គន្លឹះវិភាគអាកប្បកិរិយារបស់អតិថិជន ដើម្បីធ្វើទីផ្សារបែបឌីជីថលឱ្យល្អ

47
គន្លឹះវិភាគអាកប្បកិរិយារបស់អតិថិជន ដើម្បីធ្វើទីផ្សារបែបឌីជីថលឱ្យល្អ

អាកប្បកិរិយារបស់អតិថិជន សំដៅទៅលើទម្លាប់នៃការទិញរបស់បុគ្គលម្នាក់ៗ រួមទាំងនិន្នាការសង្គម និងកត្តាផ្សេងៗទៀតដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេក្នុងការទិញអ្វីមួយ។

ដូច្នេះដើម្បីអាចធ្វើឱ្យអាជីវកម្មមានអតិថិជនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងងាយស្រួលក្នុងការធ្វើទីផ្សារបែបឌីជីថលឱ្យមានប្រសិទ្ធភាព ត្រូវតែសិក្សាពីអាកប្បកិរិយារបស់អតិថិជន ដើម្បីឈ្វេងយល់ពីទស្សនិកជនគោលដៅ បង្កើតផលិតផល និងការផ្តល់ជូនសេវាកម្មដែលទាក់ទាញបន្ថែមទៀត។

អាកប្បកិរិយារបស់អតិថិជន មិនមែនជាការពិពណ៌នាថាអ្នកណាកំពុងទិញទំនិញនៅក្នុងហាងរបស់អ្នកទេ ប៉ុន្តែផ្ទុយទៅវិញ របៀបដែលពួកគេទិញទំនិញនៅក្នុងហាងរបស់អ្នក ដោយវាយតម្លៃកត្តាសំខាន់ៗដូចជា

  • តើអតិថិជនទិញញឹកញាប់ប៉ុណ្ណា?
  • ប្រភេទផលិតផលដែលពួកគេចូលចិត្តខ្លាំង
  • របៀបដែលពួកគេយល់ឃើញពីទីផ្សារ ការលក់ និងការផ្តល់ជូនសេវាកម្មអតិថិជនរបស់អ្នក។
  • ការយល់ដឹងអំពីព័ត៌មានលម្អិត

ធ្វើបែបនេះ អាចជួយឱ្យអាជីវកម្មរបស់មនុស្សកាន់តែមានទំនាក់ទំនងជាមួយអតិថិជនប្រកបដោយផលិតភាព និងរីករាយបំផុត។

លើសពីនេះ អាកប្បកិរិយារបស់អតិថិជនក៏អាចត្រូវបានជះឥទ្ធិពលដោយកត្តា3ប្រភេទ រួមមាន

  • ផ្ទាល់ខ្លួន (បុគ្គលិកលក្ខណៈ)៖ ត្រង់ចំណុចនេះ ទាមទារឱ្យអ្នកមានការឈ្វេងយល់ពីបុគ្គលិកលក្ខណៈរបស់អតិថិជន ដើម្បីចៀសវាងរាល់ការរៀបចំហាង ឬធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យពួកគេគ្មានការពេញចិត្ត ឬគ្មានភាពសប្បាយរីករាយជាដើម។ លើសពីនេះ អ្នកអាចរៀនសង្កេតពីបុគ្គលិកលក្ខណៈរបស់អតិថិជនម្នាក់ៗដែលបានចូលមកក្រុមហ៊ុនរបស់អ្នក ថាពួកគេមានទឹកមុខបែបណា និងមានអាកប្បកិរិយាបែបណា ដើម្បីសម្របនិងធ្វើឱ្យពួកគេមានភាពសប្បាយជាមួយនឹងការផ្ដល់ជូនរបស់អ្នក។
  • ឆ្លើយតបបែបចិត្តសាស្ត្រ៖ ការឆ្លើយតបផ្នែកចិត្តសាស្រ្តដើរតួនាទីយ៉ាងសំខាន់ក្នុងអាកប្បកិរិយារបស់អតិថិជន ប៉ុន្តែជារឿយៗវាពិបាកក្នុងការទស្សន៍ទាយចិត្តអតិថិជន ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែរិះរកគ្រប់វិធីសាស្រ្តដើម្បីបណ្ដុះបណ្ដាលបុគ្គលិកផ្នែកលក់ឱ្យមានការយល់ដឹង ពីរបៀបឆ្លើយតបបែបចិត្តសាស្រ្តជាមួយនឹងអតិថិជន ពីព្រោះវាអាចជួយលើកកេរ្តិ៍ឈ្មោះក្រុមអ្នកលក់ផ្ទាល់ និងលើកកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ថែមទាំងអាចជួយឱ្យអតិថិជនគ្មានសម្ពាធ កាត់បន្ថយភាពស្មុគស្មាញក្នុងការសម្រេចចិត្តទិញ និងការពារការប៉ះទង្គិចដែលអាចកើតមានជាមួយនឹងអតិថិជនទៀតផង។
  • និន្នាការសង្គម៖ គឺជាឥទ្ធិពលខាងក្រៅដែលអតិថិជនជ្រើសរើសដើម្បីស្តាប់។ ទាំងនេះអាចជាការណែនាំពីមិត្តភ័ក្តិ បទដ្ឋានសង្គម ឬវប្បធម៌ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អតិថិជន។

