ក្រុមហ៊ុនមួយណាមានយុទ្ធសាស្ត្រទីផ្សារតាមប្រព័ន្ធឌីជីថលនៅក្នុងឱកាសបុណ្យចូលឆ្នាំប្លែកជាងគេ?

1885

នៅពេលដែល​និយាយ​អំពី​ការប្រើប្រាស់​យុទ្ធសាស្ត្រទីផ្សារ​តាមប្រព័ន្ធ​ឌីជីថល ប្រាកដ​ណាស់​មនុស្ស​ភាគច្រើន​គិត​ទៅដល់​ការប្រើប្រាស់​យុទ្ធសាស្ត្រផ្សព្វផ្សាយ​នៅ​បណ្តាញ​សង្គម​ដូចជា​ Facebook និង​ Instagram ហើយ​សម្រាប់អ្នកមួយចំនួន​បាន​គិតរហូតដល់​ការផ្សព្វ​ផ្សាយ​តាម Youtube ឬ Google ឬតាម Emailជាដើម។

ប៉ុន្តែ​សម្រាប់ម្ចាស់អាជីវកម្ម និង​ក្រុមហ៊ុនភាគច្រើននៅប្រទេសកម្ពជា​នាឱកាស​បុណ្យចូលឆ្នាំ យើងសង្កេតឃើញថា ពួកគាត់បានផ្តោតទៅលើការបង្កើត​មាតិការដើម្បី​បង្ហោះ​លើ Facebook ដែលជា​បណ្តាញ​សង្គម​ធំជាង​គេ និង​ពេញនិយមជាងគេពីសំណាក់​អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។ មាតិការភាគច្រើន​គឺ​ផ្តោតលើការរចនា​រូបភាពជូនពរ​បុណ្យចូលឆ្នាំ​ ហើយ​សម្រាប់ក្រុមហ៊ុនមួយចំនួន​បានចំណាយ​លុយ​បង្កើត​វីដេអូ​ពាណិជ្ជកម្ម​ដែលទាក់ទង​នឹង​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ វីដេអូ​ខ្លះពោរពេញ​ដោយ​ភាពសប្បាយរីករាយ រីឯវីដេអូខ្លះទៀតគឺមាន​បញ្ចូល​អារម្មណ៍រំជួលចិត្ត​ដើម្បី​ទាក់​ទាញ​ប្រជាប្រិយភាព​ពីសំណាក់ប្រើប្រាស់បណ្តាញសង្គម​ឱ្យគេ​ចែករំលែកតគ្នា។

ប៉ុន្តែ​ក្នុង​ចំណោម​ក្រុមហ៊ុន និង​អាជីវកម្មទាំងអស់ ខ្ញុំ​សង្កេត​ឃើញថា ក្រុមហ៊ុន​ភេសជ្ជៈមួយ​ដែលមាន​យុទ្ធសាស្ត្រ​ប្លែកពីគេ និង​ល្អ​ជាង​គេ ដោយគាត់​មិនត្រឹមតែបង្កើត​វីដេអូ ឬរូបភាពជូនពរទេ គឺគាត់​គិត​រហូត​ដល់​ការឧបត្ថម​បង្កើតកម្មវិធីទូរស័ព្ទមួយ​ដែល​មាន​រូប​ត្លុក​តុក្កតាសម្រាប់​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ នោះគឺក្រុមហ៊ុន Pepsi។ហេតុអ្វីខ្ញុំ​និយាយ​ថា​ប្លែក​គេ​ និង​ល្អជាងគេ? ពីព្រោះថា នៅពេលដែលក្រុមហ៊ុន​ផ្សេងៗ​ផ្តោត​តែ​បង្កើត​មាតិការ​ដែល​គេ​ពេញ​និយម​ដូចជា​សារជូនពរ ឬវីដេអូ​ចូលឆ្នាំ ក្រុមហ៊ុន​Pepsi បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​មួយ​ថ្មីគឺ​សហការជាមួយ​នឹង​កម្មវិធី (App) ទូរស័ព្ទ​បង្កើត​ជា​រូប​តុក្កតា​ត្លុក​ពិសេស​សម្រាប់បុណ្យចូលឆ្នាំ​ ដែលអ្នកប្រើប្រាស់អាច​បញ្ចូល​មុខ​របស់គេ​ទៅក្នុង​តុក្កតានោះ ហើយ​អាច​បង្កើត​បានជា​វីដេអូ​ឆៃ​យ៉ាំ និង​កវីដេអូជិះកង់ទៅវត្តដែលមាន​មុខអ្នកប្រើប្រាស់នោះ។

