គំនិតធ្វើទីផ្សារបែបច្នៃប្រឌិតសម្រាប់ផលិតផលឬអាជីវកម្ម

83
គំនិតធ្វើទីផ្សារបែបច្នៃប្រឌិតសម្រាប់ផលិតផលឬអាជីវកម្ម

ការធ្វើទីផ្សារ មានច្រើនវិធីណាស់ ដូច្នេះក៏អាចមានគំនិតច្រើនដូចក្នុងការធ្វើដើម្បីជួយផលិតផលឬក្រុមហ៊ុនឱ្យឆាប់សម្រេចនូវគោលដៅដែលម្ចាស់ក្រុមហ៊ុនចង់ទទួលបាន។ ទោះបីជាយ៉ាងនេះក៏ដោយ ខ្លឹមសារខាងក្រោមនឹងផ្ដល់ជាគំនិតមួយចំនួនក្នុងការធ្វើទីផ្សារបែបច្នៃប្រឌិតសម្រាប់ផលិតផលឬអាជីវកម្ម ដែលអ្នកទីផ្សារ និងម្ចាស់អាជីវកម្មអាចអនុវត្តន៍បាន។

1. បង្កើតកម្មវិធីណែនាំ (Referral Program)

កម្មវិធីណែនាំ (Referral Program) គឺជាយុទ្ធសាស្ត្រទីផ្សារដែលឱ្យអតិថិជនដែលមានស្រាប់ណែនាំបន្តទៅកាន់អតិថិជនថ្មីៗផ្សេងទៀត ដូចជាណែនាំទៅកាន់មិត្តភក្តិ មិត្តរួមការងារ សមាជិកគ្រួសារ និងមនុស្សជុំវិញដែលបានស្គាល់ស្របតាមលក្ខណៈដែលក្រុមហ៊ុនបានកំណត់។

ចំពោះការដែលអាចនាំអតិថិជនថ្មីបានសម្រេច នឹងទទួលបានរង្វាន់ពិសេស ដូចជាការបញ្ចុះតម្លៃ ផ្ដល់ផលិតផលឬសេវាកម្មដោយឥតគិតថ្លៃ និងផ្សេងៗទៀត។

2. ទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពល (Influencers)

ការទំនាក់ទំនងជាមួយបុគ្គលមានឥទ្ធិពល ដើម្បីជួយផ្សព្វផ្សាយអំពីផលិតផលឬក្រុមហ៊ុនរបស់អ្នក ក្នុងគោលបំណងទាក់ទាញចំណាប់អតិថិជន និងបម្លែងពួកគេឱ្យក្លាយជាអតិថិជនដែលបានប្រើប្រាស់លើផលិតផលសេវាកម្មរបស់អ្នក ឬក៏ធ្វើអ្វីមួយស្របតាមការចង់បានរបស់អ្នក។ បន្ថែមពីនេះ ការធ្វើទីផ្សារដោយទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលនេះ អ្នកត្រូវតែជ្រើសរើសបុគ្គលណាដែលសក្តិសមនឹងម៉ាកយីហោរបស់អ្នក និងជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើក្រុមអតិថិជនគោលដៅដែលអ្នកចង់បាន។

3. រៀបចំការប្រកួត និងផ្ដល់ជារង្វាន់

អ្នកអាចរៀបចំការប្រកួតគ្នាលើការឆ្លើយសំណួរ ឬអ្វីផ្សេងទៀតនៅលើបណ្ដាញសង្គម ដើម្បីធ្វើឱ្យអតិថិជនចាប់ផ្ដើមមានសកម្មភាពចូលរួមជាមួយនឹងអ្នក ដោយក្នុងនោះអ្នកអាចដាក់លក្ខខ័ណ្ឌ ដូចជាចុច Like ផេក ចុច Share បន្ត និង Tag មិត្តភក្តិជាដើម ហើយអ្នកឈ្នះនឹងទទួលបានរង្វាន់។

4. ចែករំលែកនូវមាតិកាអប់រំ

ការបង្កើតមាតិកា ត្រូវតែសមស្របនឹងម៉ាកយីហោអាជីវកម្មរបស់អ្នក និងមានប្រយោជន៍សម្រាប់អតិថិជន ដូចជាចែករំលែកគន្លឹះខ្លីៗ វីដេអូចែករំលែកខ្លីៗ និងធ្វើវីដេអូ infographic ជាដើម ដើម្បីរក្សានូវអតិថិជន ក៏ដូចជាជួយអតិថិជនមានភាពរីករាយ ទទួលបានចំណេះដឹងថ្មី និងបង្កើនសកម្មភាពយ៉ាងសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

5. ផ្សព្វផ្សាយវីដេអូបទពិសោធន៍របស់អតិថិជន (Customer Testimonials)

នៅពេលអតិថិជនបានប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នករួចហើយ អ្នកអាចសុំការអនុញ្ញាតធ្វើវីដេអូចំណាប់អារម្មណ៍លើបទពិសោធន៍ដែលពួកគេមានចំពោះផលិតផលសេវាកម្មរបស់ក្រុមហ៊ុនរបស់អ្នក ដើម្បីបង្ហាញទៅកាន់អតិថិជនផ្សេងទៀត ក្នុងគោលបំណងទាញអតិថិជនថ្មីៗ និងបង្កើនទំនុកចិត្តដល់អតិថិជនផ្សេងទៀត។