តើការវិភាគអាកប្បកិរិយាអតិថិជនជាអ្វី?

ការវិភាគអាកប្បកិរិយាអតិថិជន គឺជាការសង្កេតប្រកបដោយគុណភាព និងបរិមាណនៃរបៀបដែលអតិថិជនធ្វើអន្តរកម្មជាមួយក្រុមហ៊ុនរបស់អ្នក។ អតិថិជនត្រូវបានបែងចែកជាលើកដំបូងទៅជាបុគ្គលអ្នកទិញដោយផ្អែកលើលក្ខណៈទូទៅរបស់ពួកគេ។ បន្ទាប់មក ក្រុមនីមួយៗត្រូវបានគេសង្កេតឃើញនៅដំណាក់កាលនៅលើផែនទីធ្វើដំណើរនៃការទិញរបស់អតិថិជន ដើម្បីវិភាគពីរបៀបដែលបុគ្គលនោះមានទំនាក់ទំនងជាមួយក្រុមហ៊ុនរបស់អ្នក។

លើសពីនេះ ការវិភាគអាកប្បកិរិយារបស់អតិថិជន បានផ្តល់

  • ការយល់ដឹងអំពីអថេរផ្សេងៗដែលមានឥទ្ធិពលលើទស្សនិកជន
  • ឱ្យអ្នកនូវគំនិតនៃការជំរុញ អាទិភាព និងវិធីសាស្រ្តក្នុងការសម្រេចចិត្តក្នុងការទិញពីសំណាក់អតិថិជនរបស់អ្នក
  • ការជួយអ្នកឱ្យយល់ពីរបៀបដែលអតិថិជនមានអារម្មណ៍ចំពោះក្រុមហ៊ុនរបស់អ្នក

ហេតុអ្វីបានជាអ្នកគួរតែវិភាគអាកប្បកិរិយារបស់អតិថិជន?

ការវិភាគអាកប្បកិរិយារបស់អ្នកអតិថិជន ជារឿងសំខាន់ណាស់ដែលម្ចាស់អាជីវកម្ម និងក្រុមអ្នកទីផ្សារដែលមិនអាចរំលងបាន ពីព្រោះបើអ្នកអាចស្គាល់ច្បាស់ពីអាកប្បកិរិយារបស់អតិថិជន នោះអាជីវកម្មកាន់តែរីកចម្រើនតាមរយៈការផ្ដល់សេវាកម្មអតិថិជនល្អ និងងាយស្រួលក្នុងការប្រឡូកនៃការធ្វើទីផ្សារបែបឌីជីថលឱ្យទទួលបានលទ្ធផលល្អជាងមុន ថែមទាំងត្រូវជាមួយនឹងតម្រូវការរបស់អតិថិជន លើសពីនេះ អាជីវកម្មរបស់អ្នកកាន់តែមានទីផ្សារទូលំទូលាយ។

បន្ថែមពីនេះ បើយោងតាមគេហទំព័ររបស់ HubSpot បានបង្ហាញពីហេតុផលមួយចំនួនទៀតនៃគុណសម្បត្តិនៃការវិភាគអាកប្បកិរិយារបស់អតិថិជន។

1. ការកំណត់មាតិកាផ្ទាល់ខ្លួន

ការអនុវត្តការវិភាគអាកប្បកិរិយារបស់អតិថិជន គឺកាន់តែមានសារៈសំខាន់សម្រាប់ទាំងក្រុមហ៊ុន B2C និង B2B ។ នេះគឺដោយសារតែតម្រូវការកាន់តែច្រើនឡើងសម្រាប់មាតិកាដែលមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ដែលមានលក្ខណៈពិសេសសម្រាប់អតិថិជននីមួយៗ តាមរយៈការយល់ដឹងពី ចំណង់ចំណូលចិត្ត និងទំនោររបស់អតិថិជនរបស់អ្នក។