ហេតុអ្វីបានជា​វិធីសាស្ត្រ​ផ្សព្វផ្សាយដ៏ល្អ? ព្រោះថា កម្មវិធីដែលអាច​បង្ហោះជាវីដេអូ​ស្របពេលបុណ្យ​ទាន​បែបនេះ​គឺ​ស្ទើរតែមិនមាន​ទេនៅក្នុង​ពិភព​អាជីវកម្ម​នាសម័យឌីជីថលនេះក្នុង​ប្រទេសកម្ពុជា ហើយ​នៅ​ពេលដែល​មាន​កម្មវិធី​បែបនេះ អ្នកបង្កើត​ពិតណាស់​បាន​ធ្វើឡើង​ដើម្បី​បំពេញចិត្តអ្នកប្រើប្រាស់ដែល​ស៊ី​នឹង​ទ្រឹស្តី​ចិត្ត​សាស្ត្រសង្គម​មួយគឺ Social Currency (ចូលចិត្ត​បង្ហាញអ្វីដែលខ្លួន​មានអារម្មណ៍ថាប្លែក និងអស្ចារ្យ) ហើយរូបភាព​ដែលប្លែក និង​កំប្លុកកំប្លែងបែបនេះ នៅពេលដែលអ្នក​ដទៃ​ឃើញ​ប្រាកដជា​ធ្វើតាម និង​ចែករំលែកតៗគ្នាបង្កើត​បានជា​សកម្មភាពផុសផុល (Viral)នៅក្នុងពិភពបណ្តាញសង្គម ហើយនេះជាអ្វីដែលក្រុមហ៊ុន​នីមួយ​ចង់បាន​នៅលើបណ្តាញសង្គម។ នៅក្នុង​រូបវីដេអូ​នោះ ក៏មាន​បង្កប់​ទឹកក្រូច​ Pepsi នៅគ្រប់ប្រភេទ​វីដេអូទាំងអស់ ដែលជា​វិធីសាស្ត្រ​មួយ​ឱ្យអ្នកប្រើប្រាស់​មានឱកាស​មើលឃើញ​ទឹកក្រូច​ Pepsi កាន់តែច្រើន។

តើPepsiចំណេញអ្វី​ពីរូបទឹកក្រូច​នៅក្នុង​វីដេអូតុក្កតា​នោះ? Pepsi បានចំណេញ​នូវចំនួន​មនុស្ស​កាន់តែច្រើន​ឃើញផលិតផល​របស់ខ្លួន ដែលជា​អ្វីដែល​អ្នកទីផ្សារ​ចង់​បានបំផុត​ ព្រោះថា នៅពេលដែ​លយើង​ឃើញ​កាន់តែច្រើនដង យើង​នឹង​ចងចាំ​ម៉ាកសញ្ញានោះ ហើយ​ក៏ជា​កត្តា​មួយដើម្បី​ឱ្យអតិថិជនសម្រេច​ចិត្តជ្រើស​រើស​ម៉ាកសញ្ញានោះ​លើ​ម៉ាកសញ្ញា​ផ្សេងៗទៀត។

តើអ្នកបានប្រើប្រាស់​កម្មវិធី​បង្កើតវីដែអូ​ចូលឆ្នាំ​ដែរឬទេ?