spot_img
spot_img
Homeអេកូណូម៉ាញចំណាយ និង​ចំណូល (Spending vs. Earning)

ចំណាយ និង​ចំណូល (Spending vs. Earning)

-

អត្ថបទនេះជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកនិពន្ធទៅលើវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្អែកលើតថភាពសង្គម តាមការយល់ឃើញរបស់គាត់ ដោយរំលេចចេញនូវទ្រឹស្ដីសេដ្ឋកិច្ចមួយចំនួន ជាការចែករំលែកដើម្បីបញ្ឆេះការគិតតាមបែបសេដ្ឋកិច្ចសម្រាប់ប្រិយមិត្តទាំងឡាយ តែមិនត្រូវយកធ្វើជាអំនះអំនាងក្នុងការសិក្សាស្រាវជ្រាវឡើយ។

ចំណាយ និងចំណូលគឺដូចគ្នា?

ទស្សនាទានសេដ្ឋកិច្ចមួយក្នុងចំណោមអ្វីដែលខ្ញុំបានរៀនដំបូងបំផុត គឺទាក់ទិននឹងទ្រឹស្តីដែលពិបាកនឹងជឿ ដែលថានៅពេលដែលអ្នកសម្លឹងមើលលើសេដ្ឋកិច្ចទាំងមូលនោះ ចំណាយ និងចំណូលគឺដូចគ្នា (ឬចំណាយ=ចំណូល)។ ពេលនោះ ខ្ញុំគិតក្នុងចិត្តថា៖ «ចុម! វាមិនដែល!»។ ព្រោះថា បើចំណាយស្មើចំណូលមែននោះ ខ្ញុំប្រាកដជាអាចរកចំណូលបានដោយខំប្រឹងចាយឲ្យបានច្រើន! តែដូចជាមិនឡូហ្សិចសោះ!

មិនឡូហ្សិច ព្រោះសម្រាប់បុគ្គលម្នាក់ ចំណាយជាលំហូរចេញនៃសាច់ប្រាក់ ឯចំណូលជាលំហូរចូលនៃសាច់ប្រាក់។ ដូចនេះ ចំណាយខុសពីចំណូល ហើយមិនអាចស្មើដូចគ្នាបានទេ។ មិនអញ្ចឹងអី?

[box fontsize=”22″]ចំណាយរបស់អ្នកស្មើនឹងចំណូលរបស់បុគ្គលម្នាក់ទៀត…[/box]

2015-05-09 19.28.07
ចំណាយលើកាហ្វេរបស់អ្នក ជាចំណូលរបស់ហាងកាហ្វេ និងបុគ្គលិកដែលធ្វើការនៅទីនោះ

ចុះបើយើងកែដំណើរខាងលើបន្តិចវិញ។ បើគេថា ចំណាយរបស់អ្នកស្មើនឹងចំណូលរបស់បុគ្គលម្នាក់ទៀតវិញ តើទំនងជាងមុនដែរឬទេ? គិតទៅទំនងដែរ មែនទេ? ព្រោះ បើអ្នកចាយអស់ ១២.០០០៛ លើកាហ្វេក្រឡុក (ហ្រា្វប៉េ) នៅប្រោន លុយនោះនឹងក្លាយជាចំណូលរបស់ប្រោន ហើយមួយចំណែកនឹងក្លាយជារបស់បុគ្គលិកប្រោនជាក់ជាមិនខាន។ នេះបានន័យថា ចំណាយរបស់អ្នក ទោះបីជាអ្នកចាយលើអ្វីក៏ដោយ ក៏មិនអាចក្លាយជាអាសារបង់នោះដែរ។ វានឹងក្លាយជាចំណូលរបស់បុគ្គលណាម្នាក់ទៀតជាមិនខាន។ បើអញ្ចឹង សេដ្ឋកិច្ចទាំងមូលនឹងមានសភាពល្អ! (ត្រឹមចំណុចនេះចាំបាច់ត្រូវសន្មតថាអ្វីៗផ្សេងទៀតនៅថេរសិន – “ceteris paribus”)

ចំណាយជាមូលដ្ឋានវាស់វែងផលិតផលក្នុងស្រុកសរុប (ផសស)

