ក្រោយខ្នងនៃភាពជោគជ័យដ៏ធំ របស់អ្នកឧកញ៉ា គិត ម៉េង

69
ក្រោយខ្នងនៃភាពជោគជ័យដ៏ធំ របស់អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ាគិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group ព្រមទាំងជាអ្នកធ្វើជំនួញដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទម្រាំក្លាយបុគ្គលដ៏មានឥទ្ធិពលលើការធ្វើជំនួញនេះ គឺអ្នកឧកញ៉ាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន។ លើសពីការឆ្លងកាត់នូវឧបសគ្គ និងភាពលំបាកទាំងនោះ អ្នកឧកញ៉ាមានរឿងរ៉ាវសម្ងាត់ចំនួន2 ដែលធ្វើឱ្យអ្នកឧកញ៉ាកាន់តែមានកម្លាំងចិត្ត និងខិតខំព្យាយាមអស់ពីសមត្ថភាព ដើម្បីសម្រេចបានជោគជ័យដូចសព្វថ្ងៃនេះ។

រឿងរ៉ាវសម្ងាត់2 នោះ ជាអាថ៍កំបាំងក្រោយខ្នងនៃភាពជោគជ័យដ៏ធំរបស់អ្នកឧកញ៉ា គិត ម៉េង។

1. មាននារីដ៏វៃឆ្លាតនៅក្បែរ

នារីដ៏វៃឆ្លាតនេះ ចង់សំដៅលើភរិយារបស់អ្នកឧកញ៉ាផ្ទាល់។ ភរិយារបស់អ្នកឧកញ៉ា មានឈ្មោះថា លោកជំទាវ ម៉ៅ ចំណាន។ លោកជំទាវ ជាស្រ្តីម្នាក់ដែលតែងតែលើកតម្កើងកិត្តិយសមុខមាត់ស្វាមី ជាឧត្តមភរិយាប្រកបដោយភាពថ្លៃថ្នូរ សមសួនទាំងការស្លៀកពាក់ ចរិតឫកពារដោយគ្មានទាស់ត្រង់ណា។ ថែមទាំងជាម្ដាយដ៏ឆ្នើមមួយរូប និងតែងតែនៅលើកកម្លាំងចិត្ត នៅក្បែរអ្នកឧកញ៉ាជានិច្ចមិនថា ស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។

លោកជំទាវ ជាភរិយាដ៏ល្អដែលទទួលបានក្ដីស្រលាញ់ ភាពពេញចិត្ត ការគោរព និងការឱ្យតម្លៃខ្លាំងបំផុតពីអ្នកឧកញ៉ា។ ហើយក៏ជានារីតែម្នាក់ ដែលនៅជួយជ្រោមជ្រែងពីក្រោយខ្នងនៃភាពជោគជ័យដ៏ធំរបស់អ្នកឧកញ៉ារហូតដល់បច្ចុប្បន្ន។

2. ចាប់ផ្ដើមអាជីវកម្មជាមួយចក្ខុវិស័យច្បាស់លាស់

អ្នកឧកញ៉ា គិត ម៉េង បានធំ​ដឹង​ក្ដី​នៅ​ប្រទេស​អូស្ត្រាលី​ បន្ទាប់​ពីបាន​បាត់បង់​ឪពុក​ម្ដាយ​​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ នៅក្នុងដំណើរឆាកជីវិតរស់នៅអូស្រ្តាលី អ្នកឧកញ៉ាបានជម្នះរាល់ឧបសគ្គនានា មានការតស៊ូខ្លាំងដើម្បីរស់និងសន្សំលុយ ដូចជាដើរចែកសំបុត្រតាមផ្ទះក្រោមអាកាសធាតុត្រជាក់ លាងចាន លាងសម្អាត និងកាត់ស្មៅឱ្យគេជាដើម។ ភាពតស៊ូរបស់អ្នកឧកញ៉ា បានធ្វើឱ្យលោកបានសិក្សាជំនាញផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកានបើរ៉ា(Canberra)។ នៅឆ្នាំ1991 អ្នកឧកញ៉ាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាមួយនឹងចក្ខុវិស័យមួយ គឺ “ជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជា”។ ការវិលត្រឡប់មកកម្ពុជាដំបូង អ្នកឧកញ៉ាបានចាប់ផ្ដើមបើកហាងលក់គ្រឿងសង្ហារឹម ​និង​សម្ភាៈការិយាល័យឱ្យ​អង្គការ​សហប្រជាជាតិនៅកម្ពុជា​(UN) ដោយរួមមានទាំងទិញសិទ្ធិលក់ ​ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ។ ក្រោយមកទៀតអ្នកឧកញ៉ាបានបង្កើតក្រុមហ៊ុន  The Royal Group បានជោគជ័យរហូតនាពេលបច្ចុប្បន្ន និងធ្វើជំនួញជាច្រើនទៀតដែលមានដំណើរការយ៉ាងរលូន រហូតទទួលបានឋានៈជាឧកញ៉ានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងមុខជំនួញរាប់លានដុល្លារ ជាច្រើនផ្នែក រាប់បញ្ចូលទាំងការអភិវឌ្ឍទំនប់ រហូតដល់វិស័យធនាគារ។

“ចក្ខុវិស័យរបស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យមួយដើម្បីសម្រួល ឬធ្វើឱ្យជីវិតអ្នកដទៃប្រសើរឡើង”

សរុបមក ពីក្រោយខ្នងនៃភាពជោគជ័យរបស់អ្នកឧកញ៉ា គិត ម៉េង មាន2 សំខាន់ជាងគេ គឺភរិយា និងការចាប់ផ្ដើមធ្វើអាជីវកម្មជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាបុគ្គលម្នាក់ដែលអាចសម្រេចបាននូវកិច្ចការងារណាមួយនៅក្នុងជីវិត ត្រូវតែជ្រើសរើសនារី ឬបុរសឱ្យបានត្រឹមត្រូវដែលអាចធ្វើជាគូអនាគត និងធ្វើអ្វីមួយត្រូវចាប់ផ្ដើមជាមួយនឹងចក្ខុវិស័យច្បាស់លាស់។