបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏ល្អ ដើម្បីធ្វើឱ្យពួកគេមានការយល់ដឹងអំពីហិរញ្ញវត្ថុតាំងពីក្មេងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការដាក់សាកល្បងដំបូងអាចមិនរលូនដូចនឹងផែនការគ្រោងទុក ប៉ុន្តែយើងជឿជាក់ថា ក្រសួងអប់រំនឹងមានវិធានការ ដើម្បីធ្វើឱ្យការអនុវត្តន៍នេះកាន់តែល្អប្រសើរនាពេលអនាគត។