ដូចបាននិយាយត្រួសៗពីខាងលើ សូមអ្នកចាំថា ចំណាយច្រើនអាចធ្វើឲ្យអ្នកទ័លក្រ តែវាក៏បានជួយអ្នកដទៃ ក៏ព្រោះចំណាយអ្នកនឹងក្លាយជាចំណូលរបស់ពួកគេ។ តាមរយៈនេះហើយ ដែលគេអាចវាស់វែង ផលិតផលក្នុងស្រុកសរុប (ផសស-GDP) បាន។ ដូចទស្សនាទានពីខាងដើម បើមើលរូបភាពទាំងមូលនៃសេដ្ឋកិច្ចមួយ ចំណាយសរុបស្មើនឹងចំណូលសរុប។ ព្រោះជាថ្មីម្ដងទៀត ចំណាយរបស់អ្នក នឹងក្លាយជាចំណូលរបស់អ្នកណាផ្សេងម្នាក់ទៀត។ អញ្ចឹង បើគេរាប់ទាំងចំណាយ និងចំណូលក្នុង ផសស វាមិនហាក់ដូចជារាប់ដល់ទៅពីរដងជាន់គ្នាទៅហើយទេ? ប្រាកដណាស់! ដោយហេតុផលនេះហើយ ទើបនៅពេលគេវាស់វែងទំហំ ផសស គេមើលតែម្ខាងទេ គឺមើលខាងចំណាយ ឬមើលខាងចំណូល។ នោះក៏ដើម្បីជៀសវាងការច្រឡំរាប់ប្រតិបត្តិការដដែលពីរដង។

ត្បឹតត្បៀតចំណាយពេលសេដ្ឋកិច្ចធ្លាក់ចុះមិនល្អប៉ុន្មានឡើយ

received_10205604323341431
ម៉ូដែលលំហូរជុំ

ទស្សនាទានសាមញ្ញមួយនេះ ជាស្នូលនៃ “Paradox of Thrift” អាចប្រែជាភាសាខ្មែរថាជាស្ថានភាពមួយនៃការចាយវាយត្រឹមត្រូវ (សន្សំសំចៃ) ដែលបែរជានាំផលមិនល្អដល់សេដ្ឋកិច្ចទៅវិញ។ នេះជាទស្សនៈមួយដែលថា បើគេនាំគ្នាត្បិតត្បៀតចំណាយនៅពេលសេដ្ឋកិច្ចធ្លាក់ចុះនោះ ចំណាយតិចតួចនឹងនាំឲ្យមានចំណូលតិចតួចដែរ ដែលនៅទីបញ្ចប់សេដ្ឋកិច្ចទាំងមូលនឹងកាន់តែធ្លាក់ចុះអាក្រក់ថែមទៀត។ បាតុភូតនេះអាចពន្យល់បានដោយម៉ូដែលសេដ្ឋកិច្ចមួយហៅថា “Circular Flow” ឬជាភាសាខ្មែរថា «ម៉ូដែលលំហូរជុំ» ដែលបង្ហាញពីលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចមួយ។ ក្នុងទម្រង់ងាយបំផុតនៃម៉ូដែលនេះ លំហូរជុំ ជាលំហូរត្រឡប់ទៅវីញទៅមកនៃសាច់ប្រាក់រវាងអ្នកប្រើប្រាស់ (household) និងអង្គភាពអាជីវកម្ម (firm)។ អ្នកប្រើប្រាស់ (ដែលច្រើនជាបុគ្គលិកធ្វើការ) ទទួលចំណូលជាប្រាក់បៀវត្សពីអង្គភាពអាជីវកម្ម ហើយប្រើប្រាស់ប្រាក់ដែលទទួលបានដើម្បីចំណាយទិញទំនិញ និងសេវាពីអង្គភាពអាជីវកម្មត្រឡប់មកវិញ នោះលុយនេះនឹងក្លាយជាចំណូលរបស់អង្គភាពអាជីវកម្មវិញ។ ត្រឹមនេះអ្នកអាចស្រមៃដល់ដំណើរការនៃលំហូរសាច់ប្រាក់នេះហើយមែនទេ? ហេតុនេះហើយ ទើបពេលណាអ្នកប្រើប្រាស់ ឬសាមញ្ញជនទូទៅចាយកាន់តែតិច និងសន្សំប្រាក់កាន់តែច្រើននោះ លំហូរសាច់ប្រាក់នឹងមានតិចជាងមុន ហើយវានឹងធ្វើឲ្យសេដ្ឋកិច្ចទាំងមូលជួបវិបត្តធ្លាក់ចុះ។