2. គុណតម្លៃអតិថិជន

តម្រូវការអាជីវកម្មសំខាន់មួយទៀត គឺសមត្ថភាពក្នុងការទស្សន៍ទាយគុណតម្លៃរួមរបស់អតិថិជនហើយតាមរយៈការកំណត់គោលដៅគុណតម្លៃបែបនេះ អាជីវកម្មរបស់អ្នកអាចទាក់ទាញអតិថិជនដែលស្មោះត្រង់នឹងម៉ាកយីហោរបស់អ្នកកាន់តែច្រើន និងបានមុនដៃគូប្រកួតប្រជែងរបស់អ្នក។

3. ការបង្កើនប្រសិទ្ធភាពមាតិកា

ទិន្នន័យដែលទទួលបានពីការវិភាគឥរិយាបទអតិថិជនរបស់អ្នក បានជួយក្នុងការបង្កើនប្រសិទ្ធភាពយុទ្ធនាការទីផ្សាររបស់អ្នក ហើយអ្នកមិនត្រឹមតែអាចបង្រួមការផ្តោតអារម្មណ៍របស់អ្នកទៅលើផ្នែកដ៏មានតម្លៃបំផុតនៃអតិថិជនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចចូលរួមជាមួយពួកគេនៅក្នុងឆានែលដែលពួកគេចូលចិត្តផងដែរ។ លើសពីនេះ ការវិភាគនេះអាចជួយអ្នកឱ្យប្រាកដថាមាតិកាត្រូវបានផ្សព្វផ្សាយនៅពេលវេលាដ៏មានប្រសិទ្ធភាពបំផុត។

4. ការរក្សាអតិថិជន

មានន័យថា អ្នកអាចទាក់ទាញអតិថិជនដ៏ស្មោះត្រង់បានហើយ ក៏អ្នកអាចរក្សាពួកគេបានយូរអង្វែងបានដែរ។ លើសពីនេះ ការវិភាគអាកប្បកិរិយាអាចជួយក្រុមរបស់អ្នកកាត់បន្ថយភាពច្របូកច្របល់របស់អតិថិជនដោយកំណត់អត្តសញ្ញាណអតិថិជនល្អ និងអាក្រក់។

របៀបវិភាគអាកប្បកិរិយារបស់អតិថិជន

1. បែងចែក ឬចាត់ថ្នាក់ អតិថិជនរបស់អ្នក

ហានដំបូងក្នុងការវិភាគអាកប្បកិរិយាអតិថិជន គឺត្រូវចាត់ថ្នាក់មូលដ្ឋានអតិថិជនរបស់អ្នក ដោយពិចារណាពីលក្ខណៈប្រជាសាស្រ្ត ដូចជាភេទ អាយុ និងទីតាំង ប៉ុន្តែត្រូវប្រាកដថារួមបញ្ចូលទំនោរនៃការចូលរួមដូចជាសកម្មភាពគេហទំព័រ បណ្តាញផ្សព្វផ្សាយដែលពេញចិត្ត និងទម្លាប់ទិញទំនិញតាមអ៊ីនធឺណិតរបស់អតិថិជន។

2. កំណត់អត្ថប្រយោជន៍សំខាន់ៗសម្រាប់ក្រុមនីមួយៗ

ចំពោះបុគ្គលិកម្នាក់ៗរបស់អតិថិជន អាចមានហេតុផលផ្ទាល់ខ្លួនសម្រាប់ជ្រើសរើសអាជីវកម្មរបស់អ្នក ហើយវាជាការចាំបាច់ដើម្បីកំណត់អត្តសញ្ញាណរបស់វា ដូច្នេះត្រូវមើលឱ្យលើសពីផលិតផល ឬសេវាកម្ម ហើយពិចារណាលើកត្តាខាងក្រៅដែលមានឥទ្ធិពលលើការសម្រេចចិត្តទិញរបស់អតិថិជន ដោយគិតអំពីបរិបទនៃតម្រូវការរបស់អតិថិជន ព្រោះវាជាវិធីដ៏ល្អមួយដើម្បីកំណត់កន្លែងដែលអ្នកអាចធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍របស់អតិថិជន។

3. បែងចែកទិន្នន័យបរិមាណ

សំដៅលើ ការទទួលបានព័ត៌មានបរិមាណអំពីអតិថិជនរបស់អ្នក ដោយអ្នកអាចទទួលបានទិន្នន័យនេះ ពី

