គុណវិបត្តិនៃការប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃញឹកញាប់ពេក!

75
គុណវិបត្តិនៃការប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃញឹកញាប់ពេក!

ការបញ្ចុះតម្លៃ ជាអ្វីដែលគ្រប់អតិថិជនចង់ទទួលបាន ប៉ុន្តែប្រសិនបើផលិតផលនោះមានការបញ្ចុះតម្លៃញឹកញាប់ពេក វាក៏មិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុនផងដែរ។ ហេតុអ្វី?

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគុណវិបត្តិសំខាន់ចំនួនពីរ ដែលបណ្ដាលមកពីការប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃញឹកញាប់ពេក។

1. ការយល់ឃើញលើគុណភាពផលិតផល

នៅពេលដែលផលិតផលរបស់អ្នកមានការបញ្ចុះតម្លៃញឹកញាប់ពេក នោះអតិថិជននឹងចាប់ផ្ដើមយល់ឃើញថា គុណភាពផលិតផលរបស់អ្នកប្រហែលជាមិនល្អហើយ ឬក៏ប្រហែលជាជិតផុតថ្ងៃកំណត់ផលិតទេដឹង ទើបបានជាមានការបញ្ចុះតម្លៃឥតឈប់ឈរបែបនេះ។

ហេតុដូចនេះ ការបញ្ចុះតម្លៃញឹកញាប់ នឹងធ្វើឱ្យអតិថិជនចាប់ផ្ដើមពិចារណាលើគុណភាពផលិតផល និងចាប់ផ្ដើមគ្មានទំនុកចិត្តលើផលិតផលរបស់អ្នក។

ចូរកុំធ្វើការបញ្ចុះតម្លៃញឹកញាប់ពេក ប៉ុន្តែត្រូវមានការបញ្ចុះតម្លៃទៅតាមរដូវបុណ្យទាន និងមានការបញ្ចុះតម្លៃពិសេសក្នុងឱកាសអ្វីមួយ ដោយធ្វើយ៉ាងណាឱ្យការបញ្ចុះតម្លៃនោះមានភាពពិសេសខ្លាំងសម្រាប់អតិថិជន។

2. ខាតបង់ប្រាក់ចំណេញ

ការបញ្ចុះតម្លៃញឹកញាប់ពេក អាចនឹងធ្វើឱ្យក្រុមហ៊ុនរបស់អ្នកខាតបង់ប្រាក់ចំណេញ ដូច្នេះមុននឹងធ្វើការបញ្ចុះតម្លៃ ចូរកុំបញ្ចុះតម្លៃតាមការនឹកឃើញ តាមអារម្មណ៍ ឬដើម្បីតែប្រកួតប្រជែងគ្នាឱ្យសោះ ប៉ុន្តែត្រូវបញ្ចុះតម្លៃដោយមានកាលកំណត់ជាក់លាក់ និងមានការគណនាបានរួចរាល់។ ធ្វើបែបនេះ ដើម្បីការពារគុណតម្លៃក្រុមហ៊ុន និងចៀសវាងការខាតបង់ប្រាក់ចំណេញក្រុមហ៊ុន។