Economist John Maynard Keynes
សេដ្ឋវិទូ ចន មេយណាត ឃេន

ទាំងនេះជាគំនិតដែលបានផ្តល់ភាពល្បីល្បាញទូទាំងសកលដល់ សេដ្ឋវិទូអង់គ្លេសម្នាក់ គឺ លោក ចន ម៉េយណាត ឃេន (John Maynard Keynes)។ លោកត្រូវបានគេប្រសិទ្ធនាមថាជាបិតាសេដ្ឋកិច្ចទំនើបទៀតផង។ លោក ឃេន ជាមនុស្សដែលមានភ្នែកមុតដ៏គួរឲ្យស្ញប់ស្ញែង។ គាត់បានមើលឃើញថា ការធ្លាក់ចុះនៃចំណាយសរុបនៃសេដ្ឋកិច្ចមួយ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនោះ ព្រោះនៅពេលចំណាយធ្លាក់ចុះ ចំណូលក៏ធ្លាក់ចុះ (ដូចពីខាងលើដែលថា ចំណាយ=ចំណូល)។ ដូចនេះ នៅក្នុងមហាវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងទសវត្សឆ្នាំ ១៩៣០ លោក ឃេន បានរិះគន់រដ្ឋាភិបាលចក្រភពអង់គ្លេសយ៉ាងខ្លាំង ព្រោះរដ្ឋាភិបាលប្រទេសនេះ ស្ទាក់ស្ទើរមិនចេញមុខដោះស្រាយវិបត្តិសេដ្ឋកិច្ច ហើយចាំតែរឹតត្បឹតថវិកា។

[box fontsize=”22″]រដ្ឋអាចបញ្ឆេះភ្លើងសេដ្ឋកិច្ចឡើងវិញបានដោយបង្កើនចំណាយ…[/box]

នៅក្នុងសៀវភៅរបស់គាត់ “The General Theory of Employment, Interest and Money” លោក ឃេន ផ្ដល់យោបល់ដល់រដ្ឋាភិបាលលោកឲ្យចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចជាតិ ដោយបង្កើនចំណាយ (ទោះបីជាត្រូវប្រឈមឱនភាពថវិកា) ដើម្បីទ្រទ្រង់លំហូរសាច់ប្រាក់ដែលយើងបាននិយាយពីខាងលើឲ្យនៅដំណើរការ (លំហូរនៃចំណាយ–>ចំណូល–>ចំណា–>ចំណូល…)។ គោលការណ៍នេះហៅថា Expansionary fiscal policy ជាភាសាខ្មែរគឺ គោលនយោបាយបង្កើនសារពើពន្ធ ដែលរដ្ឋចំណាយច្រើនជាងមុន និង/ឬ យកពន្ធតិចជាងមុន។ គាត់ជឿជាក់ថា នៅពេលដែលរដ្ឋបង្កើនចំណាយ ពិភពអាជីវកម្ម និងពាណិជ្ជកម្ម នឹងមានលទ្ធភាពអាចប្រតិបត្តិការឡើងវិញបាន តម្រូវការការងារនឹងកើនឡើងវិញ ហើយប្រជាជនទូទៅនឹងអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវិតរបស់ខ្លួនវិញបានដែរ។ តាមរយៈនេះ យើងឃើញថា រដ្ឋអាចបញ្ឆេះភ្លើងសេដ្ឋកិច្ចឡើងវិញបាន ដោយបង្កើនចំណាយ (ទ្រទ្រង់វដ្តចំណាយ ចំណូល) ដែលអាចជួយស្រោចស្រង់សេដ្ឋកិច្ចដែលជាប់គាំងឲ្យដំណើរការល្អឡើងវិញ។ នេះហើយជាមូលដ្ឋាននៃការអនុវត្តគោលនយោបាយសារពើពន្ធតាមបែប ឃេននីស៊ាន (Keynesian Economics)។