  • ការទាញយកព័ត៌មានពីប្រភពខាងក្នុង និងខាងក្រៅ ដូចជាពីក្នុងក្រុមហ៊ុន អ្នកអាចទាញស្ថិតិដូចជាទិន្នន័យការជាវប្លក់ ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបាយការណ៍ការប្រើប្រាស់ផលិតផល
  • ការរំលឹកអ្នកប្រើប្រាស់ និងការវិភាគគូប្រជែង

ធ្វើបែបនេះ ដើម្បីទទួលបានព័ត៌មានទូលំទូលាយក្នុងការងាយស្រួលវិភាគអាកប្បកិរិយារបស់អតិថិជន។

4. ប្រៀបធៀបទិន្នន័យបរិមាណ និងគុណភាពរបស់អ្នក

បន្ទាប់ពីអ្នកបានប្រមូលទិន្នន័យរបស់អ្នកហើយ ជំហានបន្ទាប់គឺប្រៀបធៀបទិន្នន័យគុណភាពធៀបនឹងបរិមាណ។ ដើម្បីធ្វើដូច្នេះ សូមចូលទៅកាន់ផែនទីធ្វើដំណើររបស់អតិថិជនរបស់អ្នកដោយប្រើសំណុំទិន្នន័យជាឯកសារយោង។ រកមើលថាតើបុគ្គលណាដែលបានទិញផលិតផលអ្វី? នៅកន្លែងណា? តើ​ពួក​គេ​បាន​ត្រឡប់​មកទិញម្ដងទៀតទេ?

ហើយការប្រៀបធៀបសំណុំទិន្នន័យទាំងពីរធៀបនឹងបទពិសោធន៍របស់អតិថិជន អ្នកអាចអភិវឌ្ឍការយល់ដឹងលម្អិតអំពីដំណើររបស់អតិថិជនរបស់អ្នក។ នៅពេលដែលអ្នកប្រៀបធៀបទិន្នន័យទៅនឹងការធ្វើដំណើររបស់អតិថិជន អ្នកគួរតែអាចជ្រើសរើសនិន្នាការដែលកើតឡើងដដែលៗមួយចំនួន ដោយកត់សម្គាល់អាកប្បកិរិយាពិសេសណាមួយដែលជាក់លាក់ចំពោះប្រភេទអតិថិជន។

5. អនុវត្តការវិភាគរបស់អ្នកទៅ campaign មួយ

ជ្រើសរើសបណ្តាញផ្សព្វផ្សាយដ៏ល្អបំផុតសម្រាប់បុគ្គលនីមួយៗ ហើយទាញយកអត្ថប្រយោជន៍ពីឱកាសដែលអ្នកអាចកំណត់បទពិសោធន៍អតិថិជនផ្ទាល់ខ្លួន។

មុនពេលចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីរបស់អ្នក សូមប្រើការវិភាគរបស់អ្នកដើម្បីកំណត់នូវអ្វីដែលអតិថិជនរបស់អ្នកនឹងគិតអំពីការផ្លាស់ប្តូរទាំងនេះ ដោយពិចារណាវិធីផ្សេងៗដែលអ្នកអាចណែនាំការផ្លាស់ប្តូរដល់អតិថិជនទាំងនេះ ហើយចងចាំថាត្រូវទទួលយកមតិកែលម្អរបស់ពួកគេ។

6. វិភាគលទ្ធផល

នៅពេលដែលអ្នកបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើតេស្ត អ្នកប្រហែលជាចង់ដឹងថាតើការផ្លាស់ប្តូររបស់អ្នកដំណើរការឬអត់? ប្រើរង្វាស់ដូចជា អត្រាបំប្លែង ការចំណាយលើការទិញ និងតម្លៃពេញមួយជីវិតរបស់អតិថិជន ដើម្បីកំណត់ឥទ្ធិពលនៃយុទ្ធនាការដែលបានធ្វើបច្ចុប្បន្នភាពរបស់អ្នក។

លើសពីនេះ វាមានសារៈសំខាន់ណាស់ក្នុងការវិភាគលទ្ធផលរបស់អ្នកជាបន្តបន្ទាប់ ដោយសារបច្ចេកវិទ្យា នយោបាយ និងព្រឹត្តិការណ៍ថ្មីៗមានឥទ្ធិពលលើតម្រូវការអតិថិជនជានិច្ច។ ការពិនិត្យមើលការវិភាគរបស់អ្នកឡើងវិញ ជាញឹកញាប់ធានាថាអ្នកកំពុងចាប់យកនិន្នាការថ្មីដែលលេចឡើងក្នុងដំណើររបស់អតិថិជន។