ក្រុមហ៊ុន BYD របស់ចិន បានយកឈ្នះលើក្រុមហ៊ុន Tesla ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក!

46
ក្រុមហ៊ុន BYD របស់ចិន បានយកឈ្នះលើក្រុមហ៊ុន Tesla ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក!

BYD ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដែលគាំទ្រដោយក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett ព្រមទាំងមានទីតាំងជាគោលនៅទីក្រុង Shenzhen បានវ៉ាដាច់លើក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក តាមរយៈចំនួននៃការលក់រថយន្តថាមពលថ្មីអស់ប្រហែល 641,000 គ្រឿង (NEVs) រួមទាំងរថយន្តអគ្គិសនី និងរថយន្តកូនកាត់ហាយប៊្រីដ​ (hybrids) ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ កើនឡើងជាង 300 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមឯកសារនៃការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ2022 នេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន BYD ក៏កំពុងមានទីផ្សារនៅកម្ពុជាផងដែរ។

បន្ថែមពីនេះ បើធ្វើការប្រៀបធៀបរវាងការលក់ជាមួយក្រុមហ៊ុន Tesla គឺក្រុមហ៊ុន BYD មានប្រៀបជាង ដោយក្រុមហ៊ុន Tesla បានលក់រថយន្តអស់ចំនួនតែ 564,000 គ្រឿងក្នុងឆមាសទី 1 ដែលជាចំនួនកើនឡើងត្រឹមតែ 46 ភាគរយបើធៀបជាមួយនឹងការលក់កាលពីឆ្នាំមុន ដោយលក់អស់ 386,200 គ្រឿងក្នុងរយៈពេលដូចគ្នា។ លើសពីនេះ Tesla បានលក់រថយន្ត និង SUVs ចំនួន 254,695 គ្រឿង ចាប់ពីខែមេសារហូតដល់ដំណាច់ខែមិថុនា ឆ្នាំ2022 នេះ មានការធ្លាក់ចុះ 18 ភាគរយ ដោយសារការផលិត និងការលក់របស់ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅរដ្ឋតិចសាស់ទទួលរងនូវការវាយប្រហារដោយការបិទទីក្រុងសៀងហៃ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ Covid-19 ។

បើយោងតាមរបាយការណ៍ថ្មីៗនេះពី Associated Press លោក Dan Ives អ្នកវិភាគ Wedbush បានប៉ាន់ប្រមាណថា ជាង 40 ភាគរយនៃការលក់របស់ក្រុមហ៊ុន Tesla មកពីប្រទេសចិន ហើយរោងចក្រនៅសៀងហៃផលិតរថយន្តប្រហែល 70,000 គ្រឿង ដែលជាចំនួនតិចជាងរាល់ដង ដោយសារការបិទទីក្រុងអំឡុងពេលដោះស្រាយរឿងវិបត្តិនៃជំងឺកូវីដ-19។ ទទឹមនឹងនេះ ក្រុមហ៊ុន BYD បានបង្កើតនូវម៉ូឌែលរថយន្តជាច្រើន ដូចជារថយន្ត plug-in hybrid ដែលប្រើថ្មធំ បន្ថែមពីលើម៉ាស៊ីនបែបប្រពៃណីសម្រាប់ការធ្វើដំណើរបានរយៈពេលយូរបំផុត ព្រមទាំងក៏ត្រូវបានគេចាត់ទុកថាជាយានជំនិះ “គ្មានការបំភាយ” ក្រោមច្បាប់លក់របស់ប្រទេសចិនទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន BYD បានជ្រើសរើសទីតាំងដ៏ល្អមួយសម្រាប់បង្កើតជារោងចក្រផលិតយានយន្តចំនួនធំៗជាច្រើនទាំងក្នុងតំបន់ និងក្នុងទីក្រុង ដែលសុទ្ធតែជាកន្លែងមិនងាយរងនូវផលប៉ះពាល់ពីជំងឺកូវីដ-19 នៅប្រទេសចិន អំឡុងពេលក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេផ្សេងទៀតរបស់ចិនដូចជា Li Auto, Nio និង Xpeng Motors កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការបិទ Covid-19។