កថាវសាន

ត្រឡប់មកទស្សនាទានដើមវិញ គឺថាការចាយវាយមានសារៈសំខាន់ដូចនឹងការខំប្រឹងប្រែងរកចំណូលដែរ។ សូម្បីតែ កញ្ចក់បង្អួចដែលបែក ដែលតម្រូវឲ្យអ្នកជួលជាងមកប្ដូរវា (ហើយនឹងត្រូវបង់លុយនោះ!) ក៏មិនអាក្រក់សម្រាប់សេដ្ឋកិច្ចដែរ។ ព្រោះថា ប្រសិនបើកញ្ចក់បង្អួចទាំងអស់មិនចេះបែក នោះយើងនឹងបាត់បង់ទីផ្សារការងារមួយចំណែកដែលផលិតកញ្ចក់ដើម្បីប្ដូរ ព្រមទាំងបាត់បង់ជាងប្ដូរកញ្ចក់ដែរ!

[box fontsize=”22″]…ចាយវាយមានសារៈសំខាន់ដូចនឹងការខំប្រឹងប្រែងរកចំណូលដែរ។[/box]

Aeon 1
ការចាយវាយសំខាន់ដូចការរកចំណូលដែរ

ក្នុងអត្ថបទនេះ ខ្ញុំបានលើកឧទាហរណ៍យ៉ាងសាមញ្ញបំផុតជូនលោកអ្នក ដើម្បីលោកអ្នកងាយក្រេបយកបានទស្សនាទាននេះ។ ជីវិតជាក់ស្ដែងមិនងាយដូចនេះទេ។ ហើយទ្រឹស្ដីទាំងឡាយនៃសេដ្ឋកិច្ចក៏មិនល្អឥតខ្ចោះដែរ រួមទាំងទ្រឹស្ដីមួយនេះ។ ប៉ុន្តែវាប្រសើរជាង បើយើងសិក្សាអំពីវាមួយជំហានម្ដង។

នៅអត្ថបទបន្ទាប់ ខ្ញុំនឹងបន្ថែមរសជាតិទៅក្នុងប្រធានបទនេះ ហើយយើងនឹងមើលអំពីផ្នែកម្ខាងទៀតដែលយើងបានទុកមួយឡែក ដោយដាក់បញ្ចូលអថេរថ្មីៗ ដើម្បីធ្វើឲ្យប្រធានបទនេះកាន់តែសាំញ៉ាំ ល្អសម្រាប់អ្នកដែលចង់គិតស៊ីជម្រៅ។

[box type=”note”]អត្ថបទដើមដោយ economind.org តាមរយៈតំណ[/box]

ដារ៉ូ
ដារ៉ូhttps://kumnit.com
ដារ៉ូ ជានិស្សិតបញ្ជប់ការសិក្សាជំនាញរដ្ឋបាលធុរកិច្ចពីបរទេស ជាស្ថាបនិកមួយរូបនៃ «គំនិត» ដែលធ្លាប់មានបទពិសោធន៍ការងារផ្នែកស្រាវជ្រាវទីផ្សារ និងការងារផ្នែកកម្ចីអាជីវកម្ម។ ដារ៉ូ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងមានទស្សនៈយ៉ាងមុតមាំថា ពលរដ្ឋគ្រប់រូបអាចធ្វើឲ្យសង្គមខ្លួនឃើញវឌ្ឍនភាពបាន ដោយប្រឹងប្រែងចូលរួមជ្រោមជ្រែងតាមសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួនរបស់ពួកគេរៀងខ្លួន។ តោងតាមទស្សនៈនេះហើយ ទើប «គំនិត» បានចាប់កំណើតឡើង។ គាត់សង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់គាត់ នឹងអាចផ្ដល់ជាចំណេះ ផ្ដល់ជា «គំនិត» ដល់មិត្តអ្នកអានទាំងអស់គ្នា ព្រមទាំងរួមចំណែកអភិវឌ្ឍសង្គមយើងផង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